Wednesday, October 5, 2016

« បុប្ជាមួយទង ដែលខ្ញុំលួចស្នេហ៍ » ផេង វិសុដ្ឋារ៉ាមុនី

បុប្ជាមួយទង ដែលរៀមលួចស្នេហ៍
ចិត្តចង់ថ្នមថែ តែបុប្ជាមួយ
តំាងពីផ្កាទើបក្រពុំចេញត្រួយ
ស្នេហ៍តែផ្កាមួយ ពេញក្នុងឱរ៉ា ។


ឱ! វត្តចុងកោះ ស្នេហ៍បឋមវ័យ
ចេះលួចស្នេហ៍ស្រី កាលពីកុមារ
មួយទងនេះហើយ ដែលរៀមប្រាថ្នា
ចង់បានបុប្ជា មកថ្នាក់ថ្នមថែ ។

ភូមិទេពអរជូន រៀមបានលួចចិត្ត
លួចស្នេហ៍វរមិត្ត ចង់ប្រលោមស្នេហ៍
ភ័ក្រមូលក្រឡង់ ដូចជាដួងខែ
ថ្ពាល់ខួចមាសស្នេហ៍ ចងចិត្តរៀមបង ។

ជាតិនេះប្រសិន បើមិនបានស្រី
មកថ្នាក់ថ្នមបី ប្រលោមត្រកង
ស៊ូនៅកម្លោះ ចំាតែនួនល្អង
ជាតិក្រោយរៀមផ្សង ប៉ងឲ្យជួបស្រី ។

ទោះជាផ្ការោយ មិននៅក្រពុំ
ក៏ចិត្តរៀមងុំ នៅតែបេតី
ទោះជាមានកូន ពូនចៅហើយក្តី
ក៏រៀមស្នេហ៍ស្រី ឥតមានប្រួលប្រែ ។
==========================
ថ្ងៃ ០៩ កើត ខែ ពិសាខ ឆ្នំា វក ព.ស. ២៥៦០
ថ្ងៃ សុក្រទី ១៤ ខែ ឧសភា ឆ្នំា ២០១៦
រចនាតាមកំណត់ហេតុស្នេហ៍ពិតលាក់ក្នុងចិត្ត
ដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី ( ផេង សុខវ៉ាន់ដា )

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks