ក) អត្ថបទ
កម្រងអត្ថបទនេះជាវត្ថុសិក្សាក្នុងវិជ្ជាអក្សរសិល្ប៍ ហើយមុខវិជ្ជានេះត្រូវលើកយក៖១) អត្ថបទដើម (texte original)
អត្ថបទណាដែលជាអត្ថបទដើមគេបង្អស់នោះជាអត្ថបទសំខាន់, អត្ថបទដែលគ្រាន់តែការចម្លងតៗ មកក្រោយមកទៀតដូចដើមខ្លះ កែប្រែខ្លះ នេះជាអត្ថបទរាយរង, ខាងអក្សរសិល្បវិទូត្រូវខំស្រាវជ្រាវរាវរកអត្ថបទដើមគេបង្អស់មកធ្វើជាគោល។
២) អត្ថបទរាយរង (texte secondaire)
ចំពោះអក្សរសិល្ប៍ ខ្មែរ អត្ថបទ បែបនេះមានចំនួនច្រើន ព្រោះក្នុង សម័យសត្រា ស្លឹករឹត (គឺសម័យ ខ្មែរកណ្តាល រវាងសតវត្សទី ១៦ ដល់ ១៩) ដោយសារ ការផ្សាយ អត្ថបទជាការចម្លងតាមការចាំមាត់ ជួនកាលចម្លងដោយកែសម្រួល ឬកែបន្ថែម បន្ថយ តម្រូវតាមទស្សនៈ ពេលវេលា អ្នកចម្លង នោះឯង។ ទុកជាយ៉ាងណាក៏ដោយអត្ថបទ ត្រូវ លើយកមកសិក្សាផងដែរ ដើម្បីប្រៀបធៀបទៅនឹងអត្ថបទដើម រិះរកសេចក្តីផ្លាស់ប្តូរ និងសេចក្តីថែមថយជាប្រយោជន៍នឹងបញ្ជាក់យោបល់ថែមទៀត។
៣) អត្ថបទអធិប្បាយ (commentaire)
អដ្ឋកថាឬ អត្ថក្កថា (មកពីពាក្យ បាលី អត្ថ + កថា), តាមនិយមន័យ វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ (ទំព័រ ១៥៨៨) បញ្ជាក់ថាជា«ពាក្យអធិប្បាយសេចក្តីឲ្យងាយយល់, ពាក្យពន្យល់, វចនាធិប្បាយ, ពាក្យអធិប្បាយបាលី, គម្ពីរអធិប្បាយបាលី»ពោលគឺមាន អត្ថបទសង្ខេបតែងដោយអ្នកសិក្សាផ្លែកអំពីអ្នកនិពន្ធដើមដូចនេះតែងតែរៀបសេចក្តី ទៅតាមទស្សនៈ យោបល់យល់ចំណេះដឹងរបស់អ្នកសង្ខេបនោះមក។ អត្ថបទបែបនេះ អាចចាត់ទុកជា អត្ថបទរាយរងហើយថាជាអត្ថបទអធិប្បាយបានដែរពីព្រោះបានរៀបសេចក្តីឲ្យបានស្រួល និងស្របទៅនឹងយោបល់ផ្ទាល់របស់ខ្លួន។
ចំពោះអត្ថបទសិក្សាហើយអធិប្បាយគឺពេញជាអត្ថបទអធិប្បាយដោយបាន សិក្សារិះរៀនរៀបសេចក្តីដើម្បីពន្យល់។
អត្ថបទបែបនេះក៏ជាអត្ថបទរាយរងដែរពីព្រោះតែងតែរិះរៀនយល់និងពន្យល់ ស្របតាមចំណេះដឹងនិងយោបល់ផ្ទាល់ខ្លួន។
ប៉ុន្តែក្នុងអត្ថបទវិជ្ជាយើងក៏ត្រូវលើកយកមកជាប្រភពសិក្សាផងដែរ។ តែសំខាន់ បំផុតគឺអត្ថបទដើមពីព្រោះមានន័យសេចក្តីពិតជារបស់អ្នកនិពន្ធដើមហើយ មានរូបរាង ជាវិធីសរសេរតែងនិពន្ធអាចបង្ហាញពីពេល ពីកន្លែង សម័យប្រវត្តិនៃដើមកំណើត អត្ថបទនោះឯងយ៉ាងណាមិញអត្ថបទចម្លងតៗគ្នាក្តី អត្ថបទបោះពុម្ពផ្សាយសម័យ បច្ចុប្បន្ន ក្តី សុទ្ធតែបានកែប្រែវិធីសរសេរ តួអក្សរ អក្ខរាវិរុទ្ធឲ្យស្របស្រួលតាមសម័យរៀងៗខ្លួន ពោលគឺខុសពីអត្ថបទដើម ដូចនេះ ពុំអាច ស ឲ្យឃើញសម័យប្រវត្តិនៃអត្ថបទដើមនោះឡើយ។
យោបល់រួម៖
សេចក្តីទាំងនេះបញ្ជាក់គោលសំខាន់មួយក្នុងអត្ថបទវិជ្ជា, អក្សរសិល្ប៍វិជ្ជា គឺ ការពឹងផ្អែកលើមុខវិជ្ជាសំខាន់២យ៉ាងគឺ៖១) វិជ្ជាប្រវត្តិសាស្ត្រ (histoire),
២) វិជ្ជានិរុត្តិសាស្ត្រ (philologie)។
ការសិក្សាតែអត្ថបទប៉ុណ្ណោះក៏នៅពុំទាន់គ្រាប់គ្រាន់ពីព្រោះអត្ថបទទាក់ទង អាស្រ័យទៅលើអ្នកតែងអត្ថបទពោលគឺអ្នកនិពន្ធ។ ដូច្នេះ វត្ថុសិក្សាអត្ថបទវិជ្ជា ក្នុង អក្សរសិល្ប៍វិជ្ជា គឺអ្នកនិពន្ធ។
ខ) អ្នកនិពន្ធ
អ្នកតែងអត្ថបទ ជា ធាតុសំខាន់មួយក្នុងអត្ថបទវិជ្ជា ហើយ ជាវត្ថុសិក្សាសំខាន់ ក្នុងវិជ្ជាអក្សរសិល្ប៍។ អក្សសិល្បវិទូខ្លះឲ្យតម្លៃ ខ្លាំងពេកទៅលើអ្នកនិពន្ធ ដោយលើក យកជាតិកណើត ក្រុមញាតិ ក្រុមគ្រួសារ ការរស់នៅ ការសិក្សាអប់រំ និង ទស្សនៈអ្នក និពន្ធ មកស្រាវជ្រាវធ្វើជាធំបង្អស់ពីព្រោះដោយយល់ថាន័យសេចក្តីក្នុង អត្ថបទ គឺសុទ្ធ តែកើតឡើងអំពីចិត្តហើយ ជារបៀបរស់នៅរបស់អ្នកនិពន្ធនោះឯងក៏ ប៉ុន្តែគប្បីត្រិះរិះ បញ្ហាអ្នកនិពន្ធនេះផងពីព្រោះ៖
១) ខ្លះស្លាប់បាត់ទៅហើយ ខ្លះទៀតពុំទាន់ជាក់លាក់ជាអ្នកនិពន្ធមែនទែន ជួនកាលគ្រាន់តែជាអ្នកចម្លងបន្តគ្នាមកទៀត។ អ្នកនិពន្ធខ្លះទៀតតែងអត្ថបទផ្ទុយទៅនឹងទស្សនៈផ្ទាល់ខ្លួនក៏មានដែរ ម្យ៉ាងទៀត ចិត្តគំនិតអារម្មណ៍ផ្ទាល់ខ្លួនកប់ក្នុងចិត្ត គេពុំអាចយល់ឃើញដូចអត្ថបទមែនទែននោះឡើយ។
២) អាស្រ័យហេតុនេះមានអ្នកប្រាជ្ញមួយពួកទៀតប្រកាន់អត្ថបទជាធំ។ ចំពោះ អត្ថបទវិជ្ជាខ្មែរ បញ្ហា អ្នកនិពន្ធ ជាចំណោទមួយស្មុគស្មាញ ច្រើនតែពុំមានឈ្មោះកេរ្តិ៍ ដំណែលអាចប្រាប់ជីវភាព ជីវប្រវត្តិបានឡើយ។
វិជ្ជាអត្ថបទអក្សរសិល្ប៍ គប្បីឲ្យតម្លៃទៅលើអ្នកនិពន្ធណាដែលមានជីវភាព ចិត្ត គំនិតទស្សនៈ ទាក់ទងស្និទ្ធស្នាលទៅនឹងអត្ថបទស្នាដៃរបស់ខ្លួនផង ហើយជាពិសេស អ្នកនិពន្ធជាតំណាង និងជាកញ្ចក់ឆ្លុះបង្ហាញ ពី ទេស ពី កាល នៃអ្នកតែងនិពន្ធ។
បានសេចក្តីថា ខ្លួនអ្នកនិពន្ធទៅជាវត្ថុពិសេសចំពោះវិជ្ជាអក្សរសិល្ប៍ដរាបណា ការសិក្សាជីវប្រវត្តិ អ្នកនិពន្ធនោះ បង្ហាញប្រវត្តិ និងបរិយាកាស សង្គម ជាហេតុនាំឲ្យមាន ការតែងនិពន្ធនោះឡើង។
គ) សង្គមបរិយាកាស
១) ទីកាលគឺជាកាលកំណត់ពីពេលតែងនិពន្ធ, ពេលកំណើតអ្នកនិពន្ធ, ពេកថ្លែងសំដែង អត្ថបទ អក្សរសិល្ប៍។
កំណត់កាលពេលវេលា នោះមានប្រយោជន៍សំខាន់ ដើម្បីជាពន្លឺឆ្លុះមើលសម័យ ប្រវត្តិសាស្រ្តដែលនាំឲ្យស្នាដៃអ្នកនិពន្ធបានចាប់កំណើតដែលថ្លែងសំដែងឡើង។
២) ទីកន្លែង
ស្រុក ភូមិ ក្រុង ប្រទេស ទាំងនេះ ជាធាតុ សំខាន់ដែលអាចជាជំនួយ ជួយពន្យល់ អត្ថបទ គឺ ទីកន្លែងរបស់អ្នកនិពន្ធ ឬ ទីកំណើត ស្នាដៃអ្នកនិពន្ធ។
៣) ទីបរិយាកាស
គឺ ជាជីវភាពរឿងរ៉ាវផ្សេងៗ ទំនាស់ទើសទាស់ឧបសគ្គ ឬ ចម្បាំងរាំងជល់ ការប្រយុទ្ធ វិបត្តិ គ្រប់យ៉ាងរបស់អ្នកនិពន្ធ ឬ របស់សង្គមមនុស្ស ក្តីដែលទាក់ទង និង អត្ថបទ។
ទីបរិយាកាស ពិសេសគឺដូចជាពេលចម្បាំង ឬ វិបត្តិធំៗ ដែលនាំឲ្យមានភ្ញាក់ ស្មារតី សតិសម្បជញ្ញៈ ភ្ញាក់ខ្លួន ភ្ញាក់គំនិត។
យោបល់រួម
អត្ថបទវិជ្ជា គឺ ជាវិជ្ជាអក្សរសិល្ប៍ ដែលត្រូវ លើកធាតុទាំង៣ខាងលើនេះ គឺ៖១) អត្ថបទ អក្សរសិល្ប៍ ដែលជាវត្ថុមានរូបរាងជាសិលាចារឹក,សត្រាស្លឹករឹត, ក្រាំង, សំណេរដៃលើក្រដាស, សៀវភៅបោះពុម្ព។
២) អ្នកនិពន្ធអត្ថបទ អក្សរសិល្ប៍ ដែលជាអ្នកដំណាងសម័យប្រវត្តិមួយ ឬ បញ្ហា មួយ។
៣) បរិយាកាសសង្គម ពោលគឺ ប្រវត្តិសាស្ត្រផ្នែក វប្បធម៌ និង អរិយធម៌។
គន្លិះ ទាំង ៣ នេះត្រូវលើកយកមកសិក្សាពន្យល់ ជាប់គ្នា ដូចនេះ វិជ្ជាអក្សរសិល្ប៍ ពុំមែនមុខវិជ្ជាមួយដាច់ដោយឡែកស្រឡះពីវិជ្ជាឯទៀតៗ មាន ភាសាវិជ្ជា, និរុត្តិវិជ្ជា, ប្រវត្តិវិជ្ជា, សង្គមវិជ្ជា, ទស្សនវិជ្ជា, សិល្បវិជ្ជា, សាសនាវិជ្ជា។ល។ លុះត្រាតែចេះប្រើ វិជ្ជារួមគ្នា ជាពន្លឺសម្រាប់ឆ្លុះមើលធាតុទាំង៣ នៃអក្សរសិល្ប៍ គឺ អ្នកតែង, ស្នាដៃនៃ អត្ថបទតែង និង បរិយាកាសសង្គមវិជ្ជា ទើបជាវិជ្ជាអក្សរសិល្ប៍អាចយល់និងពន្យល់បាន ខ្លះ ឬ បានហ្មត់ចត់។
បញ្ជីសៀវភៅខ្លះៗ
ភាសាខ្មែរ៖
-ឃីងហុកឌី, ទាវឯក, សេចក្តីផ្តើម, អត្ថបទបកប្រែជាភាសាបារាំង, កំណត់,អត្ថបទខ្មែរតឆមអក្ខរាវិរុទ្ធដើម និង អត្ថបទទំនើបតាមវចនានុក្រមពុទ្ធសាសនបណ្ឌិត្យ, បណ្ណាគារអង្គរ, ២០០៥។
-ឃីងហុកឌី, សាស្ត្រារាមកេរ្តិ៍ កាលវៃយរាពណ៍សន្តំយកព្រះរាមបាន, ភ្នំពេញ, បណ្ណាគារអង្គរ, ២០០៤។
-ឃីងហុកឌី, ល្បើកអង្គរវត្ត, អារម្ភកថានិងបោះពុម្ពដោយឃីងហុកឌី, ភ្នំពេញ, បណ្ណាគារអង្គរ, ២០០៦។
-ឃីងហុកឌី, រស្មីកម្មអក្សរសិល្ប៍ចិនលើកម្ពុជានាសតវត្សទី១៩និងទី២០, ភ្នំពេញ, បណ្ណាគារអង្គរ, ២០០៨។
No comments:
Post a Comment