Thursday, June 12, 2014

អំពីផលវិបាករបស់អ្នកនិពន្ធ : វ៉ែន សុន

អំពីផលវិបាករបស់អ្នកនិពន្ធ
ក្មួយៗជាទីស្រឡាញ់!បើក្មួយៗមានបំណងក្លាយខ្លួនទៅជាកវីនិពន្ធ ក្មួយៗត្រូវស្វែងយល់ឱ្យបានច្បាស់អំពីផលវិបាករបស់អ្នកនិពន្ធម្នាក់ៗ ជាមុនសិន។

តើអ្វីជាផលវិបាកទាំងនោះ?
ចំពោះទស្សនៈខ្ញុំវិញ ខ្ញុំយល់ថា« នរណាម្នាក់ក៏អាចនិពន្ធបានដែរ ឱ្យតែគេមានចិត្តចង់ មានការព្យាយាម និង មានសេចក្តីក្លាហាន ។ល។ ប៉ុន្តែអ្វីដែលពិបាកចំពោះអ្នកនិពន្ធម្នាក់ៗ នោះគឺ«ការរកទស្សនៈ ដោយឡែកដើម្បីអប់រំមនុស្សនោះហើយគឺជាការពិបាក»

ឧទាហរណ៍ៈ ទស្សនៈរបស់ព្រះរាជសម្ភារ ដែលជាកវីរាជសម័យក្រោយអង្គរ (សម័យឧដ្តុង្គលង្វែក) កំណាព្យឧបទេសកថារបស់ទ្រង់បានលើកឡើងថា
« ខ្លែងហើរត្បិតខ្យល់»។ល។ ចំពោះទស្សនៈដោយឡែករបស់ខ្ញុំវិញ កំណាព្យដែលជាស្នាដៃរបស់ខ្ញុំៗសរសេរថា « ខ្លែងហោះត្បិតខ្សែ »។ល។
កំណាព្យ ខ្លែងហោះត្បិតខ្សែ
បទកាកគតិ
ខ្លែងហោះត្បិតខ្សែ ខ្លែងក្រដាសខ្មែរ មិនមែនបក្សី ខ្លែងធំខ្លែងតូច ខ្លែងចាស់ខ្លែងថ្មី ខ្មែរក្មេងប្រុសស្រី
បានបីបង្ហោះ។

ខ្លែងហោះត្បិតខ្សែ ខ្លែងក្រុងខ្លែងស្រែ មានខ្សែទាំងអស់
ខ្លែងឯកហោះខ្ពស់ ពីរោះស្រណោះ ព្រោះខ្សែវែងសោះ
ទើបហោះជួបខ្យល់។

ខ្លែងហោះត្បិតខ្សែ ខ្លែងតូចធំដែរ បានហោះឥតខ្វល់
ខ្សែវែងខ្លីខ្លះ ដែលម្ចាស់បានផ្តល់ ខ្លែងហោះគ្មានសល់
ទាបខ្ពស់ព្រោះខ្សែ ៕៚
ឧទាហរណ៍ខាងលើនេះហើយ គឺជា« ទស្សនៈដោយឡែក »ដែលយើងជាកវីនិពន្ធម្នាក់ៗ ត្រូវតែយល់ឱ្យបានច្បាស់។
ក្មួយៗដែលមានបំណងចង់ធ្វើជាកវីនិពន្ធ ក្មួយៗត្រូវ «ធ្វើតាមសត្វឃ្មុំដែលហើរក្រេបលំអងផ្ការាប់សិបផ្កា ទើបបានជាទឹកដែល មាន រសផ្អែមរបស់សត្វឃ្មុំ»។ ក្មួយកុំធ្វើតាមសត្វឆ្កែញាំង ដែលហើរពាំសត្វដង្កូវ យក មកផ្ញាស់ធ្វើជាកូនរបស់ខ្លួននោះមិនល្អទេ។ ខ្ញុំចង់និយាយថា បើក្មួយៗចង់ធ្វើជា
កវីនិពន្ធ ក្មួយកុំលួចស្នាដៃគេមកធ្វើជាស្នាដៃរបស់ខ្លួន។ ក្មួយៗធ្វើយ៉ាងណាកុំឱ្យគេមើលងាយជាតិរបស់យើង។ល។
វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks