Tuesday, September 30, 2014

ឧស្សាហកម្ម​លោហៈ មាស និង ​ប្រាក់ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​

ឧស្សាហកម្ម​លោហៈ មាស និង ​ប្រាក់ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​
-----------------------------------------------------------------------
​មាស​ត្រូវបាន​អ្នកស្រុក​ចាត់ទុកថា ជា​វត្ថុ​សក្តិ​សិទ្ធិ ពាក់ព័ន្ធ​ទៅនឹង​ឈាម ឬ​ព្រះអាទិត្យ ដោយហេតុថា ដូច​ព្រះអាទិត្យ​ដែល​បញ្ចេញ​កាំរស្មី​ក្រហមឆ្អៅ ដែលជា​ប្រភព​នៃ​ជីវិត មាស​ពណ៌​ក្រហម ត្រូវបាន​ប្រៀបផ្ទឹម​ទៅនឹង​ព្រះអាទិត្យ​។ រីឯ​ប្រាក់​វិញ វត្ថុធាតុដើម​នេះ រមែងតែ​គេ​ប្រដូច​ទៅនឹង​ព្រះ​ច័ន្ទ ដែលមាន​លក្ខណៈ​ស​ថ្លា​។ បើ​និយាយ​ម្យ៉ាងទៀត លោហៈធាតុ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ត្រូវបាន​ចាត់ទុកថា​ជាវ​ត្ថុ​សក្តិ​សិទ្ធិ ពោលគឺ​សុទ្ធសឹង​តែមាន​បារមី​កាន់​។​
ចិញ្ចៀន​, ក្រវិល​ត្រចៀក​, កងដៃ និង​អង្កាំ (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
ចិញ្ចៀន​, ក្រវិល​ត្រចៀក​, កងដៃ និង​អង្កាំ (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
​ដោយ​មូលហេតុ​នេះហើយ ប្រភេទ​លោហៈ​ទាំងនោះ​មានតម្លៃ​ជាង​អ្វីៗ​ទាំងអស់​ក្នុង​លោក ក្នុង​ក្រសែភ្នែក​របស់​បុព្វការី​ជន​ខ្មែរ នា​គ្រប់​សម័យកាល​ទាំងអស់​។ ពីមុន​សម័យ​ប្រវត្តិសាស្ត្រ​រហូតដល់​បច្ចុប្បន្ន​ភាព មាស និង​ប្រាក់​ត្រូវបាន​គេ​យកមក​ផលិត​ធ្វើជា​រូបសំណាក់​តំណាង​ឲ្យ​ព្រះអាទិទេព ព្រមទាំង​គ្រឿងអលង្ការ​សម្រាប់​តុបតែង​រូបរាងកាយ​របស់​មនុស្ស​ទាំង​ពីរភេទ​។ នៅពេលដែល​ពាក់​គ្រឿងអលង្កា​ធ្វើ​អំពី​មាស ឬ​ប្រាក់ គេ​មាន​អារម្មណ៍​ថា មាន​សារជាតិ​ពិសិដ្ឋ​ម្យ៉ាង​ជ្រួតជ្រាប​តាម​កោសិកា ធ្វើ​ឲ្យ​គេ​រឹង​ម៉ាំ ក្លាំងក្លា អង់អាច ក្លាហាន ហើយ​រូបរាងកាយ​ចែងចាំង​ខុសពី​ប្រក្រតី​។ បើ​និយាយ​ម្យ៉ាងទៀត មាស និង​ប្រាក់​អាចជួយ​យកអាសារ​មនុស្ស​បាន​យ៉ាង​ប្រាកដ​។​
គ្រឿងអលង្ការ​មាស រាង​មូល (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
គ្រឿងអលង្ការ​មាស រាង​មូល (​ឯកសារ​: យុគសម័យ​មាស​ដំបូង នៅ​កម្ពុជា ការធ្វើ​កំណាយ នៅ​ស្ថានីយ៍​ព្រ​ហារ​, ប៊​ន ២០០៩)
នៅ​ស្ថានីយ​ភូមិ​ព្រ​ហារ ខេត្តព្រៃវែង និង​នៅ​ភូមិ​ស្នាយ ខេត្តបន្ទាយមានជ័យ មាស និង​ប្រាក់ ត្រូវបាន​គេ​យកមក​ធ្វើជា​គ្រឿង​លម្អរ​រូបរាងកាយ​មនុស្ស​ទាំង​ពីរភេទ ដូចជា​ក្រវិល​ត្រចៀក បន្តោង​ខ្សែក ចិញ្ចៀន និង​សន្លឹក​មាស​ស្តើងៗ​ដែល​គេ​រមូរ​ឲ្យ​មូល​ដើម្បី​ពាក់​នៅ​ចង្កេះ លើ ក ឬក៏​ប្រើ​ជា​ត្រសាល់​ត្រចៀក​ជាដើម​។ យ៉ាងណាមិញ​នៅ​ស្ថានីយ​គោក​អូរ​ជួ នៅ​ដែនដី​សណ្តរ​ឯណោះ​វិញ គេ​ក៏បាន​រកឃើញ​គ្រឿងអលង្ការ​ធ្វើ​អំពី​មាស ដែល​ស្ថិតក្នុង​បរិបទ​វប្បធម៌​មន​-​ខ្មែរ ហើយ​ដែលមាន​អាយុកាល​ដូចគ្នា​។​
ក្រវិល​ប្រាក់ ស្នាយ សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក (​ម​.​ត ២០០៨)​
ក្រវិល​ប្រាក់ ស្នាយ សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក (​ម​.​ត ២០០៨)​
តាមរយៈ​លទ្ធផល​នៃ​ការវិភាគ​រក​កាលបរិច្ឆេទ​ដោយ​ប្រើ​បច្ចេកទេស​វិទ្យុសកម្ម​C14 យើង​អាច​ដឹងថា គ្រឿងអលង្កា​ទាំងនោះ ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពី​ពិធី​កប់​សព ត្រូវបាន​ផលិតឡើង​ប្រមាណ​ជា ១៥០/១០០​ឆ្នាំ មុន​គ​.​ស ទៅ ១០០​ឆ្នាំ​នៃ​គ​.​ស​។ ជាទូទៅ ដោយសារតែ ត្រូវបាន​កប់​ទៅ​ជាមួយនឹង​សព បុរាណវត្ថុ​ទាំងនោះ មិន​គ្រាន់តែ​ត្រូវបាន​ប្រើប្រាស់​ជា​គ្រឿង​លំអ តុបតែង​ខ្លួនប្រាណ ឬក៏​បញ្ជា​ក់នូវ​ឋានៈ​ក្នុងសង្គម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​រមែងតែ​ពាក់​ព័ទ្ធ​ទៅនឹង​ជំនឿ​សាសនា​ផងដែរ ដូច​ករណី​របាំងមុខ (​មនុស្ស​) ធ្វើ​អំពី​សន្លឹក​មាស​ស្តើង​ដែល​គេ​រកឃើញ​នៅ​ខេត្ត​ប៉ា​រៀ​-​វុង​តាវ នៅឯ​វៀតណាម​ខាងត្បូង ជា​សក្ខីកម្ម​ស្រាប់​។ សូម​រំ​ឮ​ក​នៅទីនេះ​ផងដែរ​ថា របាំងមុខ​បែបនេះ​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​នៃ​ទីក្រុង​អង្គរបុរី​ផងដែរ តែ​ស្ថិត​ក្នុងសម័យ​ដើម​ប្រវត្តិសាស្ត្រ​។​
ក្បាំងមុខ នៅ​ខេត្ត​ប៉ា​រៀ​, គ្រឿងអលង្ការ នៅ​យ៉ុង​កា​យោ (​ឯកសារ វៀតណាម​) និង អង្កាំមាស នៅ​ស្ថានីយ៍ នើ​ន​អ៊ូ​លោក (​ឯកសារ​ថៃ​)​
ក្បាំងមុខ នៅ​ខេត្ត​ប៉ា​រៀ​, គ្រឿងអលង្ការ នៅ​យ៉ុង​កា​យោ (​ឯកសារ វៀតណាម​) និង អង្កាំមាស នៅ​ស្ថានីយ៍ នើ​ន​អ៊ូ​លោក (​ឯកសារ​ថៃ​)​
ដូចនេះ មាស និង​ប្រាក់ មិន​គ្រាន់តែ​តំណាង​ឲ្យ​ភាព​ស្តុកស្តម្ភ ទ្រព្យសម្បត្តិ ឬក៏​ឋានៈ​ក្នុងសង្គម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ភាព​បរិសុទ្ធ ភាព​អមតៈ​ផងដែរ ដោយហេតុថា គុណសម្បត្តិ​ដ៏​វិសេសវិសាល​មួយទៀត​នៃ​លោហៈធាតុ​នេះ គឺ​ភាព​មិនចេះ​ពុកផុយ ឬ​សាបសូន្យ​។ ដូច្នេះហើយ​បានជា​គេ​ផលិត​ព្រះអាទិទេព​ធ្វើ​អំពី​មាស​។ ហើយ​ការគោរព​ចម្លាក់​តំណាង​ព្រះអាទិទេព​ធ្វើ​អំពី​មាស ត្រូវបាន​បន្ត​រហូតដល់​សម័យ​ទំនើប​យើង​នេះ​។
រូប​ផ្គាំ​, ក្រវិល និង បន្តោង ក មាស​ស្រោប ស្ថានីយ​ស្នាយ សារមន្ទីរ​ជាតិ​ទួលគោក (​ម​.​ត ២០០០)​
រូប​ផ្គាំ​, ក្រវិល និង បន្តោង ក មាស​ស្រោប ស្ថានីយ​ស្នាយ សារមន្ទីរ​ជាតិ​ទួលគោក (​ម​.​ត ២០០០)​
ជារួម គេ​អាច​សន្និដ្ឋានបានថា មិនមែន​នៅតែ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ទេ ដែល​គ្រឿងអលង្ការ​ធ្វើ​អំពី​មាស និង​ប្រាក់​ត្រូវបាន​និយម​នោះទេ ក៏ប៉ុន្តែ​នៅតាម​តំបន់​នានា​មួយចំនួន​ផ្សេងទៀត​ដូច​នៅ​ប្រទេស​ថៃ និង​វៀតណាម​ខាងត្បូង​ជាដើម​៕ (​ម​.​ត្រា​ណេ)
ប្រភពឯកសារ៖ខេមបូឌាអេចបេ្រសញូស៍

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks