Thursday, October 6, 2016

យុទ្ធសាស្រ្តវាយលុកកងទ័ពអយុធ្យា និងការត្រៀមការពាររបស់លង្វែក

យុទ្ធសាស្រ្តវាយលុកកងទ័ពអយុធ្យា និងការត្រៀមការពាររបស់លង្វែក
ក្រោយអំពីទទួលដំណឹងអំពីសង្ឃក្លែងក្លាយទាំងពីរថាវត្ថុសាកសិទ្ធនៅក្រុងលង្វែកត្រូវបានបន្សាបរួចអស់ហើយនោះ សម្តេចព្រះនរេន្រ្ទសូរ បានរៀបចំកងទ័ព នឹងគន់គូររកថ្ងៃល្អដើម្បីលើកទ័ពធំមកវាយក្រុងលង្វែកម្តងទៀត។ នាថ្ងៃសុក្រ ១ កើត ខែមកសិរ ឆ្នាំម្សាញ់ ព.ស ២១៣៦ គ.ស ១៥៩៣ សម្តេចព្រះនេរេន្រ្ទសូរបានកេណ្ឌលួងបានកងទ័ពចំនួន ១សែននាក់ ដំរីចំនួន ៨០០ ក្បាល និងសេះចំបាំងចំនួន ១៥០០ ក្បាលដើម្បីត្រៀមវាយសម្រុកចូលនគរកម្ពុជាធិបតី។ ព្រះមហាក្សត្រ និងសម្តេចព្រះឧបរាជរបស់អយុធ្យាបានរៀបចំរចនាសម្ព័ន្ធ និងយុទ្ធសាស្រ្តកងទ័ពដូចខាងក្រោមនេះ៖
• ដោយសារមានបទពិសោធន៍កាលពីបរាជ័យក្នុងការវាយក្រុងលង្វែកកាលពីលើកមុន ព្រះចៅសៀមបានរៀបជើងព្រួលយ៉ាងពិស្តារ និងហ្មត់ចត់។ ព្រះចៅសៀមបានចាត់តាំងព្រះពញានគរនាយកគឺជាមេទ័ពធំ អមដោយព្រះពញាបច្ចិមបុរី ព្រះវិសេសស្រុកស្ទឹងជ្រៅ និងព្រះស្រះបុរី ដឹកនាំកងទ័ពចំនួន ១ម៉ឺននាក់ដើរប្រមូលស្បៀងអាហារ និងវាយបើកផ្លូវនៅតំបន់ទំនប់ដើម្បីធ្វើជាឃ្លាំងស្បៀងភាគខាងកើត។
• ក្រុមកងទ័ពដឹកនាំដោយចៅពញានគររាជសីមាលើកទ័ពប្រមាណ១ម៉ឺននាក់ទៅវាយយកខេត្តសៀមរាប ហើយក្រោយវាយបានហើយត្រូវវាយបន្តទៅមុខទៀតតាមទិសខាងកើតទន្លេសាបរហូតដល់ស្រុកកំពង់ស្វាយ នឹងបោះបន្ទាយរង់ចាំទ័ពលួងមកដល់។
• ក្រុមកងទ័ពជើងទឹកដែលនៅភាគខាងត្បូងនៃនគរអយុធ្យាដឹកនាំដោយព្រះពញាពេជ្របុរីបានកេណ្ឌសំពៅចំបាំងប្រមាណ២៥០គ្រឿងប្រកបដោយគ្រឿងសាស្រ្តាវុធ និងសំពៅដឹកស្បៀងប្រមាណ២០០គ្រឿងដោយរួមមានកងទ័ពសរុបចំនួន ២ម៉ឺននាក់ ចេញពីខេត្តនគរស្រីធម្មរាជា ផាត់លុង និងក្រុងឆៃយ៉ា លើកទៅវាយតាមផ្លូវទឹកឆ្ពោះទៅកាន់ខេត្តបាសាក់។
• ដោយឡែកកងទ័ពជើងទឹកពីខេត្តច័ន្ទបុរី រួមទាំងកងទ័ពស្ម័គ្រចិត្តរបស់ចាមដឹកនាំដោយព្រះពញារាជវ៉ាន់សាន់ នាំកងទូកចំបាំងទាំងអំ និងចែវ ប្រកបដោយកាំភ្លើងដៃ និងកាំភ្លើងធុនមធ្យម ចំនួនប្រមាណ ១៥០០ ទូក និងកងទ័ពចំនួន ១ម៉ឺននាក់ ចាកចេញទៅវាយយកស្រុកបន្ទាយមាស។
សរុបកងទ័ពរបស់អយុធ្យាទាំងអស់ចំនួន ១៥ម៉ឺននាក់ចែក ៤ក្រុម (២ក្រុមកងទ័ពជើងគោក និង ២ក្រុមទ័ពជើងទឹក)។ បើតាមឯកសារមហាបុរសខ្មែរ ទាហានសៀមដែលលើកមកនោះមានសរុបប្រមាណ ២៩០ ០០០នាក់។
ព្រះចៅក្រុងអយុធ្យា សម្តេចព្រះនេរេន្រ្ទសូរបានបញ្ជាឲ្យកងទ័ពទាំងអស់ចេញដំណើរព្រមគ្នានៅថ្ងៃអង្គារ ខែមកសិរ ឆ្នាំម្សាញ់ វេលាម៉ោង ៨៖៣០ ព្រឹក ដោយទ្រង់ នឹងព្រះឧបរាជ គង់នៅលើគជសារ ដឹកនាំដោយផ្ទាល់ឆ្ពោះទៅកាន់ក្រុងលង្វែកចុះតាមទិសខាងកើត។ ព្រះអង្គទ្រង់បានចេញព្រះរាជាត្រាស់ឲ្យព្រះរាជមនូជាមេទ័ពស្រួចដឹកនាំកងទ័ពចំនួន ២៥០០០នាក់ទៅវាយយកបាត់ដំបង ពោធិសាត់ ឲ្យបានមុនដើម្បីបើកផ្លូវ។ បើតាមឯកសារមហាបុរសខ្មែរ គឺស្តេចសៀមលើកទ័ពទាំង ២៩ម៉ឺននាក់មកវាយយកខេត្តបាត់ដំបង។
នេះនឹងនិយាយអំពីនគរកម្ពុជាធិបតីវិញម្តង កាលបើដឹងថាកងទ័ពសៀមលើកកងទ័ពដ៏ច្រើនមហិមាមកវាយក្រុងលង្វែកដូច្នេះហើយក៏ប្រញ៉ាប់ប្រញ៉ាល់រៀបចំជើងព្រួល និងត្រៀមទទួលសឹកដូចតទៅ (សូមបញ្ជាក់ថាការលើកឡើងនេះ គឺខ្ញុំបាទយកតាមប្រវត្តិសាស្រ្តសៀម) ៖
• ចាត់តាំងឲ្យឧកញ៉ាមនោមេត្រីជាចៅហ្វាយខេត្តបាត់ដំបងដឹកនាំទ័ព ១ម៉ឺននាក់ការពារខេត្តបាត់ដំបង។
• នៅខេត្តពោធិសាត់គឺឲ្យឧកញ៉ាសួគ៌ាលោកដឹកនាំទ័ព ២ម៉ឺននាក់រង់ចាំការពារ។
• ចាត់តាំងឲ្យសម្តេចព្រះមហាឧបរាជស្រីសុរិយោពណ៌ដឹកនាំទ័ព ៣ម៉ឺននាក់មកបោះទីតាំងនៅខេត្តបរិបូរណ៍រង់ចាំការពារទប់ស្កាត់។ នៅចន្លោះពីខេត្តនីមួយៗគឺមានសេះលឿនជាអ្នកនាំសារពីសមរភូមិមុខ មកសមរភូមិក្រោយជ្រាបពីស្ថានការណ៍ឲ្យទាន់ពេលវាលា។
• សម្រាប់កងទ័ពជើងទឹកវិញគឺត្រូវបានចែកជាបីក្រុម៖
o នៅខេត្តបាសាក់ ចាត់តាំងឲ្យឧកញ៉ាវង្សាធិរាជជាមេទ័ពធំដឹកនាំទូកចំបាំងចំនួន ១៥០ រួមទាំងទាហានចំនួន ១ម៉ឺននាក់នៅចាំការពារ។
o នៅក្រុងចតុមុខ ចាត់តាំងឲ្យឧកញ៉ាភិមុវង្សាជាមេទ័ពធំដឹកនាំទូកចំបាំងចំនួន ១៥០ រួមទាំងទាហានចំនួន ១ម៉ឺននាក់នៅចាំការពារ។
o រីឯនៅបន្ទាយមាសវិញ ចាត់តាំងឲ្យឧកញ៉ាចិនចាន់តុក ជាមេទ័ពកេណ្ឌទ័ពមកពីស្រុកសំរោងទង កំពត កំពង់សោម ដើម្បីត្រៀមទប់ទល់នឹងទ័ពនគរស្រីអយុធ្យា
សរុបទៅកងទ័ពសរុបដែលព្រះសត្ថាចាត់តាំងឲ្យមកការពារនគរកម្ពុជាធិបតីគ្រប់ទិសទីទាំងអស់មានប្រមាណ ៨៥ ០០០នាក់ ហើយនៅសល់ប្រមាណ ៤ម៉ឺននាក់នៅចាំការពារក្នុងបន្ទាយលង្វែក។
នេះនឹងថ្លាថ្លែងពីខាងនគរកម្ពុជាធិបតីតាមឯកសារមហាបុរសខ្មែរ៖ នៅពេលដែលសៀមលើកទ័ពចេញមកហើយនោះ បណ្តាចៅហ្វាយខេត្តនៅតាមព្រំដែនយកសំបុត្រចូលមកនាំសេចក្តីទូលដល់ព្រះបរមបពិត្រ ហើយទ្រង់ក៏មានព្រះរាជតម្រាស់បញ្ជាទៅគ្រប់ដែនដីអាណាខេត្តដូចតទៅ
• ទ្រប់ប្រាប់ទៅចៅហ្វាយស្រុកកំពង់សៀម ស្ទឹងត្រែង បារាយណ៍ ជើងព្រៃ អាសន្នទុក ឲ្យលើករេហ៍ពលទៅសន្ធប់នឹងទាហានខេត្តនគរវត្ត ដើម្បីត្រៀមទប់ទល់។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកត្បូងឃ្មុំ ក្រចេះ កុញ្ជរ ព្រៃវែង ទទឹងថ្ងៃ ឲ្យទៅសន្ធប់នឹងទាហានខេត្តសៀមបូកដើម្បីរង់ចាំស្ទាក់ទ័ពសៀមដែលមកតាមជើងទឹក។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកបាភ្នំ ស្រីសន្ធរ រោងដំរី ជើងបាដែង ព្រៃនគរ សំរោងទង រលាប្អៀរ ទៅសន្ធប់នឹងទាហានរបស់សម្តេចព្រះឧបរាជនៅខេត្តបរិបូរណ៍។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកបាត់ដំបង ពាមសីមា ទឹកជោរ មង្គលបូរី ក្រឡាញ់ ស៊ីសូផុន រ៉ាយ៉ង ទៅសន្ធប់នឹងទាហានខេត្តបាត់ដំបង
• ទ្រប់ប្រាប់ទៅចៅហ្វាយស្រុកទ្រាំង បាទី លើកដែក បន្ទាយមាសទៅសន្ធាប់នឹងទាហានខេត្តពោធិសាត់
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកបាសាក់ ក្រមួនស លង់ហោរ លង់ឈៀង ផ្សារដែក មាត់ជ្រូក កំពង់សោម ទៅសន្ធាប់នឹងទាហានខេត្តកំពត។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកភ្នំពេញ ព្រះត្រពាំង ឳម៉ោរ មកសន្ធាប់នឹងបន្ទាយលង្វែកចាំការពារបន្ទាយ។
ល្បឿននៃការវាយប្រហាររបស់ទ័ពសៀមមានសភាពលឿនស្លេវដូចជាគ្រាប់ព្រួញដោយសារតែ មានចំនួនច្រើនលើសលប់ ហើយទាហានខ្មែរហាក់បាក់ទឹកចិត្ត រវើររវាយ ហើយម៉្យាងវិញទៀតដែនដីនៃខេត្តនីមួយៗនៃនគរកម្ពុជាធិបតីលែងមានទេវរក្សនៅចាំការពារថែរក្សាទៀត។ ដោយមើលឃើញពីសកម្មភាពទាហានរបស់កម្ពុជាធិបតីខ្វះស្មារតីប្រយុទ្ធដូច្នេះហើយ សម្តេចព្រះឧបរាជបានបញ្ជាឪ្យដកទ័ពចូលបន្ទាយរៀបចំផែនការយុទ្ធសាស្រ្ត។ ស្បៀងទាំងអម្បាលម៉ានត្រូវប្រមូលចូលបន្ទាយបើប្រមូលមិនបានដុតបំផ្លាញចោលមិនឲ្យសៀមយកបាន។ នៅក្នុងពេលប្រជុំជាមួយគណៈមេទ័ពទាំងឡាយនោះមានព្រះញាតិវង្សធំមួយព្រះអង្គព្រះនាម សម្តេចព្រះរាមាធិបតី អុង ជាអ្នកខេត្តជើងព្រៃ ដែលគេហៅថា ព្រះបាទរាមាជើងព្រៃ ដែលមានរាស្រ្តចំណុះជាច្រើននាក់ដែរ ដូលរួមប្រជុំដែរ ដោយអះអាងថានឹងអាចវាយកំចាត់ទ័ពសៀម ហើយសុំឲ្យមហាក្សត្រប្រគល់ដាវអាជ្ញាសឹកដើម្បីទៅកេណ្ឌទ័ពមកច្បាំងបណ្តេញសៀម។ សូមបញ្ជាក់ថា ព្រះបាទរាមាជើងព្រៃ លួចមានស្នេហាជាមួយនឹងព្រះមហេសីរបស់ព្រះបាទសត្ថា។
នៅពេលដែលទៅកេណ្ឌទ័ពនោះ ព្រះបាទរាមាជើងព្រៃ ពុំបានធ្វើដូចសន្យានោះទេព្រោះតែរវើររវាយនឹកដល់គូស្នេហ៍ដែលត្រូវជាម្តាយមីងខ្លួងឯងនោះ មួយថ្ងៃៗ គិតតែសោយសុរា ទតសិល្បះ តូរ្យតន្ត្រី ហើយនៅពេលដល់ថ្ងៃកំណត់កេណ្ឌទ័ពមកកដល់ ទ្រង់ក៏បង្ករជម្លោះជាមួយនឹងព្រះស្រីជ័យជេដ្ឋាថែមទៀត។
ទាហានសៀមកាន់តែចូលមកជិតដល់បន្ទាយ ព្រះបាទសត្ថានៅរង់ចាំព្រះរាជបុត្រស្រីជ័យជេដ្ឋា ដែលទៅតឿនព្រះបាទរាមាជើងព្រៃនៅមិនទាន់ឃើញមកវិញ ព្រួយព្រះទ័យយ៉ាងខ្លាំង ក៏សម្រេចព្រះទ័យនាំយកបុត្ររបស់ខ្លួនពីរព្រះអង្គផ្សេងទៀត រួមទាំងញាតិវង្សផ្សេងៗ ចុះព្រះទីនាំងចាកចេញពីបន្ទាយលង្វែក ឆ្ពោះទៅកាន់ស្រីសន្ធរសន្ធប់នឹងបុត្រាជ័យជេដ្ឋា ទុកឲ្យតែព្រះមហាឧបរាជនៅទប់ទល់តែឯកឯង។
និយាយពីសង្ឃក្លែងក្លាយពីរអង្គតិប្បញោ និងសុប្បញោ នៅពេលដែលដឹងថាទ័ពសៀមកាន់តែខិតជិតមកហើយនោះ ពេលយប់ឡើងក៏យកដែកទៅបោះស្លង់នឹងកាំភ្លើងធំការពារបន្ទាយលង្វែកទាំងអស់ រួចហើយធ្វើដំណើរទៅកាន់ភ្នំព្រះរាជទ្រព្យដើម្បីស្រូបយកកែវនាគរាជទៅថ្វាយដល់សម្តេចព្រះនរេន្រ្ទសូរ។ លុះធ្វើដំណើរមកដល់ម្តុំស្ទឹងក្រាំងពន្លៃ សង្ឃក្លែងក្លាយទាំងពីរ ត្រូវបានបារមីអ្នកតាដំបងដែក និងឃ្លាំងមឿងវាយបំបាក់កស្លាប់ហើយធ្លាក់កែវចូលទាំងក្នុងទឹក ហើយទៅនោះគេហៅថាស្រះបាត់កែវ ហើយក៏ក្លាយមកជាស្រះកែវដល់សព្វថ្ងៃនេះ។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks