Tuesday, June 27, 2017

រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ

រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់
  • សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក
  • ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ លើ​គេហទំព័រ ArchaeoMadness, TripAdvisor, Lonely Planet
  • ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា ចុះ​ក្នុង​បញ្ជី UNESCO ​ក្នុង​ឆ្នាំ១៩៩២
  • អាថ៌កំបាំង​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត ២ដង​ក្នុង​មួយ​ឆ្នាំ
  • បច្ចេកទេស​ជីក​គូទឹក​ការពារ​ប្រាសាទ រឹង​មាំ​បាន​ច្រើន​រយ​ឆ្នាំ
  • ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ
  • ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត មាន​សំណង់​ច្រើន​ទៀត
ប្រាសាទ​អង្គរវត្ត និង​ប្រជុំ​សំណង់​ទាំង​អស់​នៃ​តំបន់​អង្គរ បាន​បន្សល់​ទុក​អច្ឆរិយភាព និង​អាថ៌កំបាំង​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ។ សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ គឺ​ជា​មរតក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​កម្ពុជា ល្បី​រន្ទឺ​លើ​ពិភពលោក​រហូត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់។ យ៉ាង​ណា​ក្ដី មាន​រឿង​រ៉ាវ​ចាប់​អារម្មណ៍​មួយ​ចំនួន ដែល​កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់។ ​
១. អង្គរ​វត្ត ជា​សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក Guinness
សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក ជាប់​ក្នុង​កំណត់ត្រា Guinness។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។
២. អង្គរវត្ត ទទួល​បាន​លេខ​មួយ ៤ឆ្នាំ​ជាប់​គ្នា​លើ​គេហទំព័រ​បរទេស​នានា
គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បាន​ផ្ដល់​ចំណាត់​ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​ពី​ភ្ញៀវ​ទេសចរ​បរទេស។
កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness។ បន្ទាប់​មក​ទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ម្ដង​ទៀត នៅ​លើ​គេហទំព័រ​អន្តរជាតិ TripAdvisor។
នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វិបសាយ ទស្សនាវដ្ដី និង​សៀវភៅ ជាដើម។
៣. តំបន់​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា
តំបន់​អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ព្រៃ​ឈើ​ចម្រុះ​នៅ​ជុំវិញ។ តំបន់​ប្រវត្តិសាស្ត្រ​នេះ​ជា​ទីតាំង​នៃ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​អង្គរ​ធំ និង​ប្រាសាទ​បាយ័ន​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ត្រូវ​អង្គការ UNESCO ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ពិភពលោក​ក្នុង​ឆ្នាំ១៩៩២។
៤. បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ
លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay ថា បាតុភូត​កម្រ​នេះ​​កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ គឺ​នៅ​ខែ​កញ្ញា ចន្លោះ​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែ​កញ្ញា និង​ម្ដង​ទៀត​ក្នុង​ខែ​មិនា។ បើ​តាម Science Channel បាន​ឱ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​ឈ្មោះ​ថា អ៊ីខ្វីណក់ (ជា​ពេល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត) ដែល​រន្ធ​មួយ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​នឹង​ទទួល​ពន្លឺ​ព្រះអាទិត្យ ចាំង​ទៅ​ក្រោម​នៃ​ចំណុច ផ្ចិត​ខាង​ក្រោម​ប្រាសាទ ។
ពន្លឺ​ចែងចាំង​​ព្រះអាទិត្យ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​រះ​ចំណុច​ កំពូល​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​បាន​បញ្ជូន​ពន្លឺ​ ព្រះអាទិត្យ​នោះ ទៅ​បន្ទប់​អាថ៌​កំបាំង​មួយ ផ្នែក​ជាន់​ក្រោម​ដី ​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ។ អ្នក​ជំនាញ​ខ្លះ​បាន​ជឿជាក់​ថា ព្រះបានជ័យវរន្ម័ទី២ រចនា​កន្លែង​សំងាត់​នេះ គឺ​ដើម្បី​រក្សា​អដ្ឋិធាតុ របស់​ព្រះអង្គ​ពេល​សុគត។
៥. ស្ថាបត្យករ​បុរាណ ជីក​គូ​ទឹក​ដើម្បី​ការពារ​ប្រាសាទ រហូត​ឈរ​បាន​ជា​ច្រើន​រយ​ឆ្នាំ
យោង​តាម​វីដេអូ​ឯកសារ​ស្រាវជ្រាវ​ស្ដី​ពី​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដោយ​បុរាណ​វិទូ​ជនជាតិ​បារាំង បាន​បង្ហាញ​ថា ស្ថាបត្យករ​ក្នុង​សម័យ​អង្គរ បាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។ តាម​រយៈ​វីដេអូ​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះ បាន​យក​ដី​ខ្សាច់ ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថា ដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។
តាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាបត្យករ​របស់​ខ្មែរ ក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​នាក់ ដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹក ដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ​។
៦. ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ ដូច​កំពូល​ប្រាសាទ​អង្គរវត្ត
​ចម្រឹង​នៃ​បង្អួច​ប្រាសាទ​អង្គរ​វត្ត​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ ស្ទើរ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ​កាន់ សុខ​ម៉េង ​មគ្គុទ្ទេសក៍​ភាសា​បារាំង អង់គ្លេស​ និង​ថៃ បាន​ស្រាយ​ពី​អាថ៌​កំបាំង​នេះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ នៃ​ចម្រឹង​បង្អួច​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣។
៧. មាន​សំណង់​ជា​ច្រើន​ទៀត កប់​ក្នុង​ដី​ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត​
កាល​ពី​ដើម​ឆ្នាំ២០១៥ សារព័ត៌មាន​អង់គ្លេស​ Daily Mail បាន​ចុះ​ផ្សាយ​ថា ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​​​​សំណង់​បុរាណ​​​​​​​​ខ្សាច់​ដ៏​ធំ​មួយ​រួម​​​ជា​មួយ​​​សំណង់​​​​​កប់​ក្នុង​ដី​ជា​ច្រើន​​នា​បរិវេណ​ខាងក្រោម​នៃប្រាង្គ​​ប្រាសាទ​អង្គរ​វត្ត​​​ ដែល​ជា​ការ​គាស់​របើក​នូវ​អាថ៌កំបាំង​ថ្មី​មួយ​ទៀត ​ទាញ​បាន​ចំណាប់​អារម្មណ៍​អ្នក​ស្រាវជ្រាវ​ទូទាំង​ពិភពលោក​។
ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Sydney បាន​ស្រាវជ្រាវ​​​​នៅ​កម្ពុជា​ក្នុង​គម្រោង​មួយ​ឈ្មោះ​ Greater Angkor Project។ ​ដោយ​ប្រើ​​បច្ចេកវិទ្យា​ឡាស៊ែរ ​LiDAR ជា​មួយ​​រ៉ាដា ពួក​គេ​បាន​​​រក​ឃើញ​ និង​ជីក​​រក​សំណង់​បុរាណ​​ជា​ច្រើន​​កប់​ក្នុង​ដី​អាថ៌កំបាំង​នោះ។ កាល​ពី​ពេល​មុន​គេ​ជឿ​ថា​​ប្រាសាទ​​អង្គរវត្ត​របស់​កម្ពុជា​​គឺ​​ស្ថិត​ក្នុង​​ទី​កន្លែង​សក្ការបូជា ប៉ុន្តែ​បន្ទាប់​ពី​រក​ឃើញ​សំណង់​បុរាណ​ដី​ខ្សាច់​រាង​រង្វង់​​​ធំ​មួយ ​ព្រម​ទាំង​សំណល់​នៃ​សំណង់​បុរាណ​កប់​ក្នុង​ដី​នេះ​មក​​ បុរាណ​វិទូ​ជា​ច្រើន​​និយាយ​ថា​​ប្រាសាទ​អង្គរវត្ត​គឺ​​មាន​ភាព​ស្មុគស្មាញ​​និង​អាថ៌កំបាំង​​ជាង​​ការ​គិត​ទៅ​ទៀត។
ក្រៅ​ពី​ចំណុច​ទាំង៧ ខាង​លើ​នេះ នៅ​មាន​រឿងរ៉ាវ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ប្រាសាទ​អង្គរវត្ត​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក រហូត​មាន​ប្រទេស​នានា​ចម្លង​តាម។ ចំណែក​ក្រុម​អ្នក​ស្រាវជ្រាវ​នានា នៅ​តែ​បញ្ចេញ​របក​គំហើញ​ថ្មី​ៗ​បន្ត​បន្ទាប់ ក្រោយ​ពេល​រុក​រក​អាថ៌កំបាំង​នៅ​តំបន់​នេះ៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks