Sunday, December 20, 2015

ចំណងជើងសៀវភៅ « ព្រះរស់ »

ចំណងជើងសៀវភៅ « ព្រះរស់ » 
 ខ្លឹមសារពិរោះ ឈ្មោះល្បាញល្បី 
បរិយាយគុណព្រះកោសិយ 
គឺមាតាបិតាបុត្រថ្លៃ ។ 

ស្នាដៃអ្នកប្រាជ្ញ បញ្ញវន្តសង្ឃ 
បុព្វជិតគ្រងស្បង់ក្នុងសម័យ 
សង្គមរាស្រ្តនិយមប្រុសស្រី 
កេរ្តិ៍ឈ្មោះល្បាញល្បី ទសវត្សរ៍ចិត ។ (១៩៧០)

 គឺអ្នកនិពន្ធនាម « សុង ស៊ីវ » 
មានងារ « ព្រះឧត្តមលិខិត » 
វិជ្ជាជ្រាលជ្រៅច្បាស់លំអិត
 បាលីសំស្ក្រឹត វប្បធម៌ខ្មែរ ។ 

ស្រុកកំណើតលោក « ខេត្តសៀមរាប » 
ខ្ញុំសូមជម្រាបបងប្អូនខ្មែរ 
ស្នាដៃនិពន្ធច្រើនក្រាស់ក្រែល
 ខ្លឹមសារជ្រៅដែល តែងាយយល់ ។ 

 ទឹកដៃសំណេរជ្រៅជ្រះណាស់ 
សម្រាយខ្មែរច្បាស់ លោកពន្យល់ 
ដូចសៀវភៅ « ព្រះរស់ » ងាយយល់
 ខ្លឹមសារពន្យល់ ប្រៀបសាសនា ។ 

ហើយចុះប៉ុណ្ណឹង ខ្ញុំសូមលា 
ប្រិយមិត្តមីងមា ញាតិខេមរា 
មិនបានលំអិតប្រវត្តិការណ៍ 
បញ្ញវន្តសាសនា នាម « សុង ស៊ីវ » ។

 បើចង់ដឹងច្បាស់ ប្រវត្តិលោក 
ស្វែងរកស្នាដៃមកសិក្សា
 មកអានបង្កើនកើតប្រាជ្ញា 
បញ្ញវន្តខេមរាពុទ្ធសាសនា ។
 ===================== 
១១ ធ្នូ ២០១៥ ផេង វិសុដ្ឋារ៉ាមុនី
 ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks