Thursday, June 12, 2014

កំណាព្យ កល្យាណធម៌ប្រាំ បទពាក្យ៧ : និពន្ធដោយ វ៉ែន សុន


កំណាព្យ កល្យាណធម៌ប្រាំ
បទពាក្យ៧
-ហៃសាធុជនគ្រប់អាត្មា
រស់លើលោកាភ្ញាក់ឃ្មាតខ្មី
រៀនធម៌ព្រះពុទ្ធទាំងប្រុសស្រី
ទើបសុខសិរីគ្រប់គ្នាគ្នី។

-គឺកល្យាណធម៌យើងគួរចាំ
ជាគូសីលប្រាំត្រូវសំភី
ទីមួយផ្តល់សិទ្ធិជន គ្រប់ទី
រក្សាជីវី «កុំប្រល័យ» ។

-ទីពីរ«សម្មាអាជីវៈ»
ចិត្តស្ងប់ត្រជាក់រស់រាលថ្ងៃ
ការងារទៀងត្រង់ចេះកែ ច្នៃ
អ្នកកុំមានដៃលួច-ប្លន់គេ។

-«មេត្តាសន្តោស»ធម៌ទីបី
មានប្រពន្ធប្តីកុំវៀចវេរ
ត្រូវចេះអត់ឱនកុំវាយជេរ
ចិត្តស្មោះមិនរេរឿងក្បត់ផិត។

-រីឯទីបួនធម៌«សច្ចៈ»
ត្រូវចេះស្មោះស្ម័គ្រអប់រំចិត្ត
កុហក់ភូតភរចៀសកុំស្បិត
ពាក្យពិតថេរឋិតក្នុងអាត្មា។

-«សតិ»ជាធម៌ល្អទីប្រាំ
ប្រុសស្រីចងចាំកុំហូបស្រា
ស្រវឹងជ្រុលជ្រួសហួសមាត្រា
ក្រែងបាត់ម្ចាស់ការភ្លេចស្មារតី។

-នេះកល្យាណធម៌ល្អក្លិនក្លែប
ពាក្យកាព្យសង្ខេបបែបខ្លឹមខ្លី
ធម៌សម្រាប់រស់ក្នុងលោកិយ
សុខសាន្តសួស្តីតរៀងទៅ៕៚

និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks