លោកវ៉ាន់ ឌីកាអុន អ្នកវិភាគអក្សរសិល្ប៍និងសង្គមមានទំនាស់ប៉ះទង្គិចជាមួយនឹងរបបនយោបាយ ជាតិទៅរស់នៅបារាំងបានសិទ្ធិជាជនភៀសខ្លួននយោបាយ
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១៣:៣៨ (14-05-2015 13:38)
បន្ទាប់ពីបានប្រលងជាប់មធ្យមសិក្សាបត្រលោក វ៉ាន់ ឌីកាអុន បានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃ នប់ក្នុងខេត្តកំពត នាឆ្នាំ១៩៦៦ ។ នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតបារាំង Cambodge ក្រោមការដឹកនាំដោយលោកចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រីមានឥទ្ធិពលរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម ។ នៅក្នុងឆ្នាំដដែលនោះ លោកទទួលតួនាទីជាចាងហ្វាងរងនៃទីភ្នាក់ងារសារព័ត៌មានខ្មែរ (AKP) ។
នៅ ឆ្នាំ១៩៦៩ លោកវា៉ន់ ឌីកាអុន បានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរ និងគំនិតនយោបាយដូចគ្នា បង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា «Le Courrier Phnompenhnois» ។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃ «ទីភ្នាក់ងារសារព័ត៌មានខ្មែរ (AKP) ជាចាងហ្វាងរងព្រឹត្តិប័ត្រចតុម្មុខ និងជាទីប្រឹក្សាកាសែតមហា ជន ។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យ ធំៗពីរនៅក្រុងភ្នំពេញ ។
លោក វ៉ាន់ ឌីកាអុន បានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំង នាឆ្នាំ១៩៧២ ហើយបានត្រឡប់មកភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន ។
លោកវា៉ន់ ឌីកាអុន បានរួចជីវិតពីសម័យខ្មែរក្រហម ហើយបានចូលទៅជាសមាជិក «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបានបង្កើតឡើងនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ។ ដោយមានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងប្រដាប់អាវុធប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានវាយផ្តួលរំលំរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ មករា ១៩៧៩ ។ នៅឆ្នាំ១៩៨១ លោកវ៉ាន់ ឌីកាអុន បានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ ។ នៅឆ្នាំដដែលនោះលោកបានបង្កើតវិទ្យាស្ថានសង្គមសាស្ត្រ ក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គម និងនយោបាយ ហើយលោកបានដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩ ។ អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងតែ សាកសួរ និងធ្វើគារវកិច្ចចំពោះលោកវា៉ន់ ឌីកាអុន ជានិច្ច ហើយអ្នកទាំងនេះស្គាល់ម្យា៉ងថា លោកជាបញ្ញវន្តមួយរូបក្នុងរបបថ្មី ហើយម្យា៉ងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាច និងបក្ស ។
ដោយ មានទំនាស់នឹងរដ្ឋាភិបាល និងមជ្ឈិមបក្សកម្ពុជា, លោកវ៉ាន់ ឌីកាអុន បានត្រឡប់ទៅប្រទេសបារាំងវិញ ហើយទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ ។
សព្វថ្ងៃលោក វ៉ាន់ ឌីកាអុន ធ្វើការជាអ្នកសារព័ត៌មាននៅវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធី ភាសាខ្មែរ (Radio France International RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ-សេដ្ឋកិច្ច-សង្គម ។ល។ ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកវ៉ាន់ ឌីកាអុន បូជាពេលវេលាទំនេរលើសំណេរ និងការស្រាវជ្រាវ ។
អាស្រ័យ ដោយលោកវ៉ាន់ ឌីកាអុន ស្គាល់និងបានរស់នៅក្នុងរបបរដ្ឋបួន ធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធន៍សំខាន់នាំឱ្យលោកផលិតបានស្នាដៃជាសំណេរ មួយចំនួន ហើយលោកសរសេរនិក្ខេបបទមួយ ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pierre Richard Feray នៅសាកលវិទ្យាល័យ Nice ដែលមានប្រធានបទ «ប្រទេសកម្ពុជា និងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប» (Le Cambodge et ses difficultés d’insertion au monde moderne) ។
ស្នាដៃ សំខាន់ៗរបស់លោកវ៉ាន់ ឌីកាអុន
-សង្គមសក្តិភូមិខ្មែរនៅក្នុងរឿង «ទុំទាវ» ភាគ១ ភ្នំពេញ ១៩៧១ ។
-ក្បួនចិត្តសាស្ត្រ សិក្សាកថា ភ្នំពេញ ១៩៧៣ ។
-វិភាគទាននៃការសិក្សាសង្គមខ្មែរតាមរយៈអក្សរសិល្ប៍ សិក្សាកថា ភ្នំពេញ ១៩៧៣ ។
-Thmenh chey, en français, étude, Phnom Penh, 1973 ។
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រីបូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤ ។
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤។
-Réflexion sur la littérature Khmère,en français, étude, Phnom Penh, 1981 ។
-រឿងព្រេងបុរាណខ្មែរ ភាគ១ កម្រងជ្រើសរើស បោះពុម្ពឡើងវិញ ភ្នំពេញ១៩៨៧ ។
-រឿងព្រេងបុរាណខ្មែរ ភាគ២ កម្រងជ្រើសរើស បោះពុម្ពឡើងវិញ ភ្នំពេញ១៩៨៧ ។
-កោះបិសាច ប្រលោមលោក ភ្នំពេញ១៩៨៧ ។
-Cambodge : 1940-1990 La fin d’une époque, Essai, Paris, 1991 ។
-Cambodge ou la politique sans les Cambodgiens, essai, Paris, L’Harmattan 1993 ។
-Cambodge, La nuit sera longue, essai, Paris, Edité par L’association «Fonds d’aides au Cambodge (FAC)» Paris 1996៕
No comments:
Post a Comment