Saturday, June 7, 2014

កំណាព្យបទពាក្យ៧ «ខ្មែរដាស់ខ្មែរ»


កំណាព្យបទពាក្យ៧ «ខ្មែរដាស់ខ្មែរ»

១/. សាវតាចែងចារខេមរាចាំ .................... ជាច្រើនរយឆ្នាំខ្មែរធ្លាក់ខ្លួន
បាត់បង់ទឹកដីទៅសៀម-យួន ................... ជាតិចោរចាំក្បួនពីតាដូន។

២/. រីខ្មែរថយថោកខូចពូជធារ .................. នាមជាតិអ្នកជារលាយសូន្យ
រស់ស្ទើរស្មើចាមអាស្រ័យក្បូន ................. គិតគេចវេចលូនពួនកាយា។

៣/. អង្គររុងរឿងថ្កើងអនេក ...................... ខ្មែរសប្បាយពេកភ្លេចការពារ
ចោរចូលទន្ទ្រានយើងរួញរា ...................... ធានីធំធារនិរាសហោង(១)។

៤/. លង្វែកសង្ហាថាស្តុកស្តម្ភ .................... ឫស្សីលានគុម្ពជារបង
ខ្មាំងប្រើប្រាក់ដួងព្រាចចូលផង ................ ខ្មែរប្រាបរបងដោយដៃឯង។

៥/. ឧត្តុងតូចទាបទុក្ខក្រៀមក្រំ ................. ចោរចោមបង្ខំឥតមានក្រែង
យកក្បាលដាំតែអុងជាល្បែង ................... ខ្មែររែងចំបែងបាក់ខ្លបខ្លាច។

៦/. ចតុម្មុខមង្គលខ្សួលឥតអាក់ ................ អាគន្តុកៈប្រើអំណាច
ដូនពេញកូនភ្នំយំព្រោះខ្លាច ..................... ត្រូវមារកោងកាចច្រៀកចែកដី។

៧/. លិច-ជើងរួញតូចដួចដល់ភ្នំ ............... ព្រះវិហារយំស្លុតស្មារតី
ខ្លាចទមិឡកំណាចអន្យតិរ្ថី៍យ៍ ................... ឆាបឆក់ប្រល័យពីដៃខ្មែរ។

៨/. កើត-ត្បូងរន្ធត់ស្រយុតប្រាណ ............ ពួកពាលតិរច្ឆានចិត្តថ្លើមឆ្កែ
បុករុកទន្ទ្រានគ្មានពេលល្ហែ ..................... ភពផែនដីខ្មែរបង់អស់ឆោម។

៩/. ស្រណោះពូជខ្មែរប្រាសនិរាស ........... ខណ្ឌចែកអាកាសខ្មែរលើ-ក្រោម
កណ្តាលសោយសោករស់ប្រឈម .......... អបលក្ខណ៍ព័ទ្ធចោមមិនប្រណី។

១០/. ទុក្ខម្នោទោរម្នេញពេញដួងចិត្ត ......... រកកលវិបរិតជិតក្សិណក្ស័យ
ខ្សឹកខ្សួលរំជួលរាល់យប់ថ្ងៃ ..................... សៀមយួនចង្រៃតាមបន្លាច។

១១/. នេះហេតុនរណានាំអម្ពល់ ............... មិនគឺខ្មែរខ្វល់តែអំណាច
ដណ្តើមកាប់ចាក់បក្ខប្រសាច .................. ក្អេងក្អាងកោងកាចអន្យតិរ្ថីយ៍។

១២/. ប្រចឹកប្រខាំគ្នាវក់វី .......................... ហែកខ្ទេចហែកខ្ទីគ្មានប្រណី
លើសអស់សត្វផងតាមដងព្រៃ ............... ដណ្តើមចំណីឆីរៀងអាយ។

១៣/. ឧបមេយ្យឲ្យលើសពីឈ្លើងទាម ..... ជញ្ជក់យកឈាមសត្វទាំងឡាយ
ទោះឆ្អែតក៏ប្រឹងបឺតរាយមាយ .................. មិនព្រមលែងងាយឆ្ងាយចំណី។

១៤/. ពុំនោះដូចកលលើសខ្លាធំ ............... ឃើញម្រឹគជួបជុំមិនអាល័យ
សង្គ្រុបផ្តាច់ជីពម្រឹគឲ្យក្ស័យ ................... ឲ្យលុះអន្តរាយគ្មានសល់សេស។

១៥/. ពុំនោះដូចពាក្យចាស់ពោលផ្សំ ........ មនុស្សដើរដោយភ្នំព្រៃប្រទេស
បានស្ករទឹកឃ្មុំពួនក្រអេស ...................... ប្រឹងស៊ីវេចវេសតែឯងផង។

១៦/. កិបកេងប្រវ័ញ្ចន៍គ្មានកេរ្តិ៍ខ្មាស ........ ប្រស្តែងប្រកាសតាមបំណង
អញល្អអញខ្លាំងពេកកន្លង ...................... លើសអស់មនុស្សផងលើផែនដី។

១៧/. អួតឯងរឿងរង្សពង្សឬទ្ធី ................. អង្គអញឥន្ទ្រីយ៍តេជៈក្រៃ
កម្មម្តេចរួញតូចតែទឹកដី .......................... ទោះម្ចាស់ភូវន័យថ្កើងសក្តា។

១៨/. ខ្មែរអើយភ្ញាក់ឡើងឈប់ល្ងង់ខ្លៅ .... ប្រយ័ត្នកូនចៅវាដៀលថា
ផ្ទះអញចង្អៀតហេតុដូនតា ...................... ហែកហួរប្រហារការចៅហ្វាយ។

១៩/. ងប់ងុលមិនគិតប្រយោជន៍ជាតិ ....... នគររួញត្បៀតក៏សប្បាយ
រាស្ត្រស្លាប់វាល់លានគ្មានខ្វល់ខ្វាយ ......... បរទេសជាន់កាយមិនបម្រះ។

២០/. មរតកសាវតាច្រើនពេកហើយ ........ ដេកលក់ព្រងើយគ្មានអ្នកដាស់
មិនប្រឹងបើកភ្នែកឲ្យស្រឡះ .................... លាងចិត្តវិបល្លាសឲ្យជ្រះស្អាត។

២១/. ខ្មែរអើយឈប់អួតពីអំណាច .......... ខ្មែរអើយឈប់កាចកោងហួសខ្នាត
ខ្មែរអើយឈប់ឈ្លោះគ្មានបទបាទ .......... ខ្មែរអើយឈប់ឃ្លាតញាតិបងប្អូន។

២២/. ខ្មែរអើយឈប់កាប់សម្លាប់ខ្មែរ ........ ខ្មែរអើយឈប់ប្រែខ្មែរឲ្យសូន្យ
ខ្មែរអើយឈប់ចង់គង់ដោយក្បូន ............. ខ្មែរអើយឈប់លូនដូចតិរច្ឆាន។

២៣/. ខ្មែររស់ខ្មែរស្លាប់ដោយដៃខ្មែរ ......... ខ្មែរចេះកែប្រែខ្មែរក្លាហាន
ខ្មែរចាំសាវតាខ្មែរប្រែប្រាណ .................... ខ្មែរថែព្រៀងលានខ្មែរអ្នកជា។

២៤/. ខ្មែររក្សាជាតិខ្មែរថ្លាថ្លៃ ..................... ខ្មែររក្សាដីខ្មែរធំធារ
ខ្មែររក្សាញាតិខ្មែរពុះពារ .......................... ខ្មែររក្សាកេរ្តិ៍ខ្មែរសប្បាយ។

២៥/. ខ្មែរអើយភ្ញាក់ឡើងខ្មែរសាមគ្គា ....... ខ្មែរបែកបាក់គ្នាខ្មែរអន្តរាយ
ខ្មែរមូលចងមិត្តខ្មែរពណ្ណរាយ .................. ខ្មែររួមចិត្តកាយខ្មែរសុខសាន្ត។

២៦/. ខ្មែរអើយក្រោកឡើងខ្មែរសាមគ្គី ..... ញាតិខ្មែរមូលមីផៅសន្តាន
លើ-កណ្តាល-ក្រោមចិត្តហៅហាន .......... ខ្មែររស់ថ្កើងថ្កាននិរន្តរ៍អើយ។

(១) ពាក្យ«ហោង» តាមទម្លាប់អានថា«ហង» ដើម្បីឲ្យជួននឹងពាក្យ«របង»

និពន្ធដោយ ៖ សុរិយ វង្ស ទេវ័ន្ត

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks