ពិធីបុណ្យ«
ភ្ជុំបិណ្ឌ» នេះ មិនមែនកើតឡើងដោយចៃដន្យទេ
គឺជាពិធីដែលប្រជាពុទ្ឋបរិស័ទប្រារព្ឋធ្វើដោយចេតនាដ៏បរិសុទ្ឋដើម្បីឧទ្ទិសបុណ្យកុសលដល់ញាតិដែលបានធ្វើកាលមរណៈទៅ
និងជាការបំពេញទានរបស់ទាយកទាយិកាដោយផ្ទាល់
គឺមិនមែនបុណ្យធ្វើសម្រាប់តែប្រែតនរក ឬក៏ជាការធ្វើបុណ្យលួងចិត្តខ្មោច នរក
ឬប្រែតក៏ទេដែរ។
នៅពីក្រោយបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ គឺបង្កប់ដោយរាប់រយអត្ថន័យទាំងក្នុងស្មារតីជាតិ សាសនា និង ប្រពៃណីរបស់ខ្មែរ។
ពួកអ្នកប្រាជ្ញសម័យហ្វេសបុក គួរណាស់តែសិក្សាប្រពៃណីខ្មែរឲ្យបានច្បាស់លាស់សិន មុននិងបកស្រាយ និង អារកាត់សេចក្ដីនៃអត្ថន័យចំពោះការប្រារព្ឋប្រពៃណីខ្មែរនីមួយៗ ។
សូម្បីព្រះសម្មាសម្ពុទ្ឋក៏ទ្រង់ជួបផលលំបាកក្នុងការពន្យល់អត្ថន័យរបស់សាសនា
(ព្រះធម៌) របស់ព្រះអង្គដើម្បីឲ្យគេយល់បានដែរ
នៅពេលដែលព្រះអង្គទើបចេញបង្រៀនលើកដំបូងក្រោយបានត្រាស់ដឹងភ្លាមៗ
ដោយសារព្រះធម៌របស់ព្រះអង្គគឺមានអត្ថន័យជ្រាលជ្រៅផ្ទុយពីរអ្វីដែលមនុស្សធ្លាប់ចេះដឹងមកក្នុងសង្គមជម្ពូទ្វីប(
អាសីុបូព៌ា)
រហូតធ្វើឲ្យព្រះអង្គសម្រេចព្រះទ័យខ្ចីពាក្យរបស់ប្រពៃណីចាស់ៗដែលគេប្រើនៅក្នុងសង្គមយកមកធ្វើជាយាន្តសម្រាប់បង្រៀនមនុស្ស
ឲ្យយល់អំពីអ្វីដែលព្រះអង្គចង់បង្រៀនដល់សង្គម ដូចជាជាពាក្យថា « សង្ឃ ធម្ម
ព្រាហ្មណ៍ វិមុត្តិ ភិក្ខុ និង កម្ម » ជាដើម ដោយយកពាក្យដើមរបស់សង្គម
មកប្រើក្នុងអត្ថន័យថ្មី ។ ហើយចុងក្រោយ
ព្រះពុទ្ឋបានបង្កើតពាក្យថ្មីមួយទៀតក្នុងសង្គមជម្ពូទ្វីបនោះគឺពាក្យថា«
និព្វាន» សម្រាប់ហៅគោលដៅចុងក្រោយរបស់អ្នកកាន់សាសនារបស់ព្រះអង្គ។
កាលដែលដូនតាខ្មែរបានសម្រេចបង្កើតប្រពៃណីបុណ្យជាច្រើនសម្រាប់កូនខ្មែរប្រតិបត្តិនោះ
គឺបង្កប់ដោយអត្ថន័យច្រើនអនេកណាស់ គឺគាត់មិនមែនមិនយល់នោះទេ
គាត់គឺជាអ្នកធ្វើសមាហរណកម្មប្រពៃណីបីរួមគ្នាគឺជាការច្របាច់បញ្ជូលនៃ
ប្រពៃណីខ្មែរសុទ្ឋ+ប្រពៃណីព្រហ្មញ្ញសាសនា+
ទស្សន:វិជ្ជាព្រះពុទ្ឋសានា=បុណ្យខ្មែរ ។ បុណ្យនីមួយៗ
គឺបង្កប់ដោយអត្ថន័យនិងគោលដៅច្បាស់លាស់ហើយអ្វីដែលមិនច្បាស់លាស់
គឺយើងខ្លួនឯងទេតើ ដែលមិនច្បាស់ហើយចេះតែបកស្រាយតាមចំណេះដឹងផ្ទាល់ខ្លួននោះ
ដោយម្គាល់ថាខ្លួនឯងជាអ្នក«ច្បាស់»។
ព្រះពុទ្ឋសាសនានៅក្នុងពិភពលោកសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងទម្រង់បួនយ៉ាងគឺ
១.ព្រះពុទ្ឋសាសនាបែបប្រពៃណី (ទទួលឥទ្ឋិពលពីប្រពៃណីដើមរបស់អ្នកបដិបត្តិ)
២.ព្រះពុទ្ឋសាសនាប្រជាប្រិីយ៍ ( ទទួលឥទ្ឋិពលពីចរន្តសង្គមដែលកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ)
៣.ព្រះពុទ្ឋសាសនាបែបអប់រំនិយមប្រកបដោយនិយាមច្បាស់លាស់(
ទទួលឥទ្ឋិពលពីការសិក្សាច្បាស់លាស់ដោយពឹងផ្អែកទៅលើលទ្ឋផលនៃការសិក្សាកម្រិតខ្ពស់)
៤.ព្រះពុទ្ឋសាសនាបែបបដិបត្តិ( ទទួលបដិបត្តិតែម្យ៉ាងដោយមិនពឹងផ្អែកលើអ្វីទាំងអស់)។
ប្រជាពុទ្ឋសាសនិកទាំងអស់
មិនមានបញ្ញាដូចគ្នាដើម្បីបដិបត្តិធម៌របស់ព្រះពុទ្ឋជាម្ចាស់ក្នុងកម្រិតដូចគ្នាឡើយ
ព្រោះហេតុដូច្នេះហើយទើបប្រទេសអ្នកកាន់ព្រះពុទ្ឋសាសនានានា
មានទេព្យកោសល្យរៀងៗខ្លួនក្នុងបង្កើតប្រពៃណីដើម្បីនាំយកទស្សនៈវិជ្ជាព្រះពុទ្ឋសាសនាទៅទុកដាក់ក្នុងដួងចិត្តមនុស្សតាមរូបភាពនិងមធ្យោបាយផ្សេងៗពីគ្នា
ប៉ុន្តែមានទិសដៅរួមគឺការ«យល់ធម៌» របស់ព្រះពុទ្ឋ។
ព្រោះហេតុនេះ កាលណាគេនិយាយដល់ប្រពៃណីយ៍ គឺគេមិនមើលរូបភាពជាធំទេ គឺគេមើលអត្ថន័យជាធំនៅពីក្រោយការអនុវត្តប្រពៃណីនោះ។
ភាពអវិជ្ជារបស់យើង មិនមែនជាហេតុផលសម្រាប់ការលើកលែងទោសឲ្យយើងឡើយ ។
No comments:
Post a Comment