Monday, January 5, 2015

នេះហើយឬស្រុកខ្មែរសព្វថ្ងៃ ?

 នេះហើយឬស្រុកខ្មែរសព្វថ្ងៃ ?
-----------------------------------
 ១.  លុយឡានវីឡា កិត្តិយសមាសប្រាក់        
    អំណាចបុណ្យសក្តិកូនខ្មែរចង់បាន
      កាមគុណ តណ្ហា ចរិតប្រុសប្រាណ            
  ភ្លេចអ្វីភ្លេចបាន មិនភ្លេចអាហ្នឹង ។
២. នេះឬស្រុកខ្មែរ ប្រទុស្តរាល់ថ្ងៃ                
   អ្នកមានបានដៃ រំលោភសិទ្ធប្តឹង
      អ្នកក្ររងទុក្ខ មុខអង្គុយខឹង                    
    សញ្ជប់សញ្ជឹង តូចចិត្តវាសនា ។
៣. តម្លៃមនុស្ស បាត់បងអស់ហើយ              
   មិនរង្វល់ឡើយ គុណធម៌ថ្លៃថ្លា
      នេះហើយឬស្រុកខ្មែរថ្កើងអស្ចារ្យ            
  អោយតម្លៃស្រា បុណ្យសក្តិអំណាច ។
៤. ស្មារតីជាតិនិយម ខ្មែរខ្លាចស្លាប់              
    ខ្លាចគេចងចាប់ ខ្លាចច្បាប់គេកាច
     អំណួតខុសក្បួនយួនចូលប្រសាច          
    នេះហៅពេញឆ្លាត កូនខ្មែរសព្វថ្ងៃ។
៥. បណ្ឌិត លក់ខ្លួនពួនលាក់ចំណេះ              
  អ្នកល្ងង់ធ្វើចេះ វាឡើងបានដៃ
     ខ្មែរចាកចោលស្រុក ស៊ីឈ្នួលស្រុកថៃ      
 កូរ៉េ ចិន តៃវ៉ាន់ មាឡេស៊ី ។
៦.  និស្សិតរៀនចប់ ត្រឡប់ទាត់ខ្យល់            
  អ្នកធំមិនខ្វល់ អ្នកមានពានឈ្លី
      អយុត្តិធម៌ សង្គមគ្រប់ទិសទី                      
 អួតស្រុកគ្មានពីរ ល្អគ្មានគេដូច ។
===========================
      រាជធានីភ្នំពេញ ០៥ មករា ២០១៤          
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks