Monday, January 5, 2015

“មរតកធនធានធម្មជាតិ២៤ខេត្តរាជធានី!”

មរតកធនធានធម្មជាតិ២៤ខេត្តរាជធានី!
(បទពាក្យ ៨ បែបចម្រៀង)
.   សាសន៏ណាមិនល្បីថានៅស្រុកខ្មែរ                           
 ក្រុងចម្ការស្រែម្ភៃបួនខេត្តក្រុង
       ជាដែនសុវណ្ណភូមិខ្មែរទំាងស្រុង                ​             
    ខ្មែរនៅក្រៅក្នុងមោទនះភាពជាតិ។
.   កម្ពុជាដែនដីសុវណ្ណភូមិ                                       
    ខេត្តស្រុកភូមិឃុំសម្បត្តិច្រើនទៀត
       ប៉ៃលិនសំបូរកែវត្បូងព្រោងព្រាត     ​​​​​​​​                       
   ព្រៃឈើច្រើនទៀតពេញកម្ពុជា។
កំពង់សោម.ព្រះសីហនុខេត្ត                                   
   បច្ចុប្បន្នល្អឯកស្រស់មហិមា
      នៅក្នុងសមុទ្រសុទ្ធប្រេងកាតហៀ                            
   តើកម្ពុជាជាតិក្រដល់ណា?។
.  កោះកុងកោងកាងច្រើនឈើលិចទឹក​                              
 ពោធិសាត់សន្ធឹកថ្លើមថ្មថ្លៃថ្លា
     បាត់ដំបងខេត្តខ្មែរចិញ្ចឹមខេមរា​                                  
   ដែនដីអស្ចារ្យខាងផលិតស្រូវ។
.  បន្ទាយមានជ័យមានបន្ទាយឆ្មា                                   
   ចម្លាក់រចនាក្បូក្បាច់ពេកកូវ
     ឧត្តរមានជ័យប្រាសាទល្អឯក                                       
 តាមាន់ធំស្រែកប្រាប់ពេញលោកា។
. ទឹកដីខ្មែរខេត្តដែនព្រះវិហារ                                        
 ទឹកដីសួគ៌ាសម្បតិ្តខេមរា
     ប្រាង្គព្រះវិហារល្បីពេញទ្វីបា                                       
    ទូទំាងលោកាស្ងប់ស្ងែងម្លេះណា!។
. សៀមរាបអង្គរព្រលឹងកូនខ្មែរ                                        
ទឹកដីដំណែលប្រាសាទសិលា
    ចំណូលទេសចរណ៏ចិញ្ចឹមខេមរា                                  
   ខ្មែរបានដោយសាមរតក៌ដូនតា។
.​ កំពង់ធំប្រាសាទសំបូរព្រៃគុក                      ​                  
 ព្រៃឡង់ខ្មែរទុកសម្បត្តិខេមរា
    មានទំាងផូស្វាត,ស្ពាន់មាសពេជ្រថ្លា                               
  ភ្នំសន្ទុករ៉ាគុហារនគរ។
 .   ខេត្តកំពង់ឆ្នំាងទឹកដីទន្លេសាប​                                   
    ត្រីច្រើនដរាប ជះខ្យល់ជំនោរ
       មានភ្នំកង្រីប្រវត្តិលេចធ្លោ                                         
    ដែនដីជំហរផលិតស្មូនឆ្នំាង។
១០.  កំពង់ស្ពឺវាលស្រែដំណែលដើមត្នោត                      
 មានច្រើនលានកោដិត្នោតមោទនះខ្លំាង
        ភ្នំស្រួច,ឱរ៉ាល់ទេសចរណ៏ណែនក្តំាង                     
  វស្សាស្រែស្រំាងស្រូវមានច្រើនស្រុក។
១១.   កំពតភ្នំបូកគោ វិមានសួគ៌                                   
 ទីឋានសុខស្រួលរមណីយក្តីសុខ
        ភ្នំកំពង់ត្រាចទេសចរ សម្រុក                          
   ដែនដីស្រណុកទេសចរធម្មជាតិ។
១២.   ក្រុងកែបឆ្នេរកែបស្រស់ស្អាតបំផុត                 
        ជ្រោយច្រំាងសមុទ្រខ្នាតអន្តរជាតិ
         មានសត្វសមុទ្ររ៉ែប្រេងថែមទៀត                    
ទេសចរណ៏ប្រជ្រៀតកំសាន្តរ៉ាប់លាន។
១៣.   កំពង់ចាមដីចម្ការកៅស៊ូ                                 
    រមណីយគំរូប្រាសាទក៏មាន
        ភ្នំប្រុសភ្នំស្រីទីឋានទាក់ទាញ                              
 ភ្នំហាន់ជ័យមាននគរបាជ័យ។
១៤. ព្រះធាតុទឹកឆាជ្រោយចេក-ទឹកធ្លាក់                      
  រមណីយត្រជាក់ប្រាសាទជើងព្រៃ
      ដែនដីក្រហមជីជាតិប្រពៃ                              
      ព្រៃឈើសត្វព្រៃក៏មានច្រើនដែរ។
១៥.  ក្រចេះទន្លេមេគង្គសត្វផ្សោត                       
        សកលលោកកោតដែនដីស្រុកខ្មែរ
​         ធនធានធម្មជាតិមានច្រើនក្រាស់ក្រែល              
  បឹងបួរស្រុកស្រែស្រស់លើសស្រុកគេ!។
១៦. ស្ទឹងត្រែងល្បាក់ខោនរមណីយទេសចរ             
    កោះខ្សាច់បវរសែនល្អម្ល៉េះទេ
        រ៉ែមាសរ៉ែស្ពាន់មានច្រើនម្លេះទេ                          
ស្ទឹងត្រែងស្ទឹងមេជាប់ព្រំដែនឡាវ។
១៧.  រតនគិរីដែនបឹងយក្ខឡោម                             
   ទេសចរ ចូលចោមដួងចិត្តស្រួចស្រាវ
         ម្រឹគីម្រឹគាស្លូត កាច​ សាហាវ                           
  មានពាសពេញព្រៃរតនគិរី។
 ១៨. ខេត្តមណ្ឌលគិរីប្រជុំព្រៃ                                   
     មរតក៌ប្រពៃសែនស្រស់សោភី
       ដែនដីក្រហមមានទំាងជាតិជី                                 
 ខ្មែរគ្រប់ទិសទីរស់សែនមោទនះ។
១៩. បច្ចុប្បន្ននេះខេត្តមណ្ឌលគិរី                                
   ក្រុមអូស្រ្តាលីរកឃើញមាសប្រាក់
        ស្រុកកែវសីមា មាសច្រើនគ្រឹកគ្រាក់                  
         ភ្នំមាសភ្នំប្រាក់ មានច្រើនម្លេះណា!។
២០. ខេត្តមណ្ឌលគិរី មានភ្នំមាស                                
  ជាង ៨ លាន ១ សែនតោន រ៉ា
        អាចច្រើនជាងគេនៅក្នុងលោកា                         
    មាសមហាសាលក្នុងដែនលោកិយ។
២១. ខេត្តកណ្តាលសម្រស់ធម្មជាតិ                             
     រមណីយច្រើនទៀតសុទ្ធតែល្បាញល្បី
​        ភ្នំព្រះរាជទ្រព្យ ព្រះនរបតី                                 
  ភ្នំប្រសិទ្ធក្តីរួមនឹងភ្នំស្អាង ។
២២. មានភ្នំធនមន្តប្រាសាទភ្នំរាប                            
       កណ្តាលជ្រួតជ្រាបសែនមានសំណាង
        ទន្លេសាប បាសាក់ មេគង្គអាង                           
  សម្បត្តិច្រើនយ៉ាងមរតក៌កេរខ្មែរ។
២៣. ខេត្តព្រៃវែងបាភ្នំដែនដីចាស់                                 
   រឿងប្រវត្តិសាស្រ្តបានបញ្ជាក់ដែរ
​        ត្បូង ស្ពាន់ មាស ប្រាក់ និងធនធានរ៉ែ                      
 ទំាងព្រៃផងដែរក៏នូវមានច្រើន។
២៤. នៅខេត្តតាកែវមានភ្នំជីសូរ                                     
     ដែនដីសំបូរប្រាសាទច្រើន
        ភ្នំដា បាយ៉ង់ ភ្នំតាម៉ៅកើន                                        
ទេសចរ ចំរើនកើនឡើងភ្លាម។
២៥. មានទន្លេបាទី សំរោងយ៉ោង                                    
 មានទំាងព្រៃស្រោងនិងព្រៃរនាម
​       បា្រសាទនាងខ្មៅជប់ពលរាម                                   
  កូនខ្មែររួមឈាមគួរគប្បីដឹង។
២៦. ឯខេត្តស្វាយរៀងដែនដីស្រុកស្រែ                          
   ​​សម្បត្តិច្រើនដែរទំាងទន្លេបឹង
        ទេសចរ អន្តរជាតិបានសម្លឹង                                  
 ថ្ងៃមុខខេត្តហ្នឹង រាស្រ្តខ្មែរសប្បាយ។
 ២៧. បឹងទន្លេសាបទីបណ្តុំត្រី                                  
  ច្រើនក្នុងលោកិយជាងសាសន៏ទំាងឡាយ
       ព្រៃព័ទ្ធជុំវិញខ្មែរសែនស្រស់ស្រាយ                       
    មានបាំ្រខេត្តផ្លាយដោយព្រៃលិចទឹក។
២៨. កំណប់ប្រេងកាតក៏មានក្នុងបឹង                                     
  មានច្រើនម្លឹងៗយ៉ាងច្រើនសន្ធឹក
      សម្បត្តិធម្មជាតិលើគោកក្នុងទឹក                              
   ផ្ទៃដីសំណឹកសំនើមស្រុកស្រែ។
៣០. ភ្នំពេញប្រជុំគ្រប់បុត្រខេមរា                                      
    មិនថាខេត្តណាអោយតែជាខ្មែរ
        បណ្តុំចំណេះបណ្តុះកូនខ្មែរ                                        
 មរតក៌ច្រើនដែរសុទ្ធមានតម្លៃ។
៣១. ចតុមុខគង្គាល្អគ្មានពីរ                      ​​​                    
   ខ្មែរគ្រប់ទិសទីសែនមាននិស្ស័យ
        កើតជាកូនខ្មែរមានមោទនះក្រៃ                                     
ជីវិតថ្លាថ្លៃគ្រប់រាស្រ្តខេមរា។
៣២. អត្ថបទកំណាព្យសូមបញ្ចប់ខ្លី                                    
ខុសត្រូវម្តេចក្តីសូមញាតិមេត្តា
        ព្រោះអីខ្ញុំបាទនូវខ្ចីប្រាជ្ញា                                        
 សូមញាតិខេមរាជួយកែស្ថាបនា។
==========================
 ចាប់ផ្តើមនិពន្ធនៅរាជធានីភ្នំពេញថ្ងៃ ពុធ ទី ២៧ ខែ មិនា ឆ្នំា​២០១៣
និពន្ធបញ្ចប់នៅរាជធានីភ្នំពេញ, ថ្ងៃ ច័ន្ទ ទី ២៥ ខែ សីហា ឆ្នំា ២០១៤
ដោយនិស្សិត៖ ផេង សុខវ៉ាន់ដា
អតីតនិស្សិតសមាគមអ្នកនិពន្ធខ្មែរ ជំនាន់ទី២៩ 
និស្សិតបរិញ្ញាប័ត្រ សង្គមវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ
ទំនាក់ទំនងមកអ្នកនិពន្ធផ្ទាល់តាមរយៈ អាស័យដ្ឋាន ៖
០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២ 
Email : Visotharamuny@gmail.com









No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks