Thursday, January 1, 2015

ស្រណោះជួរដងទន្លេបាសាក់

ស្រណោះជួរដងទន្លេបាសាក់
--------------------------------------
គឺដងទន្លេតូចដែលហូរបែកចេញពីព្រះបរមរាជវំាងចតុមុខមង្គលភ្នំពេញឆ្ពោះទៅសមុទ្រចិនខាងត្បូងគឺចែកចេញជា ពីរ កំណាត់រួមមាន៖ ទន្លេបាសាក់លើ(តាខ្មៅ ស្អាង កោះធំនៃខេត្តកណ្តាលប្រទេសកម្ពុជា និងទន្លេបាសាក់ក្រោមនៃដែនដីកម្ពុជាក្រោម ឬ អតីតកូសំាងស៊ីន ។
--------------------------------------------------------------------
បទពាក្យប្រំាបី
១. ឃើញខ្សែទឹកទន្លេបាសាក់ហូរ
ចិត្តខ្ញុំអាសូរសែននឹកស្រណោះ
ស្តាយជួរទន្លេខ្មែរល្អស្រស់
មានទំាងដែនកោះ នៅច្រើនបំផុត ។
២. បាសាក់ហូរបែកចេញពីភ្នំពេញ
ឆ្ពោះទៅត្បូងវិញសំដៅសមុទ្រ
ជាងពីររយគីឡូវែងបំផុត
កាត់ប្រំាខេត្តសុទ្ធដីកម្ពុជា។
៣. ខ្ញុំតាក់តែងកាព្យរៀបរ៉ាប់ពណ៌នា
ជូនរាស្រ្តប្រជាបានដឹងគ្រប់គ្នា
បានជ្រាបអំពីបាសាក់គង្គា
ដែរកម្មផ្តន្ទាផ្តាច់ចេញពីគ្នា។
៤. បាសាក់ហូរកាត់ដីច្បារអំពៅ
បាញ់ត្រង់ឆ្ពោះទៅសមុទ្រជលធា
កាត់បីស្រុកខេត្តកណ្តាលនភា
មានតាខ្មៅជាក្រុងទីរួមខេត្ត។
៥. កាត់សា្អងស្រុកខ្ញុំបណ្តុំកូនកាត់(១)
ចិនជាតិខ្មែរស្រេចជាប់ខ្សែមួយផ្នែក
តែក្នុងស្មារតីខ្មែរគ្មានរហែក
មានគ្រប់ចំនែកស្នេហ៏ជាតិទឹកដី។
៦.សូមបើកវង្សក្រចកពីអ្នកស្អាង
គ្មានចិត្តអួតអាងក្អេងក្អាងសម្តី
ថ្វីជាប់ខ្សែចិនតែពូជកវី
គ្មានអាងលើអ្វីក្រៅពីប្រាជ្ញា ។
៧. ជាប់ខ្សែចិនតែពូជអ្នករកស៊ី
គំនិតសំភីខាងសេដ្ឋកិច្ចរ៉ា
តែស្មារតីខួរក្បាលពូជខេមរា
សតិស្នេហាជាតិ និង វប្បធម៌។
៨. បន្ទាប់មកបាសាក់បោះពួយសំដៅ
កោះធំ ឈើខ្មៅ(២)ជ្រៃធំខ្មែរស្គាល់
បីស្រុកមួយរយម៉ែត្រគត់ចប់ទាល់
តែហូរបន្តតាមស្រុកក្រោម ដី ។
៩. ចាប់ពីកោះធំចូលខេត្តមាត់ជ្រូក
ពាមបារាជ លូក កាត់ ព្រែកឬស្សី
សំដៅខេត្តឃ្លំាងព្រះត្រពំាងដី
ដែងចុងបុរីពួកចោរផ្តន្ទា។
១០.ស្រណោះម្លេះទេទន្លេអភ័ព្ទ
ប្រំាមួយខេត្តធ្លាប់ហូរជួបជុំគ្នា
ឥលូវប្រំាខេត្តខាងក្រោមឃ្លាតឃ្លា
បាសាក់គង្គាចែកខ័ណ្ឌសីមា។
១១.សល់តែបាសាក់នៃខេត្តកណ្តាល
អួលអាក់ខ្លោចផ្សាក្រៀមក្រំចិន្តា
ស្ទើរបែកប្រម៉ាត់រលាយសង្ខារ
ទ្រូងពេញទុក្ខាស្រែកទួញក្តែងៗ។
១២.ទុកខ្ញុំធ្វើអ្វីបើខេត្តបងប្អូន
ជួរទន្លេសូន្យឃ្លាតពីខ្មែរសែន-
រងទុក្ខវេទនាច្រើនឆ្នំាអួរណែន
នៅសល់តែឯង(៣)បាសាក់មួយខេត្ត។
១៣.រាត្រីច័ន្ទខ្នើតព្រះច័ន្ទពេញបូរណ៏
មើលបាសាក់ហូរៗលឿនអនែក
នឹកទន្លេក្រោមដែរប្រេះបាក់បែក
ទន្លេរហែកនៅចុងបុរី។
១៤.ស្មារតីខ្ញុំនឹកអាឡោះអាល័យ
អារម្មណ៏ស្រម៉ៃវាសនាទឹកដី
ស្រណោះជានិច្ចដែនចុងបុរី
បាសាក់ទឹកដីកម្ពុជាក្រោម។
១៥.ឆន្ទះទឹកចិត្តខ្ញុំចង់ហូរតាមទឹក
បាសាក់ពន្លឹកទៅទន្លេក្រោម
ដើរមើលដែនកោះព្រឹកព្រៃល្អឆោម
កម្ពុជាក្រោម ទំាងក្រៅក្នុង។
១៦.ចង់ទៅជ្រោយខ្មែរទឹកខ្មៅសមុទ្រ
ចង់ឃើញបំផុតអូកែវទីក្រុង
ផែអន្តរជាតិទំាងក្រៅក្នុង
កោះត្រឡាចចុងសមុទ្រផុតរេ។
១៧.ស្មារតីខ្ញុំនឹកអាល័យអាឡោះ
ហើយសែនស្រណោះដីជួរទន្លេ-
បាសាក់តែមួយរញ្ជួយម្លេះទេ
មិនគួរបានគេសត្រូវសាវតារ ។
១៨.ខ្មែរអើយចូលចំាបណ្តំាបាសាក់
បញ្ជាក់ប្រច័ក្សដាស់គ្រប់ខេមរា
ពិសេសអ្នកជួរទន្លេប្រេះឆា
ប្រំាមួយខេត្តថ្លាទន្លេតែមួយ។
១៩.ស្រណោះម្លេះទេដងទន្លេតូច
ចិត្តនឹករហូតបេះដូងទុក្ខព្រួយ
ខ្សែទឹកបាសាក់ហូរលឿនបោះពួយ
ចិត្តខ្ញុំរញ្ជួយចង់ហូរតាមទឹក។
២០.ឱ...!ខ្សែទឹកទន្លេបាសាក់អើយ
ខ្យល់ធ្លាក់រំភើយនាខែកត្តឹក
អស្សុជទឹកស្រកៗអស់សន្ធឹក
ស្មារតីខ្ញុំនឹកស្រណោះដល់នាក់។
២១.ច័ន្ទដប់ប្រំាកើតរះក្នុងគង្គា
បាសាក់ទន្លេល្អស្រស់ឆើតជាក់
រះពេញផ្ទៃទឹកមួយជួរ បាសាក់
ចិត្តខ្មែរត្រជាក់ ត្រជាក់ដូចច័ន្ទ។
២២.ឱ!ទន្លេបាសាក់ខ្ញុំសែនស្រណោះ
ធ្លាប់តែល្អស្រស់ហូរគួចត្របាញ់
ធ្លាប់ហូរជុំគ្នាគួរឲ្យស្រលាញ់
ប្រំាមួយខេត្តប្លាយបាសាក់តែមួយ។
២៣.ឥលូវបាសាក់ខាងក្រោមឃ្លាតឆ្ងាយ
វិនាសអន្តរាយរងទុក្ខភ័យព្រួយ
ប្រំាខេត្តបាត់សូន្យរលេះរលួយ
សល់បាសាក់មួយគឺខេត្តកណ្តាល។
២៤.ចាក់អង្រែច្បារអំពៅតាខ្មៅ
ស្រុកស្អាងសំដៅកោះធំត្រកាល
តើអ្នកមាននឹកបាសាក់ប្អូន(៤) រ៉ា
ដែរឃ្លាតវាសនារសាត់តាមកម្ម។
២៥.ឱ!ខ្សែទឹកទន្លេបាសាក់អើយ
អ្នកកុំព្រងើយជួយនំាបណ្តំា
ខ្មែរដងទន្លេបាសាក់លើផ្តំា-
ជារៀងរាល់ឆ្នំាប្រាប់ទៅខ្មែរក្រោម។
២៦.ថាបងប្អូនយើងនៅបាសាក់លើ
នឹកបាសាក់ជួរទន្លេខាងក្រោម
ស្រណោះខ្មែរក្រោមដែនដីល្អឆោម
មិនគួររស់ក្រោមសត្រូវសាវតារ ។
២៧.ជួរដងទន្លេបាសាក់ខេមរា
ពីភ្នំពេញរ៉ាទៅសមុទ្រមហា
ជាងពីររយគីឡូម៉ែត្រមាត្រា
ប្រំាមួយខេត្តថ្លាហូរជួបជុំគ្នា។
២៨.សូមដាក់ប៉ាកកាចាចប់ប៉ុណ្ណេះ
ខ្ញុំបាទសូមស្លេះកំណាព្យកាព្យា
លើកហត្ថវន្ទាលាខ្មែរគ្រប់គ្នា
គ្រាក្រោយជួបនាជាបន្តទៀត។
២៩.ប៉ុន្តែមុនឃ្លាតសូមញិាតអភ័យ
លោះលើសអត្ថន័យឆ្គងកាព្យវិវាទ
ឃ្លាតចាកអត្ថរសវោហាស័ព្ទទៀត
សូមជួយខ្មីឃ្មាតរិះគន់ស្ថាបនា។
៣០.ថ្វីខ្ញុំនៅក្មេងគំនិតនៅខ្ចី
ពាក្យពេចន៏នៅខ្លីខ្វះនៅខ្លឹមសារ
តែចិត្តនិស្សិតផេងសុខវ៉ាន់ដា
ស្មារតីមហាស្រណោះកេរខ្មែរ ។
======================================
កំណត់សំម្គាល់៖ បណ្តុំកូនកាត់(១)=ប្រជាជនខ្មែរដែររស់នៅស្រុកស្អាងភាគច្រើនជាកូនកាត់ចិនពិសេសអ្នករស់ តាមដងទន្លេបាសាក់តែម្តង។
ឈើខ្មៅ(២)ជ្រៃធំ=គឺជាឈ្មោះឃុំមួយស្ថិតនៅក្នុងស្រុកកោះធំខេត្តកណ្តាលគឺឃុំឈើខ្មៅនិងឃុំជ្រៃធំ(ឃុំជ្រៃធំនេះជាមាត់ច្រកព្រំដែនខ្មែរ/យួនឬកម្ពុជាក្រោម)។
នៅសល់តែឯង(៣)=បានន័យថាទន្លេបាសាក់ដែរហូរចេញពីភ្នំពេញឆ្ពោះទៅសមុទ្រចិនខាងត្បូងនោះបានហូរឆ្លងកាត់ខេត្តខ្មែរទំាងអស់ចំនួន៦ខេត្តតែទន្លេបាសាក់៥ខេត្តនៅកម្ពុជាក្រោមត្រូវបាន យួនកំពុងត្រួតត្រាកាន់កាប់សព្វថ្ងៃ។ហើយនៅសល់តែទន្លេបាសាក់នៃខេត្តកណ្តាល(តាខ្មៅស្អាងកោះធំ)តែមួយដែរជាទន្លេបាសាក់ខាងដើម។
បាសាក់(៤)ប្អូនរ៉ា=បានន័យថាទន្លេបាសាក់ខាងដើមគឺទន្លេបាសាក់ខេត្តកណ្តាលជាបងនៃទន្លេ បាសាក់ទំាង៥ខេត្តនៅកម្ពុជាក្រោម។(គិតពីខាងលើចុះទៅខាងក្រោម)។
ចប់ដោយបរិបូរណ៍
និពន្ធនៅភូមិស្វាយជួរ(ស្អាង)នាពេលរាត្រីម៉ោង ៨ : ៣០ នាទីយប់
ថ្ងៃ ច័ន្ទ ទី ២៩ ខែ ធ្នូ ឆ្នំា ២០០៩ ត្រូវនិងថ្ងៃ ច័ន្ទ ទី ១២ កើត ខែបុស្ស ព.ស. ២៥៥៣
ជាអនុស្សាវរីយ៍និពន្ធជាលើកដំបូងក្នុងជីវិតសិក្សាក្នុងភាពជាយុវវ័យ កាលពីនៅរៀននៅថ្នាក់ទី ១១ Q នៃវិទ្យាល័យ ហ៊ុនសែន ស្អាង
( ឆ្នាំសិក្សា៖ ២០០៩-២០១០ )
រៀបចំនិពន្ធពិនិត្រកែសម្រួលឡើងវិញនៅរាជធានីភ្នំពេញ,
ថ្ងៃ ច័ន្ទ ទី ១៧ ខែ កុម្ភះ ឆ្នំា២០១៤
និពន្ធដោយ ៖ ផេងវិសុដ្ឋារ៉ាមុនី (រក្សាសិទ្ធនិពន្ធ)
អតីតនិស្សិតវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី ២៩ នៃសមាគមអ្នកនិពន្ធខ្មែរ
និស្សិតបរិញ្ញាប័ត្រសង្គមវិទ្យានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ
ទំនាក់ទំនងមកអ្នកនិពន្ធផ្ទាល់តាមរយៈអាស័យដ្ឋានខាងក្រោមនេះ៖
០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២
Email : Visotharamuny@gmail.com ឬ ហ្វេសប៊ុក៖ ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks