អនិច្ចា!!ព្រំដែនកម្ពុជា
===============
១.នេះនឹងថ្លាថ្លែងតែងអក្ខររា
សំនួនវោហាស៏តាមច្បាប់ក្បួន
ពីព្រំដែនខ្មែរជាប់សៀមយួន
ឆ្លៀតខ្មែរភ្លេចខ្លួនងប់ដុល្លា។
២.សត្សវត្សម្ភៃមួយខ្មែរសុខសាន្ត
ស្រុកយើងក្សាន្តត្រានអង្គរថ្លា
កូនខ្មែរគ្រប់ប្រាណខំសិក្សា
រកវិជ្ជាការស្ទួយសង្គម។
៣. សន្តិភាពប្រុងខ្លួនការពារ
លើកស្ទួយវិជ្ជាការអប់រំ
សម័យអភិវឌ្ឍនិយម
កូនខ្មែរនិយមតែ "ដុល្លា"។
៤. ខ្មែរអើយកុំឈ្លក់ងប់នឹងប្រាក់
ប្រយ័ត្នអន្ទាក់ខ្មំាងឬស្សា
មានហើយមេរៀនអតីតកាល
ប្រវត្តិខ្លោចផ្សារព្រោះតែប្រាក់។
៥. សត្សវត្សដប់ប្រំាមួយ ចំាទេ!
ខ្មែរឆោតជាងគេជាប់អន្ទាក់
ចាញ់បោកចោរសៀមព្រោះតែប្រាក់
សៀមចូលទាត់ធាក់ជនខេមរា។
៦. បច្ចុប្បន្នកូនខ្មែរងប់ដុល្លា
សប្បាយហឺហានឹងស្រីស្រា
ងប់ទ្រព្យសម្បត្តិឡានវីឡា
មិនគិតខេមរាជាតិទឹកដី។
៧. ព្រំដែនខាងលិចព្រំខាងកើត
ចោរគ្មានកំណើតបង្ខិតដី
ប្លន់ស្រែចំការមិនប្រណី
ឯពួកមន្រ្តីគិតដុល្លា។
៨. កូនខ្មែរអើយត្រូវនំាគ្នាស្វែងយល់
រឿងរ៉ាវព្រំដែនព្រំសីម៉ា
ការពារទឹកដីស្រែចំការ
កុំងប់ដុល្លាវង្វេងស្រាស្រី។
៩. យុវជន យុវនារីត្រូវដឹង
ស្វែងយល់រឿងហ្នឹងព្រំទឹកដី
កុំឲសៀមយួនបង្ខិតដី
កូនខ្មែរប្រុសស្រីដឹងព្រំដែន។
រាជធានីភ្នំពេញថ្ងៃច័ន្ទទី០១ខែមេសាឆ្នំា២០១៣
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment