ព្រះរាជពីធីច្រត់ព្រះនង្គ័ល
------------------------------
ប្រភពបុរេអង្គរ និង អត្ថន័យ របស់ ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម
ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ ឯវាលព្រះ មេរុ ស្ថិតនៅពីខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ នេះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។
ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ
ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ
យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ប្រភពឥណ្ឌា នៃ ព្រះរាជពិធីនេះ អាចគូសបញ្ជាក់ប្រាប់យើងតាមរយៈ រឿងរាមាយណៈឥណ្ឌា និងរឿងរាមកេរ្តិ៍៑ខ្មែរ ដែលជាភស្តុតាងប្រវត្តិសាស្ត្រមួយ កាត់ថ្លៃពុំបានឡើយ ។ រាល់ការបកស្រាយខុសពីនេះ គឺជាការភាន់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរ ហើយវាក៏មានលក្ខណៈបញ្ច្រាសពីប្រវត្តិសាស្ត្រពិតផងដែរ ។
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀតប្រចាំឆ្នាំ ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជាយើង ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។
ចំណាស់នៃព្រះរាជពិធីនេះក៏អាចបញ្ជាក់យ៉ាងច្បាស់ តាមរយៈវិស័យបដិមាសាស្ត្របុរាណខ្មែរ ដូចជាចម្លាក់នានានៅសម័យបុរេអង្គរ និង អង្គរ មានដូចជារូបសំណាក តំណាងព្រះរាម កាន់ព្រះនង្គ័ល នៅនឹងដៃ ដែលគេហៅថាពលរាម ឬរាមទេព ។ យើងសូមរំលឹកថា ចម្លាក់ពលរាមនេះ ត្រូវបានគេរកឃើញនៅ បាតប្រាសាទភ្នំដា ស្ថិតក្នុងអំឡុងសតវត្សរ៍ទី ៥-៦ នៃគ្រិស្តសរាជ ហើយសព្វថ្ងៃនេះ កំពុងស្ថិតក្រោមការថែរក្សា នៅក្នុងសារមន្ទីរជាតិនៅក្នុងទីក្រុងភ្នំពេញ ។ ចម្លាក់របស់ព្រះអាទិទេពខាងលើនេះក៏ត្រូវបានគេឆ្លាក់ នៅលើក្បាច់ហោជាង នៃប្រាសាទបន្ទាយស្រី ដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ៩៦៧ នៃគ្រិស្តសករាជដែរ ។ ទាំងនេះជាឯកសារ ប្រយោល នៃ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល យ៉ាងប្រក្សត្រ ។
សេចក្តីកត់សម្គាល់ខាងលើនេះមិនបានធ្វើឲ្យអ្នកបុរាណវិទ្យា យើងភ្ញាក់ផ្អើលនោះ ទេ ។ ពីព្រោះលទ្ធិព្រហ្មញ្ញសាសនា ដែលបានចាក់ឫសគល់យ៉ាងជ្រៅទៅហើយនៅ ក្នុងព្រះរាជាណាចក្រនគរភ្នំ (ហ្វូណន) ប្រមាណជា ២.០០០ ឆ្នាំមកហើយនោះ បាននាំមកនូវប្រពៃណីពីឥណ្ឌា ដែលពាក់ព័ន្ធទៅនឹងវិស័យសាសនា និងរបបគ្រប់គ្រងរៀបចំប្រទេសតាមបែបរាជាធិបតេយ្យ ៘ ប្រពៃណីបែបឥណ្ឌានិយមទាំងនោះក៏បានក្លាយទៅជាប្រពៃណីខ្មែរសុទ្ធសាធ ដោយមានការវិវឌ្ឍន៍បន្តិចម្តងៗ តាមផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន ។
សេចក្តីដែលបានអះអាងខាងលើនេះជាសក្ខីកម្មមួយ ចង្អុលបង្ហាញនូវឥទ្ធិពលនៃលទ្ធិព្រហ្មញ្ញសាសនា និងពិធីកម្មមួយចំនួនបែបព្រាហ្មណ៍និយមរបស់ឥណ្ឌាលើសង្គមខ្មែរយើង ។
នៅក្នុងសម័យបុរេអង្គរ ឬអង្គរ ជាពិសេសក្រោយមកនៅសម័យឧដុង្គ គេឃើញព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ដែនដីនៃកម្ពុជរដ្ឋ ទ្រង់ប្រារព្ធព្រះរាជពិធីដ៏សំខាន់ខាងលើនេះផ្ទាល់ហើយមុនគេនៅក្នុងខែពិសាខ គឺក្នុងពេលដែលភ្លៀងចាប់ផ្តើមធ្លាក់តិចៗ ជាបណ្តើរៗលើប្រថពី ។ ថ្វីត្បិតតែការប្រារព្ធពិធីនេះគ្រាន់តែជានិមិត្តរូបក៏ពិត មែន (ពីព្រោះព្រះរាជាយាងច្រត់ព្រះនង្គ័លតែបីជុំនៅលើវាលព្រះស្រែតែប៉ុណ្ណោះ) ក៏ប៉ុន្តែពិធីនេះបង្កប់ទៅដោយនូវអត្ថន័យយ៉ាងស៊ីជម្រៅគួរឲ្យចាប់អារម្មណ៍ក្រៃលែង ។
ប្រការនេះបានរំលឹកអំពីទឹកព្រះទ័យរបស់ហ្លួងក្នុងវិស័យកសិកម្ម ។ការណ៍ដែលព្រះមហាក្សត្រខ្មែរ ឬក៏តំណាងព្រះរាជា(ស្តេចមាឃ) និងព្រះអគ្គមហេសី(នាងមេហួ)បើករដូវភ្ជួរស្រែចម្ការមុនគេបង្អស់នោះ វាគឺជាការបង្ហាញនូវការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លា របស់ទ្រង់លើវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់ជាតិ។ទោះ បីជាត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះក៏ដោយ វត្តមានរបស់គំនូរខ្មែរមួយចំនួននាសម័យបុរេអង្គរ(សម័យចេនឡា) ដែលគេបានឆ្លាក់លើកុលាលភាជន៍មានរូបព្រះរាជាកំពុងភ្ជួរស្រែ ក៏ស្ថិតក្នុងបរិបទវប្បធម៌បែបព្រាហ្មញ្ញសាសនាដែរ។ ទាំងនេះជាទិន្នន័យប្រយោលស្តីពីនិរន្តរភាពនៃពិធីបុណ្យច្រត់ព្រះន័ង្គលរបស់ជនជាតិខ្មែរ ដែលគេមិនអាចបដិសេធបានជាដាច់ខាត ។ ម្យ៉ាងវិញទៀតគេក៏ជ្រាបផងដែរថា ទាំងទម្លាប់ ទាំងគំនូរបុរាណ ពោលគឺសិល្បៈក្នុងសង្គមខ្មែរ ដែលត្រូវបានផលិត ឬសូន្យឡើងនោះ គឺសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងជំនឿសាសនា ដែលមានទំនៀមទម្លាប់ប្រជាប្រិយជាគ្រឹះដ៏រឹងមាំ ។
ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវដឹងទៀតថា ជំនឿប្រជាប្រិយខ្មែរ រមែងតែងតែសង្កត់ ធ្ងន់លើលក្ខណៈវិសេសវិសាលរបស់ព្រះរាជាខ្មែរ ដែលប្រកបដោយអច្ឆរិយភាព ។ ឈរលើទស្សនៈនេះ អ្នកស្រុកភូមិដែលជាកសិករជឿថា ព្រះរាជាមានលទ្ធភាព និង បញ្ជាលើធម្មជាតិ តាមអំណាចស័ក្តិសិទ្ធិ ដែលទ្រង់មានដើម្បីនាំមកនូវភោគផលដ៏ជាទីប្រសើរបំផុត ។ ក្នុងន័យនេះការដែលព្រះមហាក្សត្រខ្មែរ ដែលជាមហាបុរសរដ្ឋភ្ជួរស្រែមុនដំបូងគេ ឬបើនិយាយម្យ៉ាងទៀតការដែលព្រះអង្គប្រកាសបើកពិធីដាស្រូវមាន ន័យថា ព្រះអង្គនឹងធ្វើឲ្យធញ្ញជាតិលូតលាស់មានផ្លែផ្កា ។ នោះគឺជាអ្វីមួយ ដែលជាសេចក្តីត្រូវការ និងសង្ឃឹមរបស់សង្គមមនុស្ស ។
តាមពិតទៅការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ ’ស្តេច” ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ ។ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ច នោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង ។ ដូច្នេះយើងឃើញថា បើពិធីកសិកម្មខាងលើនេះមានការខកខានប្រាកដជាផលដំណាំនឹងខ្សត់ខ្សោយ រហូតដល់ទីបំផុត ប្រជានុរាស្ត្រក៏ត្រូវដាច់បាយក្រហាយទឹក ពុំខានឡើយ។
សរុបសេចក្តីមកខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច ’ស្តេច” ហាក់ដូចជាមានលក្ខណៈចាស់ជាងជំនឿបែបឥណ្ឌានិយម ។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថាទោះការអនុវត្តន៍ពិធីនោះប្រកបដោយលក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា ។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម ។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរកវឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រងទឹក ៕F (ម.ត្រាណេ)
ភស្តុតាង នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ពីបុរាណកាល
ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។
នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។
មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យ ក្រុងនគរធំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លសង្ខេប
នៅថ្ងៃទី១រោច ២រោច និង៣រោចខែពិសាខ ចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។
ថ្ងៃទី៤រោចខែពិសាខចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះអង្គនិងភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។
គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។
មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិសបូព៌មួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
* រោងទិសបូព៌ ជាមុខងារសេនាបតីទី១រៀបធ្វើ
* រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២រៀបធ្វើ
* រោងទិសនិរតី ជាមុខងារសេនាបតីទី៣រៀបធ្វើ
* រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤រៀបធ្វើ
ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។
ការរៀបចំមុនថ្ងៃច្រត់ព្រះនង្គ័ល
សែនក្រុងព្រះពលី ជាការបូជាដល់ស្ដេចនៃពួកទេត្យឈ្មោះពលីហៅថា សែនក្រុងពលី ឬពលិការក្រុងពលី។
នៅថ្ងៃ១រោចវេលារសៀលរវាងខាងដើមយាម៦ គឺម៉ោង៥ មុនពេលធ្វើហោមពិធី ព្រហ្មណ៍អម្បាលនោះប្រជុំគ្នារៀបសែនក្រុងពលី និងព្រះភូមិនាងគង្ហីង ព្រះធរណី ដែលគេនិយមហៅថា ម្ចាស់ទឹកម្ចាស់ដីនៅត្រង់រវាងកណ្ដាលព្រះស្រែដើម្បីសុំទឹកដី ធ្វើការ។
ឯរណ្ដាប់សែនក្រុងពលី មានកំណត់ចំនួនដូច្នោះគឺ ជម៤ អង្ករមួយសៀន ឬមួយផ្ដិល សណ្ដែក ល្ង១កន្ទោង ទៀនធំ១ ប្រាក់១បាត (សម័យនោះប្រើប្រាក់មួយរៀល) សំពត់ស្លៀកពាក់១សម្រាប់គឺសំពត់ស្លៀក១ អាវ១ ក្រមា១ ទឹកអប់១គូ ស្លាបារី១គូ (ពីរជើងពាន) ចម្អាប១ថាស បង្អែម១ថាស ទឹក១ផ្ដិល កន្ទេល១ ខ្នើយ១ និងមានពែមួយរួត១ (គេហៅថាពែក្រុងពលី) ទំហំ១ហត្ថ៥ធ្នាប់បួនជ្រុងស្មើ ហើយមានពែមូលមួយតូចដាក់ត្រង់កណ្ដាល ពែធំនេះជាសម្រាប់ក្រុងពលីពែច្រមុះជ្រូក៤ ដាក់ត្រង់ជ្រុងទាំង៤ នៃពែធំជាសម្រាប់ព្រះភូមិ និងនាងគង្ហីងព្រះធរណី។
វេលាសែនគេយកកន្ទេលដែលពោលខាងលើនេះមកក្រាល យកខ្នើយដាក់នៅក្បាលរមូរកន្ទេល ហើយយកគ្រឿងសំណែនទាំងអស់នេះរៀបចំដាក់លើកន្ទេល មានក្លស់មួយបាំងពីលើនៅខាងត្បូងទីសែននោះមានជីករណ្ដៅ៤ជ្រុង ជម្រៅ១ចំអាមទំហំល្មមចុះពែដែលពោលមក។ ខណៈនោះពួកព្រាហ្មណ៍ជួបជុំរៀបសែន ព្រាហ្មណ៍ជាអធិបតីយកទៀន៤អុជបិទនៅជ្រុងពែទាំង៤ តាំងនមោ៣បទ ហើយសូត្របូជាថា បទុមុត្តរោ ច បុញ្វាយំ អត្តនិយេ ច រេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ។
សូត្រចប់ហើយចាប់គ្រឿងសំណែនគ្រប់មុខដាក់នៅក្នុងពែ ហើយលើកពែដាក់ទៅក្នុងរណ្ដៅជាការសម្រេចកិច្ច (បើខ្នើតដាក់ពែផ្ងារក្នុងរណ្ដៅ បើខាងរនោចគេដាក់ពែផ្កាប់ក្នុងរណ្ដៅ)។
ត្រណមរបស់ព្រាហ្មណ៍
ពួកព្រាហ្មណ៍តាមធម្មតាតែងកាន់ត្រណមវៀរចាកបរិភោគសាច់សត្វជំពូក ខ្លះរហូតអស់ជីវិតដូចមានកំណត់ក្នុងសាស្ត្រាច្បាប់ព្រះកេតុមាលាគឺ សាច់គោ រមាំង ឈ្លូស ប្រើស ក្របីឃ្លៀច ជ្រូកស្រុក ក្រពើ ទន្សង មាន់ស្រុក ពស់ កង្កែប ក្ដាម អន្ទង់ ត្រីទីពោ ត្រីក្រាយ ត្រីសណ្ដាយ ត្រីផ្ទក់ លៀស ខ្ចៅ គ្រំ។ តែព្រហ្មណ៍ស្រុកខ្មែរក្នុងសម័យនេះឃើញដូចជាមិនសូវកាន់តឹងតាម វិន័យនេះប៉ុន្មានទេ។
ក្នុងឱកាសចូលហោមពិធីត្រូវកាន់តែត្រណមតឹងធម្មតា គឺកាន់សីលវៀរមេថុនធម្ម រៀរបរិភោគសាច់សព្វគ្រប់ជំពូក កំណត់ឲ្យបរិភោគបាយលាយនឹងល្ងលីង សណ្ដែកលីង អំបិលលីង សម្លសាបដែលស្លដោយត្រឡាច ល្ពៅជាបន្លែដាក់ខ្ទិះដូងនិងស្ករបន្តិចផង សម្ដេចឥសីភទ្ធាធិបតី (ម៉ាំង) ថា បើស្លឲ្យត្រូវមែនទែនត្រូវលាយមីសួ និងពពុះសណ្ដែកផង។ លុះចេញពីពិធីហើយទើបបរិភោគអាហារធម្មតាបាន។
គ្រឿងស៊ីព្រត(ស៊ីបួស)របស់ព្រហ្មណ៍
ពួកព្រាហ្មណ៍អ្នកធ្វើហោមពិធីត្រូវបានទទួលគ្រឿងស៊ីព្រត(ស៊ីបួស)តាមលទ្ធិព្រាហ្មណ៍គឺដូងទុំ១៥ផ្លែ សណ្ដែកបាយ១០នាឡិ ល្ង១០នាឡិ ស្ករស១០នាទ្បិ តែ៥កញ្ចប់ ហើយនិងជើងក្រាន (ដីដុត) ៥ទៀត។ របស់អម្បាលនេះព្រាហ្មណ៍តែងបើកអំពីឃ្លាំង ហើយបែងជា៥ភាគស្មើគ្នា ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់ធ្វើបរិភោគដូចមានពោលមកខាងលើ។
រណ្ដាប់ពលិការទេវរូបក្នុងរោងពិធី
ក្រោយពេលសែនក្រុងពលីរួចហើយ វេលាព្រលប់ដល់ពេលត្រូវពលិការបូជាទេវរូបក្នុងរោងពិធី ព្រាហ្មណ៍បុរោហិតនិមន្តព្រះបញ្ចក្សេត្រ(ទេវរូបផ្សេងៗ)ទៅតាំងនៅក្នុងរោងពិធីទាំង៥ន្លើ ហើយនឹងធ្វើកិច្ចបូជាតាមទំនៀមដូចមានក្នុងព្រះរាជកំណត់(កម្មវិធី)ដូច្នេះ។
រោងទិសបូព៌ត្រូវព្រាហ្មណ៍ព្រះរាជគ្រូនិមន្តព្រះកច្ចាយនៈទៅតាំង និងធ្វើហោមពិធី។
រោងទិសអាគ្នេយ៍ត្រូវព្រះព្រហ្មាធិរាជនិមន្តព្រះនារាយណ៍ទៅតាំង និងធ្វើហោមពិធី។
រោងទិសនិរតីត្រូវព្រះជយាធិបតីនិមន្តព្រះចន្ទទៅតាំង និងធ្វើហោមពិធី។
រោងទិសពាយ័ព្យត្រូវព្រះមិន្ធរ(មហេធរ) និមន្តព្រះឥសូរទៅតាំង និងធ្វើហោមពិធី។
រោងទិសឦសានត្រូវព្រះធម្មរាជនិមន្តព្រះភក្ខណេស(ពិឃណេស)ទៅតាំងនិងធ្វើហោមពិធី។
ការរៀបចំនៅថ្ងៃច្រត់ព្រះនង្គ័ល
អ្នកតំណាងព្រះអង្គក្នុងការច្រត់ព្រះនង្គ័លកាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯងឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។
ការតែងខ្លួនអ្នកតំណាងព្រះអង្គ របៀបតែងខ្លួនបែបបុរាណមានរបៀបដូចម្ដេចខ្លះ មិនដែលប្រទះតម្រារាយការណ៍ទុក សព្វគ្រប់ទេតែបើពោលចំពោះប្រការដែលសំខាន់ៗតាមមតិរបស់អ្នករៀបរៀងថា អ្នកតំណាងព្រះអង្គនោះតែងខ្លួនពេញយស សមស័ក្ដិជាអ្នកតំណាងព្រះអង្គ គឺតែងបែបព្រះរាជវង្សជាន់ខ្ពស់។ ក្នុងការតែងខ្លួននេះ ជាងារគ្រូស្រីល្ខោនព្រះរាជទ្រព្យ រៀបចំតែងឲ្យគ្រឿងតែងខ្លួន និងគ្រឿងដែលពួកបរិពារប្រុស ស្រី កាន់ហែទាំងប៉ុន្មានជារបស់ព្រះរាជទ្រព្យ។
អ្នកតំណាងព្រះអង្គ(ស្ដេចមេឃ) តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
ស្លៀកសំពត់សារបាប់ពណ៌លឿងទុំសំឡុយ
ពាក់អាវសាបាប់លឿងទុំ
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។
ឯចំណែកជំទាវ(មេហួ) ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះ ៖
ពាក់សំពត់សារបាប់ សំឡុយ
ពាក់អាវប្រែបំពង់វែង ពណ៌លឿងទុំ
ពានាក្រមាព្រែ ពណ៌លឿងបៃតង
ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ជញ្ចៀនក្បាលទទេឥតមានពាក់អ្វី។
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិះសករាជ១៩០៥ថា ៖
ស្លៀកពាក់ហូលមានជរ
ពានាផាហ៊ុម ខាងក្នុង ស្បៃសារបាប់ខាងក្រៅ។
មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖
ស្លៀកពាក់សារបាប់សំឡុយ
ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
ពាក់ស្បៃឆៀងដូចកូនល្ខោន
និងប្រដាប់មាសពេជ្រដូចពោលហើយ។
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។
របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។
ការច្រត់ព្រះនង្គ័លការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃនិងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។
លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌។
ការផ្សងគោឧសភរាជលំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោ ឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាងដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ ក៏ឯទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។
លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត(ជាទីតាំងព្រះកច្ជាយនទេវរូប នោះពួកបាគូក៏ចូលផ្លុំស័ង្ខព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័ល ហើយ៕
ប្រភពឯកសារ៖
ខេមបូឌាអិចបេ្រសញូស៍៖ ប្រភពបុរេអង្គរ និងអត្ថន័យរបស់ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម
កែវចាន់បូរណ៍៖ច្រត់ព្រះនង្គ័ល
Kqube.COM៖ច្រត់ព្រះនង្គ័ល
No comments:
Post a Comment