Thursday, January 30, 2014

“ងារជាឧកញ្ញ៉ា”

“ងារជាឧកញ្ញ៉ា”
១. ងារជាឧកញ្ញ៉ាពីសម័យដើម 
ជាងារដល់ឆ្នើមវីរបុរស
ប្តូរផ្តាច់ជីវីចិត្តភក្តីស្មោះ 
ការពារដែនកោះទឹកដីខេមរា។
២. មានជាអាថ៌ឧកញ្ញ៉ាសួគ៌ាលោក
ឃ្លំាងមឿងសុខចិត្តពលីសង្ខា
ដើម្បីដីខ្មែរ ដេញសៀមឬស្យា
ស្មោះអង្គក្សត្រាព្រះច័ន្ទរាជា។
៣. ឧកញ្ញ៉ាបុរ៉ារាជតេជោមាស
តេជោយ៉ត រាស្រ្តខ្មែរចំាគ្រប់គ្នា
ជាវីរបុរសមហិមា
ការពារកម្ពុជាវ៉ៃសៀមបាក់ស្បាត។
៤. សឺនគុយ ឧកញ្ញ៉ាសេនាបតី
ការពារទឹកដីក្លាហ៊ានអង់អាច
ដេញយួនចោរព្រៃដែលចូលរាតត្បាត
ស្រកីចោរម្ហាត ឧកញ្ញ៉ាកំចាត់បាន។
៥. ក្រឡាហោមគង់ ឧកញ្ញ៉ាភក្តី
កូនខ្មែរប្រុសស្រីចំាគ្រប់ជំនាន់
ដេញពួកបារំាងដែលមកជិះជាន់
ឧកញ្ញ៉ាងើបទាន់ទាមទាសេរី។
៦. តាឌី មេទ័ពងារជាឧកញ្ញ៉ា
ទឹកចិត្តហ៊ានក្លាការពារបុរី
ប្រាង្គព្រះវិហារ ប្រាង្គតាក្របី
ដេញសៀមប្លន់ដីប្រាង្គថ្មប្រាសាទ។
៧. រាជ្យសម្តេចតាអង្គវីរក្សត្រ
ចំណេះមឺងម៉ាត់ទើបជាឧកញ្ញ៉ា
មានជាអាថ៌ ទ្រឿងកាង ឧកញ្ញ៉ា
ស្ទួយជាតិខេមរាដោយសារចំណេះ។
៨. រឿងក្តីព្រះវិហារឈ្នះដោយច្បាប់
ទ្រឿងកាង ចំណាប់ចំណានតម្រិះ
ទ្រឿងកាងងារជាឧកញ្ញ៉ាចំណេះ
ផ្លូវច្បាប់លោកចេះបានព្រះវិហារ។
៩. ដើមសត្សវត្សម្ភៃមួយងារឧកញ្ញ៉ា
សំបូរដុល្លាឡិឡក់លីលា
ឧកញ្ញ៉ាជាចោរប្លន់ដីប្រជា
សុទ្ធតែជនពាលលួចសម្បត្តិជាតិ។
១០. ឧកញ្ញ៉ាមិនគោរពច្បាប់នៃរដ្ឋ
ទិញដូរព្រហ្មចារីយ៏តារាទៀត
ឧកញ្ញ៉ាឥលូវសុទ្ធតែចោលម្សៀត
គ្មានផ្នត់មាយាទថោកជាងក្មេងពាល។
១១. ពាក្យថា(ឧកញ្ញ៉ា)គឺមានតម្លៃ
សុទ្ធមានស្នាដៃបំរើប្រជា
ក្លាហ៊ានស្មោះស្ម័គ្រជាតិកម្ពុជា
ស៊ូក្ស័យជន្មាដើម្បីជាតិ។
១២. ឯ(ឧកញ្ញ៉ា)ឥលូវក៏ក្លាហ៊ាន
វ៉ៃដំរុញច្រានប្តឹងរាស្រ្តខ្មែរទៀត
មានស្នាដៃបំផ្លាញព្រៃឈើជាតិ
ជួញគ្រឿងញៀនទៀតបំពុលកូនខ្មែរ។
១៣. ឧកញ្ញ៉ាសម័យដើមសមឧកញ្ញ៉ា
ដូចដែរខ្ញុំចាររៀបរ៉ាប់ហូរហែរ
ឧកញ្ញ៉ាឥលូវឲឈោ្មះអ្វីដែរ?
ទើបសមលួចខ្មែរបំផ្លាញជាតិ។
ថ្ងៃ២៨ខែមិនាឆ្នំា២០១៣
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks