អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ
|
នេះបទព្រហ្មប្រាជ្ញប្រែ | ប្រាយប្រាប់ខ្មែរ ទាំងប្រុសស្រី | ឱ្យប្រិតប្រុងស្មាតី | គួរគប្បីឱ្យឧស្សាហ៍។ |
កុំខ្ជិលកុំល្ងង់ពេក | ខំរៀនលេខរៀនអក្ខរា | រៀនគ្រប់សព្វធម៌អាថិ | ប្រាជ្ញាផ្សំនិងគំនិត ។ |
កំណើតកើតជាមនុស្ស | មើលឱ្យធ្លុះទោះឆ្ងាយជិត | ចេះស្ទាត់ប្រាកដពិត | គិតការអ្វីបានគ្រប់យ៉ាង។ |
មនុស្សល្ងង់ មិនផ្អើលភ្ញាក់ | ដូចភ្នែកខ្វាក់ទាំងសងខាង | មានរូបគ្មានអ្វីអាង | សាងបាបថោកកើត មកខ្លៅ។ |
ពូជមនុស្សទោះខ្ពស់ទាប | កាត់តាមភាពត្រកូលផៅ | អាក្រក់ល្អសខ្មៅ | កាត់កូនចៅដូចដូនតា។ |
ពូជល្ងង់មិនបានបួស | ទុកជាទោសនឹងសាសនា | អ្នកបួសចេះធម៌អាថិ | កូនសិក្សាខំរៀនសូត្រ ។ |
ពូជខ្លៅមិនសូវប្រាជ្ញ | ពូជកោងកាចមិនសូវស្លូត | ពូជត្រង់ៗរហូត | ពូជភរភូតមិនផុតផៅ ។ |
ឳពុកម្តាយស្លូតត្រង់ | ចិត្តមិនចង់ឱ្យកូនខ្លៅ | ជេរវាយស្តីប្រេដៅ | ឱ្យកូនចៅបានចេះដឹង។ |
ឳពុកគ្មានតំរិះ | ឃើញកូនចេះមិនដែលខឹង | ឃើញកូនខំប្រិតប្រឹង | ឳពុកដឹងតែងត្រេកអរ។ |
ដាស់តឿនកើនរំលឹក | ជេរល្ងាចព្រឹកខ្លាចកូនក្រ | ចង់ឱ្យតែកូនល្អ | លោមអង្វរឱ្យកូនខំ។ |
កូនកាចបំពេញទុក្ខ | ម្តាយឳពុកមានបារម្ភ | កូនស្លូតដឹងគួរសម | មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ |
ឳពុកម្តាយក្សត់ខ្សោយ | កុំបណ្តោយឱ្យអាប់យស | ខំរៀនឱ្យបានខ្ពស់ | គ្រាន់សង្រ្គោះដល់មេបា។ |
អ្នកល្ងង់ហេតុពីខ្ជិល | ឥតមន្ទិលរឿងធម៌អាថិ | គួរកូនចៅសិក្សា | រៀនអក្ខរាទាំងប្រុសស្រី។ |
កាលអង្គព្រះសាស្តា | មានថេរាមានថេរី | ភិក្ខុភិក្ខុនី | ធម៌បាលីចេះចាំស្ទាត់។ |
លោកសង្ឃខ្លះចេះស្ទើរ | ចេះភ្លើៗធ្វើឱ្យភ្លាត់ | ព្រះអង្គទ្រង់សន្មត | សិក្ខាបទដល់ឥលូវ ។ |
ទំលាប់ទំនៀមខ្មែរ | ខំធ្វើស្រែចង់បានស្រូវ | អ្នករៀនច្បាប់ខុសត្រូវ | ទុកជាផ្លូវភ្លឺប្រាជ្ញា។ |
ស្រុកសៀមលាវបារាំង | ចេះតតាំងពីដូនតា | ចេះលេខចេះអក្ខរា | សរសេរចារ ទាំងប្រុសស្រី។ |
ជាតិខ្មែរមិនចេះខ្មាស | នាំពីចាស់គំនិតខ្លី | ល្ងង់ដប់ចេះពីរបី | ចេះជួញក្តីមិនចេះច្បាប់។ |
មិនចេះលេខអក្សរ | មុខមាត់ល្អប្រាជ្ញាអាប់ | ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ | គេសូត្រប្រាប់ ទើបបានដឹង។ |
ភ្នែកជាភ្លឺក្រលែត | ល្ងង់ព្រោះហេតុមិនខំប្រឹង | កើតទាស់មានចិត្តខឹង | ពឹងរកគេសរសេរឱ្យ។ |
មនុស្សក្រហេតុពីខ្ជិល | មិនរមិលមើលមុខក្រោយ | ម្យ៉ាងខ្សត់ពីព្រោះខ្សោយ | ញឹងខាងឱ្យរង្វើលរក ។ |
ម្យ៉ាងក្រពីព្រោះល្ងង់ | ជួញលិចលង់មិនលៃលក | ទិញថ្លៃទៅលក់ថោក | ចេះតែយកគិតមិនយល់ ។ |
អ្នកមានៗគំនិត | ដេកដើរគិតកើតរវល់ | ប្រាជ្ញាជារិសគល់ | កើតអំពល់អំពីទ្រព្យ។ |
អ្នកល្ងង់និងអ្នកចេះ | បើនឹងរិះរាយរៀបរាប់ | អ្នកចេះប្រសើរគាប់ | ល្ងង់ឥតភ័ព្វអាប់រាសី។ |
មានរូបមានជីវិត | មិនចេះគិតចង់ដឹងអ្វី | រូបប្រុសរិកដូចស្រី | នឹងហ៊ានស្តីគ្មានគេស្តាប់។ |
ល្ងង់ម្យ៉ាងមានអំណាច | ល្ងង់កោងកាច អាងចាក់កាប់ | ឆាប់ខឹងមិនដឹងច្បាប់ | កាលណាស្លាប់ គេត្រេកអរ។ |
អ្នកចេះតំរិះដល់ | អ្នកល្ងង់ឆ្ងល់មិនសល់ក្រ | ចេះល្អិតចិត្តជាល្អ | សួយអាករចូលមិនខ្វះ។ |
ចេះម្យ៉ាងមានអំណាច | អ្នកខ្លៅខ្លាចឱនសំពះ | គេខុសជេរដៀលត្មេះ | អ្នកខ្លៅខ្លះគេលបខឹង។ |
ប្រាជ្ញម្យ៉ាងចេះ សព្វសុស | ប្រព្រឹត្តខុសនោះមិនដឹង | មិនគិតពិនិត្យថ្លឹង | ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ |
កូនចៅទោះធំតូច | ខុសខិលខូចខឹងវាយជេរ | មារយាទខ្លួនខុសគេ | មិនគ្នាន់គ្នេរកិរិយាឯង ។ |
កូនចៅទាំងស្រីប្រុស | ការត្រូវខុសគួរគិតក្រែង | គិតគ្រប់សព្វកន្លែង | តែងនឹងមានរាល់រូបកាយ ។ |
ភ្នែកបើកភ្លឺមានពិត | មើលឃើញជិតៗរៀងអាយ | ភ្នែកធ្មេចមើល ឃើញឆ្ងាយ | សព្វសុសសាយ មិនសេសសល់។ |
រៀនរកស៊ីលក់ទិញ | ខាតចំណេញ គិតឱ្យដល់ | ឱ្យដឹងការកិច្ចកល | ទើបកើតផល ប្រយោជន៏ខ្លួន។ |
ឱ្យរៀនលេខនព្ធន្ត | បូកហាគុណឱ្យមាំមួន | ដីសនិងក្តារឆ្នួន | ក្រែងចិនយួនបំបាត់បាន។ |
ជញ្ជីងភ្នែកមានល្បាក់ | មើលឱ្យជាក់ កុំប្រមាណ | ក្រែងខុសខាតមិនខាន | ធ្លាប់រាប់អានកុំទុកចិត្ត។ |
ភ្នែកមនុស្សធំរលីង | ភ្នែកជញ្ជីងគេចុចល្អិត | អ្នកល្អថ្លឹងប្រឹងប្រឹត | ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ |
ចិនមានពីដូរលក់ | ស្រូវកន្ទក់កន្តាំងតៅ | របស់ទោះឆ្អិនឆៅ | សំពត់អាវខោខ្មៅស។ |
ខ្មែរអាងស្រូវក្នុងដោក | ដូរថ្លៃថោកអាក្រក់ល្អ | អស់ស្រូវទៅជាក្រ | អង្វរចិនជឿស្រូវឯង ។ |
ធ្វើស្រែនឿយហត់ណាស់ | ចិននៅផ្ទះដេកចំខែង | ផ្ទះចិនពីរបីល្វែង | មានកន្លែងជង្រុកស្រូវ។ |
ជាតិខ្មែរឥតគំនិត | ស៊ីមិនគិតមើលខុសត្រូវ | ជឿចិនរាល់រដូវ | កេរ្តិ៍ម៉ែឳចិនអូសអស់ ។ |
ចិនមកពីស្រុកនាយ | មានសំពាយជារបស់ | មិនទាន់ចេះខ្មែរសោះ | គ្មានកេរកោះស្រែចំការ ។ |
កែវកចង្រ្កានឆ្នាំង | ផ្សំកំលាំងនិងប្រាជ្ញា | អំរែកជិះលើស្មា | មានម្លូស្លាជាដើមទុន។ |
ទំនិញមានគ្រប់មុខ | ផ្ទាល់ផ្ទេរទុកដាក់ដោយធុន | ចិនរែកមិនដែលពុន | ស្រូវជោរជន់ពេញជង្រុក។ |
ឈប់រែកដេកអង្គុយ | រាប់កាក់លុយប្រមូលទុក | ឳទិនស្រាពីមុខ | ទុកជាធ្នាក់ទាក់កខ្មែរ ។ |
ចិនច្រើនខ្មាំងចិត្តខ្មៅ | កន្តាំងតៅធ្វើជាស្រែ | គ្មានត្បាល់គ្មានអង្រែ | អង្ករខ្មែរចូលបាវចិន ។ |
ជាតិខ្មែរច្រើនឥតខ្មាស | ស្រេកស្រាណាស់ ផឹកជឿសិន | គំនិតគិតមិនឆ្អិន | ផឹកបង្ហិនតែទ្រព្យឯង ។ |
កំណើតអ្នកផឹកស្រា | បែកប្រាជ្ញាច្រើនកន្លែង | អ្នកម្យ៉ាងបែកខាងល្បែង | មិនគិតក្រែងខ្លាចខ្លួនក្រ ។ |
អាម្យ៉ាងបែកលួចឆក់ | មារយាទអាក្រក់មិនបានល្អ | ផឹកចោលការរបរ | ផឹកថ្មើម៉ានចិនមិនគិត ។ |
ថាចិនមិនចេះកាញ់ | ប្រាប់សំលាញ់ពួកម៉ាកមិត្ត | គូកនទោះឆ្ងាយជិត | រឹតប្រមូលលុយឱ្យចិន ។ |
ត្រូវស្រាចង់ស៊ីឆ្ងាញ់ | ធុំឆាខ្លាញ់បក់ឆួលក្លិន | ឃើញបាយសម្លឆ្អិន | ផ្គាប់ចិត្តចិនយកបាយស៊ី។ |
ផឹកទឹកបោយត្រលោក | មារយាទទាបថោក រិកសៀធី | ចិនប្រើសែងរែកលី | ស៊ីញយៗចិនមើលងាយ ។ |
ជាតិចិនកំណាញ់ស្វិត | នឹកក្នុងចិត្តមិននិយាយ | មារយាទខ្មែរ ច្រើនរាយមាយ | រលាយទ្រព្យអភ័ព្វខ្លួន។ |
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ | ទាបថោកដល់ប្រពន្ធកូន | អាប់យសទាំងបងប្អូន | ដល់តាដូនពូជពង្សខ្មែរ។ |
ជាតិចិនសុទ្ធសឹងស | មានទ័លក្រខ្សត់ខ្លះដែរ | ស៊ីផឹកស្និទ្ធតាមសែ | តមបាយខ្មែរមិនស៊ីសោះ ។ |
មានផ្ទះមានដំណាំ | កាប់ដីដាំដោយកៀនកោះ | ដំឡូងត្រាវចេកម្នាស់ | ស៊ីមិនអស់ទុកលក់ដូរ ។ |
ខ្មែរច្រើនខ្ជិលប្រមឹក | កែងកោងរិកអួតអម្បូរ | ខ្វះលុយអង្គុយថ្ងូរ | កើបបង្ហូរស្រូវជង្រុក ។ |
កូនអើយរឿងដំណាំ | គួរតែដាំឱ្យគ្រប់មុខ | ដីកេរម្តាយឳពុក | មិនត្រូវទុកចោលទំនេរ ។ |
រាជការវាស់មានថ្លៃ | ផ្តិតមេដៃផ្តាច់ជាកេរ | មិនវាស់លេងទទេ | រេរិះយកពន្ធរាល់ឆ្នាំ។ |
ដូងស្វាយអំពៅចេក | កុំខ្ជិលពេកដេកប្រចាំ | ម្លូស្លាម្រេចខ្ទឹមថ្នាំ | ត្រូវតែដាំកុំឱ្យខ្វះ។ |
ទេសឯកសំពត់ស | ដីវាលល្អដាំកប្បាស | កុំខ្ជិលតាមចាស់ៗ | មនុស្សនឿយណាស់ មិនដែលក្រ។ |
បន្លែដាំគ្រប់មុខ | យកគ្រាប់ទុកដាំបន្ត | ចាក់ដីជាតិល្អៗ។ | បង្ការស្លពេលល្ងាចព្រឹក |
ម្លូស្លាថ្នាំខ្ទឹមម្រេច | លូតលាស់លេច ពីស្រោចទឹក | បានផលផ្លែឬស្លឹក | កុំឆ្មើងរិកវាក្រខ្លួន។ |
ត្រីងៀតផ្អកប្រហុក | ខ្មែរគ្រប់ស្រុកទិញដូរយួន | អំបិលធូបក្រមួន | ពីតាដូនតែងដូរទិញ។ |
ដូរទុកដាក់ដំកល់ | ស៊ីឱ្យដល់ខួបខែវិញ | ឱ្យបរិបូរពោរពេញ | ខាតចំណេញកុំទិញតិច។ |
អំបិលទិញមួយចុង | ច្រកពេញអុងអាងខាងលិច | កុំទិញក្តោបខ្ចប់វេច | អស់រំពេចគេចទិញទៀត។ |
អំបិលមួយស្រូវបី | វាល់នឹងល្អីទូលកណ្តៀត | ខ្លួនក្រត្រដរេឆ្លៀត | មារយាទយ៉ាងហ្នឹង កុំប្រព្រឹត្ត។ |
កូនចៅទាំងប្រុសស្រី | គួរគប្បីប្រុងគំនិត | ចិញ្ចឹមជន្មជីវិត | គិតឱ្យវែងកុំគិតខ្លី។ |
ទំនេរល្ហែធ្វើការ | សូត្រធម៌អាថិ ទាំងប្រុសស្រី | ឱ្យត្រឹមត្រូវបាលី | ដូចស្រដីខាងដើមស្រាប់។ |
រាល់រូបទាំងប្រុសស្រី | កាលចេះស្តី ព្រោះចេះស្តាប់ | ម៉ែឳតំរូវប្រាប់ | កូនចៅត្រាប់តាមដូនតា។ |
ចាស់ម្យ៉ាងសាង សីលទាន | មិនបំពានខុសពុទ្ធដិកា | កូនកាត់តាមមេបា | មិនទៅណាឆ្ងាយពីផ្លូវ។ |
ចាស់ម្យ៉ាងសាងផលកម្ម | ស្អប់សីលប្រាំដូចសត្រូវ | កូនកាត់តាមម៉ែឳ | អាស្រូវភាសវិនាសខ្លួន ។ |
មិនជឿមគ្គជឿផល | ធ្លាក់ទៅដល់អបាយបួន | កងកម្មចាំគំគួន | គេចវេះពួនមិនកំបាំង។ |
ព្រះអង្គមានពុទ្ធដីកា | ប្រៀបឧបមាជាទីតាំង | ដូចគេមានកំលាំង | សំរាំងទុកទឹមរទេះ ។ |
នឹងបរផ្លូវវៀចត្រង់ | ឬនឹងចង់បរគេចវេះ | កង់វិលមិនរបេះ | ជិះជើងគេមិនឃ្លាតឃ្លា។ |
រាល់រូបទាំងតូចធំ | ចូលរូងភ្នំរូងគុហា | យកថ្មផ្ទាំងរាំងទ្វារ | កម្មវេរាតោងតាមបាន។ |
កងសីលមានអង្គប្រាំ | វេរាកម្មដិតដោយដាន | នរកប្រេតតិរច្ឆាន | ខានឃាត់ខាំងរាំង មគ្គផល ។ |
គួរខំសាងសីលទាន | យកនិពា្វនជាត្រើយថ្នល់ | យូរឆាប់គង់តែដល់ | កុសលជួយចាកសង្សារ ។ |
កូនចៅរិះរេគិត | មើលគំនិតចិត្តដូនតា | ប្រព្រឹត្តខុសសាសនា | គេចកិរិយាកុំធ្វើត្រាប់ ។ |
មើលចាស់ណាត្រឹមត្រូវ | ចុះក្នុងផ្លូវកន្លងច្បាប់ | ចាស់ស្តីគប្បីស្តាប់ | ប្រិតព្រៀងប្រាប់ឱ្យប្រុងចាំ។ |
គោរពគុណទាំងបី | សូត្របាលីតាមចំណាំ | រក្សាអង្គសីលប្រាំ | កម្មវេរាតាមមិនទាន់ ។ |
សាសនានៅវែងឆ្ងាយ | កន្លងបា្លយជាងពីរពាន់ | សព្វថ្ងៃលៃគ្នេគ្នាន់ | មិនទាន់គ្រប់ជាងប្រាំរយ។ |
ឥលូវចិតប្រាំបី | នៅម្ភៃមួយខាងក្រោយ | កូនចៅកុំបណ្តោយ | ឱ្យលិចលង់ក្នុងសង្សារ។ |
មានពាក្យចាស់ ដំណាល | ថាកណ្តាលព្រះសាសនា | ទំនាយក្បួនតំរា | ថានឹងរៀវហើយរីកវិញ។ |
ហេតុនេះអស់កូនចៅ | ទោះល្ងង់ខ្លៅ យ៉ាងណាមិញ | ខំឧស្សាហ៍ទន្ទេញ | បំពេញពាក្យពុទ្ធទំនាយ។ |
តំណពីថ្ងៃនេះ | រៀនតំរិះកុំរាយមាយ | កូនណាមិនស្វាធ្យាយ | មិនរលាយរលត់ទុក្ខ។ |
ដល់សាសនាគ្រប់គ្រាន់ | ជួបប្រាំពាន់ទៅខាងមុខ | ទំនាយរាយទំនុក | ថាឳពុកម្តាយស្អប់កូន។ |
ថាកើតអន្តរកប្ប | គុំសម្លាប់គ្នាបងប្អូន | មិនដឹងតាដឹងដូន | សូន្យសីលទាន មិនមានសល់។ |
គួរគិតកុំសាងកម្ម | កាន់សីលប្រាំចាំដំកល់ | ខំសាងមគ្គសាងផល | នឹងបានដល់ឋាន សាន្តសុខ។ |
នឹងរួចពីកាប់ចាក់ | មិនបានធ្លាក់ទៅនរក | ព្រះសិរអារ្យត្រាស់ ខាងមុខ | រាសាយទុក្ខសោក រាល់ថ្ងៃ។ |
No comments:
Post a Comment