សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ។
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
ព្រះសង្ឃរាជ បានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់គឺ៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។
No comments:
Post a Comment