កំណាព្យ សម្រស់ប្រាសាទបន្ទាយស្រី២០១៤
បទពាក្យ៧
កសិណទឹកថ្លាផ្ការីកស្រស់
ប្រែជាក្រៀមក្រោះស្តាយហួសស្តី
ផ្លូវចូលបាក់បែកបន្ទាយស្រី
ឃើញស្នាមចាស់ថ្មីស្តីសោកស្តាយ។
រ៉ែៗរៃយំដើមឈើទាល
សេកយំជំទាលហិចហើរឆ្ងាយ
ពិណពាទ្យប្រគំរឹតខ្វល់ខ្វាយ
អ្នកភ្លេងទាំងឡាយក៏ពិការ។
ក្បូរក្បាច់វិចិត្រល្អថ្លាថ្លៃ
ដែលជាស្នាដៃកេរដូនតា
ល្អទាំងចម្លាក់អប្សរា
ភ្ញីផ្កាល្អដូចទេពនិម្មិត។
បើសិនកើតទាន់កាលសង់ថ្មី
ប្រាសាទល្បាញល្បីទាំងឆ្ងាយជិត
មិនទាន់បាក់បែកល្អពេកពិត
កាលពីព្រេងព្រឹទ្ធដូចសួគ៌ឋាន។
ប្រាង្គបន្ទាយស្រីប្រែទ្រោមទ្រុឌ
ទេព្តានាគគ្រុឌពិការប្រាណ
ចម្លាក់បវរល្អហួសស្មាន
សូមអស់សន្តានជួយរក្សា៕៚
០២,០៤,២០១៤ និពន្ធដោយ វ៉ែន សុន
No comments:
Post a Comment