Tuesday, March 11, 2014

នយោបាយរបស់យួនអាណាមក្នុងការធ្វើឲ្យកម្ពុជាក្លាយជាយួន

នយោបាយរបស់យួនអាណាមក្នុងការធ្វើឲ្យកម្ពុជាក្លាយជាយួន
---------------------------------------------------------

បើទោះបីជាយួនអណ្ណាម បានចូលមកត្រួតត្រាអាណាខេត្តរបស់ខ្មែរនៅកម្ពុជាក្រោម សឹងតែទាំងអស់រួចហើយក្តីនៅចុងសតវត្សទី១៨ អធិរាជយួនអណ្ណាម ក៏នៅតែបន្តអនុវត្តនយោបាយអូសទាញព្រះមហាក្សត្រខ្មែរ ឲ្យស្ថិតក្រោមឥទ្ធិពលរបស់គេដដែល ពោល គឺគេមានបំណងធ្វើជាអាណាព្យាបាលរបស់ខ្មែរផ្តាច់មុខតែឯង ព្រោះថា មហិច្ឆតារបស់យួនអណ្ណាម នៅពេលនោះមិនត្រឹមតែចង់បានដែនដីកម្ពុជាក្រោម ប៉ុណ្ណោះទេ គឺគេមានបំណងលេបត្របាក់យកកម្ពុជាទាំងមូលតែម្តង។ ជាក់ស្តែង យួនអណ្ណាម បានព្យាយាមធ្វើឲ្យប្រទេសកម្ពុជាក្លាយជាយួន ក្នុងរជ្ជកាលក្សត្រីអង្គម៉ី ក្សត្រីដែលត្រូវយួនលើកបន្តុបឲ្យសោយរាជ្យស្នងពីព្រះបិតារបស់ព្រះនាង គឺព្រះបាទឧទ័យរាជា ឬព្រះបាទអង្គច័ន្ទ។

ព្រះបាទអង្គច័ន្ទ ត្រូវជាព្រះរាមរបស់ព្រះអង្គស្ងួន ព្រះអង្គអិម និងព្រះអង្គឌួង។ ព្រះអង្គត្រូវបានសៀម ជាអ្នកអភិសេកឲ្យឡើងគ្រងរាជ្យ។ តែក្រោយមក ព្រះអង្គបែរជាងាកមកជិតស្និទ្ធនឹងយួន វិញ បន្ទាប់ពីព្រះអង្គមានវិវាទជាមួយព្រះអនុជ គឺព្រះអង្គស្ងួន ដែលមានសៀម នៅពីក្រោយ។ ព្រះអង្គច័ន្ទ មានបុត្រីចំនួន ៥រូប តែពុំមានបុត្រាឡើយ។ បុត្រីទាំង ៥អង្គនោះ គឺក្សត្រីអង្គប៉ែន ក្សត្រីអង្គម៉ី ក្សត្រីអង្គមុំ ក្សត្រីអង្គពៅ និងក្សត្រីអង្គស្ងួន។

បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យ ត្រឹង ងា បានសរសេរថា នៅពេលដែលព្រះបាទអង្គច័ន្ទ ចូលទិវង្គតនៅឆ្នាំ១៨៣៤ ស្ដេចយួន ឈ្មោះ មិញម៉ាង (Ming Mang) ដែលជារាជបុត្រសោយរាជ្យស្នងព្រះចៅ យ៉ាឡុង (Gia Long) បានបញ្ជូនមន្ត្រីយួន ឈ្មោះ អុង ខាំម៉ាង (Ong Kham Mang) ឲ្យនាំគ្រឿងបណ្ណាការមកកម្ពុជា ជួយក្នុងពិធីបុណ្យព្រះបរមសព ហើយមន្ត្រីយួន នេះ ក៏ត្រូវមានបេសកកម្មជ្រើសរើសក្សត្រថ្មីឲ្យឡើងសោយរាជ្យបន្តទៀតដែរ។ ឯកសារដដែលសរសេរថា តាមពិត មន្ត្រីយួន រូបនេះ បានទទួលបញ្ជាពីស្ដេច មិញ ម៉ាង ថាត្រូវលើកក្សត្រីអង្គម៉ី រួចហើយ ប៉ុន្តែដើម្បីជាការបិទបាំងកុំឲ្យគេដឹងពីបំណងពិតរបស់ស្ដេចយួន លោក អុង ខាំម៉ាង ក៏បានធ្វើការប្រឹក្សាសួរយោបល់មន្ត្រីខ្មែរ ហើយបានបញ្ជាក់ប្រាប់មន្ត្រីខ្មែរថា ត្រូវជៀសវាងកុំលើកក្សត្រទាំងឡាយណាដែលបានភៀសព្រះកាយទៅខាងសៀម រួមមានព្រះអង្គអិម និងព្រះអង្គឌួង ជាដើម និងត្រូវជៀសវាងលើកក្សត្រីអង្គប៉ែន ដែលជាបុត្រីច្បងរបស់ព្រះបាទអង្គច័ន្ទ ព្រោះបុត្រីអង្គនេះមានព្រះមាតាជាអ្នកស្និទ្ធស្នាលនឹងសៀម។ ក្រោយឡើងសោយរាជ្យរួច ក្សត្រីអង្គម៉ី ត្រូវយួន ផ្តល់ព្រះនាមថា បាកុងជួ (Ba Cong Chua) ឬ ង៉ុក វឹង កុង ជួ (Ngoc Van Cong Chua)។

ចំពោះការជ្រើសរើសក្សត្រីអង្គម៉ី ឲ្យឡើងសោយរាជ្យនេះ លោក ដេវីឌ ឆាណ្ឌល័រ (David Chandler) អ្នកប្រវត្តិសាស្ត្រជនជាតិអាមេរិក។ លោកបានសរសេរក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរលោកថា ប្រការសំខាន់ដែលយួន ជ្រើសរើសក្សត្រីអង្គម៉ី ឲ្យឡើងសោយរាជ្យនោះ គឺយួនអណ្ណាម គេមានបំណងធ្វើកំណែទម្រង់ផ្នែករដ្ឋបាលលើស្រុកខ្មែរ ដែលគេបានរៀបចំទុកមកហើយ។ លោកថា សេចក្តីសម្រេចចិត្តផ្នែករដ្ឋបាលប្រចាំថ្ងៃនោះ រាប់បញ្ចូលទាំងការតែងតាំងមន្ត្រី ការគ្រប់គ្រងលើប្រាក់បៀវត្សរ៍ កិច្ចការយោធា និងការគ្រប់គ្រងផលស្រូវជាដើម ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់យួន ទាំងស្រុង។

លោក ឆាណ្ឌល័រ សរសេរបន្តថា ក្រុងវ៉េ ក៏បានបញ្ជូនមន្ត្រីយួន ចំនួន ១៦នាក់ ស្មៀន ៧០នាក់ និងចាងហ្វាងសាលារៀន ១០នាក់មកភ្នំពេញ ដើម្បីបង្កើតក្រុមបង្គោលនៃរចនាសម្ព័ន្ធមួយសម្រាប់រដ្ឋបាលនោះ។

ចំណែក លោក អាដេម៉ារ ឡឺក្លែរ (Adhemard Le Clere) អតីតរ៉េស៊ីដង់បារាំង នៅកម្ពុជា។ លោកបានលើកឡើងក្នុងសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា របស់លោកថា អ្នកដែលមានគំនិតមិនចង់ឲ្យក្សត្រីអង្គម៉ី ឡើងសោយរាជ្យ មិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិធីជ្រើសរើសនោះឡើយ។ ចំណែកឯរាស្ត្រខ្មែរវិញ អស់កម្លាំងនឿយណាយនឹងសង្គ្រាម និងចង់បានសន្តិភាពណាស់ តែមិនបានគិតដល់ថា ព្រះមហាក្សត្រីដែលទើបឡើងសោយរាជ្យនេះ នឹងគ្មានឥទ្ធិពល ហើយក៏មិនបានដឹងថា មេទ័ពអណ្ណាមដែលនៅពីក្រោយព្រះនាងសុទ្ធតែមានអំណាចខ្លាំងណាស់ ហើយអាចបញ្ជាលើរាល់មន្ត្រីខ្មែរបាន។ លោក ឡឺក្លែរ សរសេរបន្តថា ការដែលស្ដេចយួន រៀបចំឲ្យក្សត្រីអង្គម៉ី ឡើងសោយរាជ្យ គឺគ្រាន់តែដើម្បីទម្លាប់ប្រជាពលរដ្ឋខ្មែរឲ្យស៊ាំនឹងភាពគ្មានស្ដេចសោយរាជ្យ ឬឲ្យបំភ្លេចព្រះរាជវង្សានុវង្សចោលប៉ុណ្ណោះ។

លោក ឡឺក្លែរ លើកឡើងថា ក្នុងរជ្ជកាលក្សត្រីអង្គម៉ី នេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវគ្រប់គ្រងដោយមន្ត្រីអណ្ណាម ៣នាក់ គឺ ទ្រឿង មិញយ៉ាង (Truong Ming Dang) ផាម វ៉ានឌាន (Pham Van Dian) និង ត្រាន់ វ៉ាន់ណាង (Tran Van Nang) ដែលមកនៅដឹកនាំប្រទេសកម្ពុជា ដោយមានជំនួយពីរដ្ឋមន្ត្រី និងចៅហ្វាយខេត្តខ្មែរជាច្រើននាក់។ លោកថា មន្ត្រីអណ្ណាម នៅពេលនោះ បានបង្ខំឲ្យមន្ត្រីខ្មែរទាំងអស់ស្លៀកសម្លៀកបំពាក់តាមរបៀបអណ្ណាម ឲ្យបួងសក់ និងផ្តល់ឋានៈឲ្យតាមរបៀបអណ្ណាម ហើយបានដាក់មន្ត្រីយួន ម្នាក់នៅជាប់នឹងចៅហ្វាយខេត្តកម្ពុជា ដើម្បីត្រួតពិនិត្យលើរាល់សកម្មភាពផង និងដឹកនាំការងាររដ្ឋបាលផង។

សៀវភៅប្រវត្តិសាស្ត្រខ្មែរខ្លះទៀត មានដូចជា ជនជាតិខ្មែរ បានលើកឡើងថា ក្នុងរជ្ជកាលក្សត្រីអង្គម៉ី រាល់កិច្ចការប្រទេសជាតិទាំងអស់ ត្រូវឋិតក្នុងកណ្ដាប់ដៃមន្ត្រីយួន។ ក្រៅពីបង្ខំមន្ត្រីខ្មែរឲ្យស្លៀកពាក់ និងធ្វើតាមទម្លាប់រាជវាំងក្រុងវ៉េ យួន ក៏បានធ្វើអំពើប្រឆាំងនឹងព្រះពុទ្ធសាសនាខ្មែរដែរ។ ពួកគេកាប់រំលំដើមពោធិ៍ គាស់រំលើងចេតិយ បណ្ដេញព្រះសង្ឃចេញពីវត្ត វាយកម្ទេចព្រះពុទ្ធរូប និងសម្លាប់មន្ត្រីខ្មែរណាដែលបានជួយ ឬនៅខាងសៀម។ លើសពីនេះ ពួកគេក៏បានធ្វើបាបរាស្ត្រខ្មែរណាដែលបន់ស្រន់សុំឲ្យព្រះអង្គអិម និងព្រះអង្គឌួង បានវិលត្រឡប់មកសោយរាជ្យនៅកម្ពុជា វិញ។

ចំណែកនៅឯដែនដីកម្ពុជាក្រោម ឯណោះវិញ ប្រមុខខេត្តព្រះត្រពាំង ឧកញ៉ា សឺន គុយ ឬចៅហ្វាយគុយ បានតស៊ូស្វិតស្វាញនឹងការឈ្លានពានរបស់ទ័ពយួនអណ្ណាម និងប្រឆាំងចំពោះការព្យាយាមរបស់យួន ក្នុងការលុបបំបាត់អត្តសញ្ញាណរបស់ខ្មែរនៅដែនដីកម្ពុជាក្រោម ទាំងមូល។ ឧកញ៉ា សឺន គុយ មានសហការីចំនួន ៥នាក់ គឺភូឈួយគង់ លោក ម៉ឺនឯក លោក តាម៉ង់ លោក ទេសាសោម និងលោក មនោរស់។ តែក្រោយមក ភូឈូយគង់ បានក្បត់ចូលដៃជាមួយយួន ហើយយកការសម្ងាត់ទៅប្រាប់មេបញ្ជាការយួន ឈ្មោះ អុងឡូវ (Ong Lov) ដែលស្ដេច មិញម៉ាង (Ming Mang) បញ្ជាមកឲ្យកម្ចាត់ឧកញ៉ា សឺន គុយ។ អំពើក្បត់របស់ ភូឈួយគង់ បានធ្វើឲ្យសហការីជំនិតរបស់ឧកញ៉ា សឺន គុយ បានបាត់បង់ជីវិតជាបន្តបន្ទាប់។ លោកតា ម៉ង់ បានស្លាប់ដោយភាពអាថ៌កំបាំងនៅខាងកើតវត្តផ្នោដូង ក្នុងខេត្តព្រះត្រពាំង ទេសាសោម ត្រូវយួន ព័ទ្ធចាប់សម្លាប់ចោល ចំណែក លោក ម៉ឺនឯក វិញ ដឹងថា ភូឈួយគង់ ជាមនុស្សក្បត់ដែលបានធ្វើឲ្យតាម៉ង់ និងទេសាសោម ស្លាប់ ប៉ុន្តែមិនមានភស្តុតាង ហើយក៏មិនហ៊ានប្រាប់ឧកញ៉ា សឺន គុយ តែប្រហែលជាតូចចិត្តនឹងខ្លួនឯងមិនអាចធ្វើអ្វី ភូឈួយគង់ កើត ក៏បានភៀសខ្លួនទៅខេត្តឃ្លាំង តែម្តងទៅ។

ចំណែកឧកញ៉ា សឺន គុយ វិញ បើទោះជា ភូឈួយគង់ បានក្បត់ និងសហការីរបស់លោកមួយចំនួនបានស្លាប់ក្តី ក៏មេទ័ពយួន អុងឡូវ មិនអាចចាប់ខ្លួនលោកបានដែរ។ ឯកសារប្រវត្តិសាស្ត្រខ្មែរក្រោមបានលើកឡើងថា ដោយមិនអាចចាប់ខ្លួនឧកញ៉ា សឺន គុយ បាន មេទ័ពយួន អុងឡូវ បានបញ្ជាឲ្យកូនចៅរបស់គេដើរកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ខំឲ្យលោកឧកញ៉ាចេញសារភាពប្រគល់ខ្លួនឲ្យគេ។ ពួកគេស្រែកថា គេនឹងបញ្ចប់សកម្មភាពកាប់សម្លាប់ខ្មែរតទៅទៀត លុះណាតែឧកញ៉ា សឺន គុយ យកជីវិតមកប្ដូរ។

ស្របពេលជាមួយគ្នានោះដែរ ស្ដេចយួន មិញ ម៉ាង ក៏បានចេញបញ្ជាឲ្យព្រះសង្ឃខ្មែរត្រូវស្លៀកពាក់តាមរបៀបលោកសង្ឃយួន ត្រូវកោរសក់ទុកចិញ្ចើម ត្រូវឆាន់បាយល្ងាច ត្រូវស្លៀកខោ ត្រូវពាក់អាវផាយកត្រង់ ពណ៌ឈាមជ្រូក និងពេលសូត្រធម៌ត្រូវគោះត្រឡោក។ ចំណែករាស្ត្រខ្មែរទាំងប្រុសទាំងស្រីវិញ ត្រូវទុកសក់វែងឲ្យដល់ចង្កេះ ហើយត្រូវបួងជាកំប៉ោយឲ្យបានគ្រប់គ្នា។

ទីបំផុត ដើម្បីកុំឲ្យរាស្ត្រខ្មែរត្រូវទ័ពរបស់ អុងឡូវ ធ្វើបាប និងកាប់សម្លាប់តទៅទៀត និងដើម្បីរក្សាអត្តសញ្ញាណរបស់ខ្មែរឲ្យឋិតនៅគង់វង្ស ឧកញ៉ា សឺន គុយ ក៏បានសម្រេចចិត្តចូលប្រគល់ខ្លួនឲ្យយួន។ តែមុននឹងប្រគល់ខ្លួនឲ្យយួន សម្លាប់ លោកបានឲ្យមេទ័ពយួន ដើរប្រកាសប្រាប់ពលរដ្ឋខ្មែរថា ពួកគេនឹងមិនបន្តសកម្មភាពកាប់សម្លាប់ពលរដ្ឋខ្មែរទៀតទេ ហើយបញ្ជាដែលស្ដេច មិញ ម៉ាង ដាក់ឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរអនុវត្តនោះ ក៏ត្រូវដកចេញវិញដែរ។ មេទ័ពយួន អុងឡូវ បានទទួលយកសំណូមពរនេះ។ បន្ទាប់មក ឧកញ៉ា សឺន គុយ បានប្រគល់ខ្លួនឲ្យយួន។ លោកត្រូវបានយួន បញ្ជូនខ្លួនទៅកាត់កនៅមុខមហាជនខ្មែរ នៅទីរួមខេត្តព្រះត្រពាំង។

ឯកសារខ្លះ ដូចជាសៀវភៅប្រវត្តិចៅហ្វាយ គុយ ដែលរៀបរៀងដោយ លោក កែវ សុវត្ថិ នៅឆ្នាំ១៩៧១ បានលើកឡើងថា ក្រោយពេលឧកញ៉ា សឺន គុយ ត្រូវបានយួន សម្លាប់ ព្រះសង្ឃ និងពលរដ្ឋខ្មែរបានស្នើមេទ័ពយួនយកសាកសពរបស់លោកទៅធ្វើបុណ្យនៅវត្តពោធិសាលរាជ ហៅវត្តកំពង់ ដែលស្ថិតនៅទីរួមខេត្តព្រះត្រពាំង ចំនួន ៧យប់ ៧ថ្ងៃ។ ក្រោយមក សពរបស់លោកត្រូវបានបញ្ចុះក្នុងចេតិយនៃវត្តពោធិសាលរាជ នេះតែម្តង។ ចេតិយនេះ សព្វថ្ងៃមានត្រឹមតែខឿនប៉ុណ្ណោះ ស្ថិតនៅខាងកើតឆៀងខាងជើងព្រះវិហារ ក្បែរខ្លោងទ្វារខាងកើតវត្ត។

និយាយពី ភូឈួយគង់ ជនក្បត់នោះវិញ មេទ័ពយួន អុងឡូវ មិនត្រឹមតែមិនដឹងគុណ និងមិនប្រគល់តំណែងចៅហ្វាយខេត្តព្រះត្រពាំង ឲ្យនោះទេ នៅទីបញ្ចប់ ជនក្បត់នេះក៏ត្រូវបានមេទ័ពយួន សម្លាប់ចោលដោយកាត់កទម្លាក់ពីលើស្មា នៅក្នុងពិធីជប់លៀងមួយជាមួយកងទ័ពយួន ដែលកំពុងផឹកស៊ីសប្បាយ ដើម្បីអបអរចំពោះមរណភាពរបស់ឧកញ៉ា សឺន គុយ៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks