សម្ដេចបវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែលបានប្រសូត្រនៅក្នុងឆ្នាំង១៩១១ និងបាត់បង់ជីវិតនៅឆ្នាំ២០០០ គឺជាឥស្សរជនខ្មែរមួយរូបដែលជាអ្នកបន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសជាតិកម្ពុជាក្រោម។ សម្ដេចបវរសេដ្ឋាធិបតី បានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុករូបលោកជាមេដឹកនាំប្រកបដោយភាពស្អាតស្អំ។
ប្រវត្តិសង្ខេប
សម្ដេចបវរសេដ្ឋា សឺន សាន ប្រសូត្រនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់លេខ ៥ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បិតារបស់លោកនាម សឺន សាច់ (Son Sach) ហើយមានមាតានាម នាង សន (Neang San)។ បិតារបស់លោកគឺជាពូជពង្សវង្សត្រកូលជំនាន់ក្រោយរបស់ឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសខ្មែរកម្ពុជា និងជាអតីតចៅហ្វាយស្រុកព្រះត្រពាំង (បច្ចុប្បន្នខេត្តព្រះត្រពាំង ដែលត្រូវបានកាត់បញ្ជូលទៅក្នុងប្រទេសវៀតណាម)។ លោកបានពលីជីវិតរបស់លោក ដោយឲ្យយួនកាត់ក្បាលជាថ្នូរនឹងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម។
ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា
នៅពេលសម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ សុផានវង្ស និងសម្ដេចក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះរាជបុត្រា ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ យាងទៅកម្ពុជាក្រោម បានទទួលដំណឹងអំពីការបូជាជីវិតរបស់ឧកញ៉ា សឺន គុយ ក៏បានលោក សឺន សាច់ ជាបិតារបស់សម្ដេចបវរសេដ្ឋា សឺន សាន និងឪពុកមារបស់លោកម្នាក់ មកនៅភ្នំពេញ ដើម្បីឲ្យបន្តការសិក្សាបន្ថែមទៀត។ លោក សឺន សាច់ ក៏បានរៀនសូត្ររហូតឡើងឋានៈជាឧបការីរបស់ព្រះករុណាព្រះបាទព្រះ ព្រះនរោត្ដម សុរាម្រឹត ដែលកាលណោះ ព្រះអង្គមានព្រះតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
ការសិក្សា
នៅឆ្នាំ១៩១៧ លោក សឺន សាច់ បានបញ្ជូនកុមារា សឺន សាន ឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីស្សក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩២៧ យុវជន សឺន សាន បានទៅបន្តការសិក្សានៅក្នុងប្រទេសបារាំង រហូតបានប្រឡងជាប់សញ្ញាបត្របញ្ចប់ការសិក្សាជាន់ខ្ពស់ខាងពាណិជ្ជកម្មទីក្រុងប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅឆ្នាំ១៩៣៣ ហើយបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា
- ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយខេត្តបាត់ដំបង។ ក្នុងរយៈពេលនៃការបំពេញការងារប្រហែលជាពីរឆ្នាំ កង្វល់របស់លោកភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និងការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ទៅលើប្រជារាស្រ្តខ្មែរក្រីក្រ។
- ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបានទទួលតំណែងជាភូឈួយខេត្តព្រៃវែង។
- ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
- ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោមកិច្ចដឹកនាំរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និងបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញ នៅឆ្នាំ១៩៤៧ ដល់ ១៩៤៩។
ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៅឆ្នាំ១៩៥១ ដល់ ១៩៥២។
មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុជាតិបារាំងនោះ ឯកឧត្តមត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គមានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេលនោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។
ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការនោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺសាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។ ឯកឧត្តម សឺន សាន បានបំពេញមុខតំណែងជាទេសាភិបាលធានាគាជាតិនៃកម្ពុជា ចាប់ពីពេលបានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនាឆ្នាំ១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និងចាប់ផ្តើមកាន់សីលប្រាំរហូតចាប់ពីពេលនោះមក ។
នៅឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។
នៅឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។
ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទវ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។
សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។
នៅក្នុងឆ្នាំ១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។
នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតីសេរីនិយមបែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយរដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។
នៅឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់សង្គ្រាមទាំងមូលនៅប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណងរបស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធានសមាគមខ្មែរនៅបរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។
សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបានចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និងព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេចបានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយក្រសួងការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ១៩៧៨ បានអំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូនជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។
ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។
ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុងចលនាតស៊ូរបស់សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕
ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)
នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។
ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។
សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។
សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។
គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល
- មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
- មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
- មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
- មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
- មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
- មេដាយមាសខេមរៈកីឡាឫទ្ធិ ។
- មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
- មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
- មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
- មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
- មេដាយ Légion d’honneur ថ្នាក់មហាសេនា ។
- មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។
លក្ខណសម្បត្តិ
សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេចបានប្រសាសន៍មួយៗទន់ភ្លន់ តែមិនចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយស្តី សម្តេចតែងតែរំលឹកអំពីគុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាងលើព្រះ ឬទេវតាជាប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូតគ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់បាត់បង់ជីវិត។
សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះត្រង់យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់ប្រជារាស្រខ្មែរ។
អវសានជីវិត
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕
ឯកសារយោង
- វិយោគកថាក្នុងពិធីបុណ្យឈាបកិច្ចរបស់សម្តេចបវរសេដ្ឋា ធិបតី សឺន សាន
No comments:
Post a Comment