“សមត្ថភាពនៃស្រ្តីខ្មែរ”
=============================
១. នេះសមត្ថភាពនៃស្រ្តីខ្មែរ
ពិតសែនពូកែពេញដោយប្រាជ្ញា
ស្មារតីតស៊ូឆន្ទះខ្លំាងក្លា
វាងវ័យបញ្ញាថ្លាដោយគំនិត។
២. ស្រ្តីខ្មែរពិតសមត្ថភាពឆ្នើម
វិជ្ជមានសម្បើមថ្លៃថ្លើមជីវិត
ចំណេះជំនាញវីជ្ជាប្រណីត
ចរិយាព្រឹទ្ធល្អឯកម្លេះទេ។
៣. ស្រ្តីឆ្នើមពិតក្នុងនយោបាយ
លើសស្រីទំាងឡាយដឹកនំាសង្គម
ព្រះនាងសោម៉ាលីវយី និយម
ខ្មែរគ្រប់និគមបូរាណជឿជាក់។
៤. ស្រ្តីឆ្នើមពិតវិស័យអប់រំ
វប្បធម៌និយមសំង្រ្កឹតបាលី
អក្សរសាស្រ្តជាតិថ្កើងដោយក្សត្រី
ឥន្រ្ទទេវីស្រីខ្មែរចំណាន។
៥. ស្រ្តីឆ្នើមពិតពូកែប្រាជ្ញា
សង្គ្រោះរដ្ឋាជួយជាតិសាន្តត្រាន្ត
គឺជំទាវ”ស្រែ្យន” នារីកល្យាណ
ស្រ្តីក្លាហ៊ានគិតគូរឿងជាតិ។
៦. ស្រ្តីឆ្នើមពិតគំនិតកវី
អ្នកនិពន្ធស្រីលោកយាយស៊ូសិទ្ធ
ចំណេះជំនាញមានដល់ប្រណីត
ស្នាដៃច្រើនពិតនៅទល់សព្វថ្ងៃ។
៧. ស្រ្តីឆ្នើមពិតរាជនីសម្លេង
ស្រួយស្រេះជាងក្មេងល្អជាងពេជ្រច្នៃ
រស់សេរីសុទ្ធា ថ្កើងនិស្ស័យ
សំនៀងមាសថ្លៃបំពេខេមរា។
៨. ស្រ្តីឆ្នើមពិតអង្គព្រះក្សត្រី
មហាភក្តីព្រះពុទ្ធសាសនា
ព្រះទ័យចូលរួមលើកស្ទួយរក្សា
វប្បធម៌ខេមរាសិល្បះប្រពៃ។
៩. គឺព្រះមហាក្សត្រីយានី
មគ្គុទេសន៏នារី”កុសមះ” មានជ័យ
មាតាសម្តេចតាសម្តេចយាយ
ពេញដោយអត្ថន័យជាតិកម្ពុជា។
១០. ស្រ្តីខ្មែរឆ្នើមសមត្ថភាពពិត
អប់រំគំនិតចរិយាជា
សមត្ថភាពប្រាជ្ញាមហិមា
មិនថយរុញរាចុះចាញ់ឧបសគ្គ។
រាត្រីថ្ងៃពុធទី ០៨ ខែ ឧសភា ឆ្នំា២០១៣
និពន្ធដោយ
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment