Wednesday, October 5, 2016

អត្ថបទ « ភ្ជុំបិណ្ឌភ្លើ និង ភ្ជុំបិណ្ឌឆ្លាត» ភាគ ១ & ២ ចប់ដោយ ធម្មបណ្ឌិត ហេង មណីចិន្តា

ទំនៀមទម្លាប់ពីធីបុណ្យកាន់បិណ្ឌ ភាគ១
កាន់បិណ្ឌកាន់ទុក្ខ កាន់ចាប់ធម៌ទុក
ស្តុកក្នុងចិន្តា ធម៌ទុកការពារ ក្រែងភ្លាត់
ភ្លាំងការ នាំអោយអាត្មា បរាជ័យបាន។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទ គឺល្ងាចទី ២៧ កញ្ញា ២០១៥នេះ ជាថ្ងៃចាប់ផ្តើមបិណ្ឌទី១។ ១៥ យប់ ថ្ងៃ គឺរហូតដល់ថ្ងៃទី ១២ តុលាទើបចប់។
ពេលល្ងាចនេះ អ្នកកាន់បិណ្ឌវេន១ ឬបរិស័ទទូទៅ ត្រូវទៅស្តាប់លោកសូត្រមន្តនៅវត្ត និងស្តាប់ទេសនា។
ដល់ពេលម៉ោងបួនជិតភ្លឺ ត្រូវងើបទៅវត្ត ដែលតែងចំណាំនិយាយ គឺទៅបោះបាយបិណ្ឌ តាមទំនៀមជឿតគ្នាមកថា យមរាជនឹងដោះលេង សត្វនរកចំនួន១៥ថ្ងៃ អោយមកទទួលបុណ្យពីកូនចៅនិងញាតិមិត្ត។ បើពួកគាតដើររកគ្រប់៧វត្ត មិនឃើញកូនចៅ ឬញាតិទេ ពួកគាត់និងខឹង ព្រមទាំងកើតទុក្ខ ព្រោះត្រូវត្រឡប់ទៅនរកវិញ។ តែបើបានបុណ្យពីកូនចៅ គាត់នឹងបានរួចពីទុក្ខទោស មិនបាច់ត្រឡប់ចូលនរកវិញ ឬក៏ត្រូវសម្រាលទោសព្រោះបុណ្យរបស់កូនចៅដែលធ្វើជូន។
ការដឹងគុណ និងការតបគុណ ទាំងកាលដែល គាត់នៅរស់ ឬគាត់ស្លាប់ទៅហើយក្តី គឺជាកាតព្វកិច្ចរបស់កូនល្អ។
បើមិនចង់ធ្វើជាកូនល្អ ក៏មិនមានអ្នកណាបង្ខំដែរ ជាពិសេសព្រះសង្ឃ មិនដែលតម្រូវថាត្រូវតែមកវត្តដែរ។
និយាយដោយការពិសោធន៍ អ្នកខ្លះតែងតែគិតថា រដូវភ្ជុំ ព្រះសង្ឃសប្បាយឆាន់ ឯអ្នកស្រុកតែងតែក្រ។ តាមពិត រដូវភ្ជុំ
ជារដូវយ៉ាប់បំផុតសម្រាប់ព្រះសង្ឃ ព្រោះត្រូវបរិស័ទតម្រូវអោយនាំអាហារ(ចង្ហាន់) របស់ខ្លួន យកទៅអោយបុព្វការីរបស់ពួកគាត់ ហើយ
ម្នាក់ៗ មានបុព្វការីច្រើនណាស់------៧សន្តាន ឬបើ២នាក់ប្តីប្រពន្ធ ឡើងជា ១៤ សន្តាន។ ម្ហូបអាហារច្រើនណាស់ ដែលលោកត្រូវឆាន់ ដើម្បីអោយអ្នកដែលស្លាប់ហើយទាំងអស់ នោះ
បានទទួលអាហារ ដូចដែលកូនចៅចង់អោយបុព្វការីបានទទួល តាមរយ:ព្រះសង្ឃ ។
ក្រពះមានតែមួយ ត្រូវផ្ទុកអាហារច្រើនមុខ សម្រាប់បុព្វការី(ខ្មោច) ច្រើន ដល់ទៅរាប់រយសន្តាន។ មិនបានឆាន់របស់គេ គេខឹង អង្គុយចាំមើល ឆាន់មិនឆាន់? ពុទ្ធោ ម្ហូបខ្លះហឹរ(កាលខ្មោចនោះមិនទាន់ស្លាប់ ចូលចិត្តហឹរ) ខ្លះខ្លាញ់រងើម ។ល។ និង។ល។
ពេលឆាន់មិនអស់ ឃើញម្ហូបពោរពាសនៅសល់ អ្នកសេដ្ឋកិច្ច និងអ្នករិះគន់ និយាយថាជាសកម្មភាពបំផ្លាញសេដ្ឋកិច្ច ខាតតែលុយ នាំអោយរឹតតែក្រ។ មានដែលគិតទេ ថាលោកឆាន់តែមួយពេលទេ ឆាន់រួច អ្នកយកទៅប្រគេន ក៏ហូបខ្លួនឯង ឬក្មេងវត្ត និងអ្នកក្រីក្រទាំងឡាយ។ លោកទុកដល់ល្ងាចមិនបានទេ យ៉ាងច្រើន នំអន្សម ទុកបានយូរ ព្រោះយាយ អាចារ្យ យកទៅឆ្អើរ។ មានសល់ឯណា ពេលល្ងាច ទៅសុំអន្សមលោកឆ្អើរ យកមកហូបទៀត ហើយនិយាយថា អន្សមវត្ត ឆ្ងាញ់ជាងផ្សារ (មកពីfree ទេដឹង!)។
យើងដឹងគុណបុព្វការីខ្លួនយើង ចង់អោយគាត់ពិសារ មិនដឹងធ្វើដូចម្តច ក៏ទៅរកលោក តាមជំនឿរបស់ខ្លួន ដូច្នេះ មិនគួរនាំគ្នាបន្ទោសលោកទេ។ យកល្អ ពេលបុព្វការីនៅរស់ ខំប្រណិបត្តិ បំរើ និងចិញ្ចឹមគាត់អោយល្អទៅ ព្រោះនេះឯង ដែលព្រះពុទ្ធលោកសរសើរ ឬយើងចំណាំនិយាយថា ធ្វើបុណ្យខែភ្លឺ។
តែបើបានជាទៅហើយ កុំស្តាយក្រោយ៖ ធ្វើទានធ្វើដោយស្មោះ កុំអាឡោះអាឡ័យស្ងួន
ជាពិសេស គប្បីស្តាប់ បរាភវសូត្រ ដែលព្រះសង្ឃលោកសូត្រជាបទ ដើម្បីយកមកអនុវត្ត កាពារកុំអោយបរាជ័យក្នុងជីវិតនេះ និង
កុំអោយធ្លាក់នរក បន្ទាប់ពីស្លាប់ទៅ សោះនឹងលំបាកកូនចៅ ជាខាងក្រោយ ហិហិ។
 ភ្ជុំបិណ្ឌ ភ្ជុំបុណ្យ ភ្ជុំរឿងភ្ជុំរ៉ាវ
ភាគច្រើនថាមានបុណ្យភ្ជុំ គឺល្អ ភាគខ្លះថាអ្នកទៅភ្ជុំភ្លើ ព្រោះសម្លឹងមើលឃើញត្រឹមតែរឿងចង្ហាន់ច្រើន!!!!
រដូវភ្ជុំបិណ្ឌបានបញ្ចប់ទៅហើយនៅថ្ងៃនេះ ថ្វីត្បិតតែវត្តខ្លះអាចនឹងឆ្លងនៅថ្ងៃ១កើតទៀតក្តី។ សេចក្តីរីករាយក្នុងការបានធ្វើបុណ្យ បានត្រឡប់មកផ្ទះវិញជួបជុំបងប្អូន បានផឹកស៊ីស្រវឹងរីករាយ បានបច្ច័យកសាងវត្ត និងប្រើប្រាស់ផ្ទាល់ព្រះអង្គក្តី សុទ្ធតែជាផលនៃបុណ្យភ្ជុំបិណ្ឌ។
ដល់ពេលត្រៀមត្រឡប់ទៅធ្វើការវិញហើយ ម្នាក់ៗចាប់ផ្តើមរាប់លុយ ត្រៀមលុយ ដើម្បីត្រឡប់ទៅវិញ។ ជាធម្មតា មានមុខរីក និងមុខស្អុយ។ ម្នាក់ៗដឹងខ្លួន ថាត្រូវធ្វើយ៉ាងដូចម្តេច តែក៏មិនផុតពីគិតថា ឆ្នាំក្រោយ ត្រូវត្រឡប់មកវិញទៀត។
ម្នាក់ៗសម្លឹងមើលទៅបុណ្យភ្ជុំបិណ្ឌតាមជ្រុងនៃទស្សនៈរៀងៗខ្លួន៖ ម៉ែឪចាស់ជរា រីករាយនឹងបានឃើញកូនចៅត្រឡប់មកជួបជុំវិញ បានហូបចុកជុំគ្នាតាមមានតាមបាន។ អ្នកធ្វើការរីករាយនឹងបានឈប់យូរ សម្រាកពីការងារ បានត្រឡប់ទៅស្រុកកំណើតវិញដើម្បី រំលឹកអនុស្សាវរីយ៍កាលពីក្មេង។ ពាណិជករទាំងឡាយ សម្លឹងឃើញប្រាក់ចំណូលចូលបានច្រើន បើតាមអ្នកជំនាញសេដ្ឋកិច្ច បាននិយាយថា ម្នាក់ៗចាយប្រមាណពី ៥០ ទៅ ៨០ ដុល្លារ។ ព្រឹកម៉ិញនេះ នំអន្សមឡើងពីនំមួយតម្លៃ១០០០រៀល ទៅ ៣៥០០រៀល នៅផ្សារបាត់ដំបង។ រថយន្តធ្វើដំណើរវិញ មិនបាច់និយាយទេ ជារឿងធម្មតាទៅហើយ។ កាកបាទក្រហម និងអង្គការផ្សេងៗដែលមាន ប្រអប់វិភាគទាននៅក្នុងវត្ត ក៏មានចំណូលកាន់តែច្រើនដែរ។ អ្នកសេដ្ឋកិច្ចមានសេចក្តីរីករាយ ព្រោះសាច់ប្រាក់កាន់តែមានចលនា ច្រើន ផលទុនសារុបក្នុងស្រុក (GDP) ក៏មានន័យជាវិជ្ជមានដែរ។ សូម្បីតែអ្នកសូមទាន ក៏មានសង្ឃឹម ព្រោះនេះជាឱកាសដែលអាច រកចំណូលបានច្រើនជាងប្រក្រតី រួមទាំងក្មេងៗក្រីក្រ ដែលបានចំណូលអំពីការយាមស្បែកជើងរបស់ពុទ្ធបរិស័ទដែរ។
អ្នកនយោបាយ? សារនយោបាយអំពីរឿងពុទ្ធសាសនា វប្្បធម៌ ប្រពៃណី ការបង្ហាញខ្លួនតាមទីសាធារណៈបែបនេះ ក៏សុទ្ធតែជាយុទ្ធសាស្ត្រ ក្នុងការបបួលពុទ្ធបរិស័ទឲ្យស្រលាញ់ខ្លួនដែរ។ល។
ទោះជាយ៉ាងណាក្តី សរសើរជាគូនឹងបង្អាប់។ ម្នាក់យល់ថាមាន ប្រយោជន៍ ម្នាក់គិតថាបំផ្លាញ។ ជារឿងធម្មតា នៃមនុស្សជាតិ ដូចដែលព្រះពុទ្ធទ្រង់បានសម្តែងរួចហើយថា «នត្ថិ
លោកេ អនិន្ទិតោ នាម» ប្រែថា លើលោកនេះ គ្មានទេ អ្នកដែលមិនទទួលការនិន្ទា បន្តុះបង្អាប់។
មានរូបភាពនៅក្នុង Facebook ជាច្រើន និងអ្នករះគន់មួយចំនួន បានបង្ហាញនូវសេចក្តីមិនពេញចិត្ត លើការទៅធ្វើបុណ្យទាន របស់ពុទ្ធបរិស័ទ ដោយចោទថា យកលុយទៅបំផ្លាញឲ្យប្រេត ដែលមើលមិនឃើញ (ខ្លះរហូតដល់ទៅថាប្រេតដែលមិនមាន សក់នៅ រស់ក្នុងវត្តទៀតផង) បើយកលុយទាំងអស់ហ្នឹងទៅជួយអ្នកក្រីក្រ ទៅ ជួយមនុស្សអត់ឃ្លាន ទៅជួយមន្ទីរពេទ្យគន្ធបុប្ផាវិញ ប្រសើរជាង។ល។និង។ល។ រហូតដល់ជេរប្រទេចគ្នាដោយពាក្យអសុរស ផ្សេងៗ ដើម្បីការពារគំនិតរៀងៗខ្លួន រហូតដល់ទៅយកគណៈបក្សនយោបាយ មកជាទីអំណាងពីក្រោយខ្នងទៀតផងៈ ធ្វើបុណ្យពិត ធ្វើបុណ្យយកមុខ មិនធ្វើបុណ្យទេព្រោះជាទ្មិឡ ជាដើម។ បែកជាអូរ ហូរជាស្ទឹង។
ជនបរទេសខ្លះក៏ចូលវត្ត មានតាំងពីទូត ឯជនបរទេសខ្លះក៏ថា ពុទ្ធសាសនាល្ងើ នៅក្នុងប្រទេសដែលដឹកនាំល្ងើ (silly Buddhism in a silly led country......) ។ អ្នកខ្លះជាអតីតក្មេងវត្ត ធ្លាប់រស់ដោយសារបាយ ភ្ជុំបិណ្ឌដែលអ្នកស្រុកយកមកប្រគេនលោក តែបែរជាតិះដៀលថា បាយទាំងនេះ គួរតែយកទៅជួយក្មេងរើសសម្រាម បន្ទាប់ពីខ្លួនបាន ចូលធ្វើការសង្គមខ្លះមក។
និយាយឲ្យច្បាស់បន្តិចចុះអំពីភ្ជុំបិណ្្ទ។ និយាយឲ្យងាយស្តាប់ នេះគឺជា បុណ្យរំលឹកគុណដល់អ្នកមានគុណរបស់ខ្លួនដែលស្លាប់ទៅហើយ ដែលយើងតែងនិយាយថា បុព្វការី។ បើជាភាសាអង់គ្លេស និយាយឲ្យងាយស្តាប់ គឺ Ancestor Day ។ បើជារដ្ឋាភិបាល ហៅថា បុណ្យរំលឹកវិញ្ញាណខ័ន្ធ គេច្រើនធ្វើនៅបុណ្យ ឯករាជ្យជាតិ សម្រាប់អ្នកដែលពលីជីវិតដើម្បីប្រទេស។ ខ្មែរយើង គឺមាន ថ្ងៃ ៩ វិច្ឆិកា និងថ្ងៃ ៧ មករា ជាដើម ។ ប្រទេសណាក៏មានដែរ តែរបៀបនៃការរំលឹក ផ្សេងៗគ្នា។ ទំនៀមចិន គឺ ឆេង ម៉េង គេធ្វើធំណាស់ យកទៅសែនឲ្យខ្មោច ដោយមានជំនឿថា សែនកាន់តែធំ កាន់តែល្អ។
ខ្មែរយើង ដឹងគុណឪពុកម្តាយ ជីដូនជីតា បងប្អូន ដែលស្លាប់ទៅហើយ ព្រោះអ្នកនោះ កាលពីនៅរស់ ធ្លាប់បានជួយខ្លួន ចិញ្ចឹមខ្លួន ជាដើម។ ពួកយើងចង់សងគុណគាត់វិញ តែមិនដឹងធ្វើតាមរបៀបណា ទើបគាត់អាចទទួលបាននូវអ្វីដែលយើងចង់ឲ្យគាត់។ ចិនគេយកទៅសែន គេជឿលើផ្សែងធូប គេជឿថាព្រលឹងបុព្វបុរស ចេញមកហូបសំណែននៅនឹងមុខផ្នូរតែម្តង ទើបគេយកទៅដាក់មុខផ្នូរ។
ខ្មែរយើងជឿបែបពុទ្ធសាសនាថា យកទៅឲ្យអ្នកមានសីល អ្នកបដិបត្តិល្អ ទៅ នឹងបានទៅដល់ហើយ យើងប្រគេន ឫជូនអ្វីដល់ព្រះសង្ឃ បុព្វការីជនដែលស្លាប់ហើយនោះ ក៏នឹងបានទទួលដែរ។ ក្នុងសម័យអង្គរ ខ្មែឬជឿថា ត្រូវតែធ្វើពិធីយញ្ញ ដែលមានព្រាហ្មបុរោហិត ជាទំណាងព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ។ ពិធីនោះ គេហៅថា «សាធ្រៈ» ដែលពាក្យនេះ នៅមានប្រើក្នុងប្រទេសថៃនៅឡើយ តែគេធ្វើតែមួយថ្ងៃទេ គឺ ១៥រោចខែភទ្របទ។ ខ្មែរសុរិន្ទ ហៅថា បុណ្យសែនដូនតា។
ជាថ្មីម្តងទៀត យើងទៅភ្ជុំនេះ គឺទៅដើម្បីប្រយោជន៍របស់ជីដូនជីតា មាតាបិតាយើងដែលគាត់ស្លាប់ទៅទេ មិនមែនជាទៅឲ្យចំថា ដើម្បីប្រយោជន៍ពុទ្ធសាសនាណាស់ណាទេ ប្រយោជន៍ព្រះសង្ឃណាស់ណាទេ ឬ ប្រយោជន៍ព្រះធម៍ណាស់ណាទេ គឺប្រយោជន៍ដល់អ្នកស្លាប់ (បាលីហៅថា បេត ឯសំស្ក្រឹត ហៅថា ប្រេត)។
តាមពិតទៅ យើងទៅពឹង (មិនហ៊ានថាជួលទេ) ព្រះសង្ឃ ព្រះធម៌ និង
ព្រះពុទ្ធបដិមា ឲ្យជួយយើងមានទំនាក់ទំនងជាមួយនឹងអ្នកស្លាប់។
ដូចខ្ញុំបាននិយាយក្នុងវគ្គមុនហើយថា យើងឧទ្ទិសទៅឲ្យប្រេត (អ្នកស្លាប់ហើយ) ដែលជាអ្នកមានគុណរបស់យើង តាមរយៈព្រះសង្ឃ ព្រោះយើងស្រឡាញ់ពួកគាត់ ហើយយើងជឿថា ព្រះសង្ឃអាចធ្វើកិច្ចការទាំងនេះបាន។ ទៅក្នុងថ្ងៃតែមួយ ម្នាក់តែបន្តិចៗ ក៏កើនចំនួនច្រើន មើលទៅដូចជាច្រើនសម្បើមណាស់ តែតាមពិត មិនមែនរបស់មនុស្សម្នាក់ទេ គឺរាប់ពាន់នាក់។
សួរថាអ្នកយកមកប្រគេនលោកទាំងអស់ហ្នឹង ពួកគាត់ (រួមទាំងខ្ញុំ) ភ្លើមិនដឹងឬ ថាលោកឆាន់មិនអស់ទេ ច្រើនណាស់! តែហេតុអ្វីនៅតែទៅ នៅតែយកទៅប្រគេនលោក នៅតែយកទៅឲ្យប្រេត ឬអ្នកស្លាប់ទាំងនោះ ទាំងមិនដែលឃើញចេញមកទទួលទានអាហារទាំងនោះផង?
មិនភ្លើទេ ព្រោះខ្ញុំស្រឡាញ់ម៉ែឪខ្ញុំ ស្រឡាញ់ដឹងគុណជីដូនជីតាខ្ញុំ ពេលធ្វើអញ្ចឹងទៅ ធ្វើឲ្យខ្ញុំគិតឃើញពីគាត់។ អ្នកមានគុណរបស់ខ្ញុំ មិនមែនជាអ្នកមានគុណរបស់អ្នករិះគន់ខ្ញុំសោះ។ ខ្ញុំមិនភ្លើទេ ព្រោះខ្ញុំជឿអញ្ចឹង ជំនឿហ្នឹងធ្វើឲ្យខ្ញុំសប្បាយចិត្ត បើទោះជាខ្ញុំត្រូវ ចំណាយលុយដើម្បីធ្វើនូវអ្វីដែលគេថាមើលមិនឃើញក្តី ក៏វានៅតែគ្រាន់បើជាងជំនឿដែលថា យកលុយទៅទិញសេចក្តី សុខតាមអបាយមុខផ្សេងៗ មានពេស្យាចារ គ្រឿងស្រវឹង និង ល្បែងស៊ីសងជាដើម។ ខ្ញុំមិនភ្លើទេ ព្រោះព្រះសង្ឃឆាន់តែមួយចំអែតទេ នៅសល់ប៉ុន្មាន គឺអ្នកដែលទៅវត្ត និងអ្នកដែលរស់ដោយសារវត្ត ទាំងនោះ ជាអ្នកដែលនឹងបានទទួលផល ទាំងការឆ្អែត និងទាំងការរីករាយព្រោះបានហូបជុំគ្នា។
គិតថាសង្ខេបចប់ត្រឹមនេះចុះ តែក៏អត់មិនបាននឹងលើកជ្រុងនៃគំហើញរបស់ជនបរទេសធ្លាប់រស់នៅស្រុកខ្មែរម្នាក់ ដែលបានcomment ថា What Buddha taught is entirely not implemented in Cambodia, not one inch! ប្រែថា អ្វីដែលព្រះពុទ្ធទ្រង់ បានបង្រៀន គឹមិនបានយកមកអនុវត្តទាល់តែ សោះនៅកម្ពុជា គឺសូម្បីតែ ១អ៊ិន (ប្រមាន៣សង្ទីម៉ែត្រ ឬមួយថ្នាំងដៃ)។ មិនបានតបតទេ តែនិយាយនៅទីនេះថា គំនិតរបស់គាត់ គឺខុស ហើយក៏មិនដឹងថា គាត់យល់ពីពុទ្ធសាសនាដោយរបៀបណា។ ហើយក៏មានបុគ្គលិករបស់ អង្គការសង្គមស៊ីវិលម្នាក់ ដែលស្រឡាញ់ក្មេងរើសសម្រាមពេកទៅ ទៅជាគិតថា ចំណីអាហារទាំងនេះ គួរតែយកទៅឲ្យក្មេងនោះវិញ។ សមាជិកនៃគណៈបក្សមួយ ថាគួរតែយកទៅអោយមន្ទីរពេទ្យគន្ធបុប្ផា វិញ។
ខ្មែរមានពាក្យថា ធ្វើបុណ្យធ្វើទាន។ ធ្វើបុណ្យគឺទៅវត្ត ឯធ្វើទាន គឺជួយសង្គ្រោះ ដល់អ្នកក្រីក្រ អ្នកខ្វះលទ្ធភាព។ សម្រាប់ខ្ញុំ ហេង មណីចិន្តា ខ្ញុំកើតព្រោះវត្ត រស់ដោយសារវត្ត ពឹងលើវត្ត ខ្ញុំត្រូវទៅវត្ត។ វត្តបង្ហាត់បង្ហាញខ្ញុំ ឲ្យចេះជួយក្មេង ជួយអ្នកក្រីក្រ ហើយខ្ញុំបានជួយ។ ព្រះពុទ្ធសាសនានេះ មិនsilly ឬភ្លើទេ ហើយការអនុវត្តតាម ពុទ្ធសាសនា ក៏មិនមែនមានត្រឹមតែមួយថ្នាំងដៃដែរ។(អត្ថបទពីឆ្នាំ ២០១៥)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks