ជីវប្បវត្តិព្រះភិក្ខុធម្មបាលខៀវ ជុំ
ព្រះភិក្ខុខៀវ ជុំកើតនៅព.ស២៤៥០ គ.ស១៩០៧ នៅភូមិអន្លង់តាសេក សង្កាត់ព្រែកអំបិល ស្រុកស្អាង ខែត្រកណ្ដាល។ ឪពុកនាមង៉ែត ខៀវ ម្ដាយនាមកែវ ចិនមានមុខរបរពាណិជ្ជកម្ម បសុកម្ម នេសាទកម្ម និង កសិកម្ម។ អាយុ១២ឆ្នាំ កុមារខៀវ ជុំត្រូវម្ដាយឪពុកនាំទៅវត្តរៀនលេខ អក្សរក្នុងសំណាក់លោកគ្រូទន់ ជាន់ចៅអធិការវត្តសេដ្ឋីសង្កាត់បានកាម ស្រុកព្រែកកប្បាស ខែត្រតាកែវ។ អាយុ១៧ឆ្នាំ បានបួសជាសាមណេរក្នុងសំណាក់លោកគ្រូទន់ ជាន់ជាឧបជ្ឈាយ៍នៅព.ស២៤៦៧ គ.ស១៩២៤។ ពេលព្រះឧបជ្ឈាយ៍សុគត សាមណេរចេញទៅនៅវត្តលង្កាដើម្បីសិក្សាវិជ្ជាព្រះពុទ្ធសាសនា នៅព.ស២៤៦៩ គ.ស១៩២៦ ដោយត្រូវរកគ្រូ និង កន្លែងអាស្រ័យនៅយ៉ាងលំបាក។ លុះដល់ព្រះជន្ម២១វស្សាបានឧបសម្បទាជាភិក្ខុក្នុងពុទ្ធសីមាវត្តលង្កាអំពីគណៈសង្ឃ២០អង្គមានសម្ដេចព្រះធម្មលិខិតល្វី ឯម ឧត្ដមក្រុមប្រឹក្សាគណៈមហានិកាយជាឧបជ្ឈាយ៍ ព្រះតេជគុណឥន្ទលិខិត យី ជាឧបសម្បទាចារ្យ។ ភិក្ខុខៀវ ជុំមាននាមប្បញ្ញត្តិថា"ធម្មបាល"នៅព.ស២៤៧១ គ.ស១៩២៨។ ភិក្ខុខៀវ ជុំនៅបម្រើព្រះឧបជ្ឈាយ៍អស់៦វស្សាក្នុងវត្តលង្កា។ ព្រះអង្គមិនមានវិញ្ញាបនបត្រ សញ្ញាបត្រ និង ប្រកាសនីយបត្រពីក្រសួងឬពីសំណាក់ការសិក្សាណាមួយឡើយ។ ក្នុងវត្តលង្កា ធម្មបាលបានរៀនចប់ធម្មវិន័យថ្នាក់ត្រី ទោ ឯកប្រលងជាប់លេខ៧។ ពុទ្ធិកបឋមសិក្សារៀនចប់គ្រប់ថ្នាក់មិនមានចាត់ការប្រលងទេ។ពុទ្ធិកមធ្យមសិក្សារៀនបាន៣ឆ្នាំត្រូវឈប់ដោយសុខភាពមិនល្អ។ ព.ស២៤៧៧ គ.ស១៩៣៧បង្រៀននៅវត្តគោកទ្រា ខែត្រកំពង់ចាម៣ឆ្នាំ។ ព.ស២៤៨៣ គ.ស១៩៤០បង្រៀនវត្តដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខែត្រកណ្ដាល៤ឆ្នាំ។ ព.ស២៤៨៧ គ.ស១៩៤៤បង្រៀនភាសាខ្មែរ ភាសាបរទេសខ្លះនៅវត្តលង្កាភ្នំពេញ១ឆ្នាំ។ ព្រះភិក្ខុអង្គនេះក៏បានបន្សល់ទុកនូវស្នាដៃតែងនិពន្ធដូចជា៖១-ល័ក្ខវិជ្ជាការរដ្ឋភាគ១-២,២-គូមិត្តឥទ្ធិបាទ,៣-បញ្ហាជីវិត,៤-សំវេគធម៌,៥-ត្រៃលក្ខណ៍,៦-កម្ពុជវេយ្យាករណ៍,៧-បញ្ហាអនាគត,៨-បញ្ហានរកសួគ៌,៩-សីលធម៌សាកល,១០-ជីវិតគ្រប់លក្ខណ៍,១១-ពិភពលោកភាសិត,១២-ទានទស្សនៈ,១៣-និព្វានទស្សនៈ,១៤-វេយ្យាករណ៍យើង,១៥-ត្រៃចរិយា,១៦-ជីវិតទស្សនៈ,១៧-វិញ្ញាណទស្សនៈ,១៨-ពុទ្ធវិទ្យារឿងបុណ្យបាប,១៩-សាកលចិន្ដា,២០-ទស្សនៈសាកល,២១-ប្រជាធិបតេយ្យចាស់ទុំ,២២-និព្វាននៅឯណា?,២៣-ឧត្ដមគតិជីវិត,២៤-ជីវិតតស៊ូ,២៥-ព្រះធម្មទេសនាព្រះធម្មបាលខៀវជុំ,២៦-សន្តិភាពតាមគតិពុទ្ធសាសនា,២៧-ជីវិតសន្តិភាព,២៨-ជីវិតកសាងខ្លួនឯង និងចិត្តវិទ្យានៃសង្គម,២៩-ជីវិតឈ្នះលោក,៣០-សាធារណរដ្ឋ៘
ភិក្ខុធម្មបាលខៀវ ជុំជាឥស្សរជនសំខាន់នៅក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។ នៅពេលពួកខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញ ព្រះអង្គត្រូវពួកទមិឡឥតសាសនាធ្វើគុតនៅខែត្រកំពង់ឆ្នាំងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក្រោយជ័យជម្នះ។
ភិក្ខុធម្មបាលខៀវ ជុំជាឥស្សរជនសំខាន់នៅក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។ នៅពេលពួកខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញ ព្រះអង្គត្រូវពួកទមិឡឥតសាសនាធ្វើគុតនៅខែត្រកំពង់ឆ្នាំងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក្រោយជ័យជម្នះ។
No comments:
Post a Comment