Thursday, February 8, 2018

លិខិតស្នេហា ( ផេង វិសុដ្ឋារ៉ាមុនី )

ស្វាយជួរ ថ្ងៃ អង្គារ ០៦ រោច ខែ មាឃ ឆ្នាំរការ នព្វស័ក 
ព.ស. ២៥៦១ ( ថ្ងៃទី ០៦ ខែ មករា គ.ស. ២០១៨ ) 
- មកដល់បណ្តូលស្នេហ៍បង 
នេះជាលិខិតដែលបងសរសេរដោយផ្ទាល់ដៃ ខិតខំសម្រិតសម្រាំងពាក្យពេចន៍ចេញពីបេះដូងកម្លោះដ៏បរិសុទ្ធរបស់បង ដើម្បីចារជូនជាអក្ខរា ស្នេហ៍នេះជូនដល់ អនាគតម្ចាស់ជីវិតរបស់បង ឲ្យបានដឹងពីជម្រៅដួងចិត្តបងដែលមានសេចក្តីស្នេហាដ៏លើសលប់ចំពោះអូនតែម្នាក់គត់ ។ 
កំពូលដួងចិត្តបងអើយ ! 
បើអូនព្រមបើកបេះដូងទទួលស្នេហ៍ពីបង សូមអូនកុំបារម្ភ 
បងនឹងធានាស្នេហាយើងឲ្យស្ថិតជាអមតៈ ហើយគ្រប់ពាក្យពេចន៍ភាសាបេះដូងពិរោះៗទាំងអស់ដែលកវីនិពន្ធគេប្រើក្នុងរឿងប្រលោមលោក ទំនុកច្រៀង កំណាព្យ 
និងភាពយន្ត នោះបងនឹងប្រមូលយកមកទុកប្រើតែជាមួយ
និងបណ្តូលស្នេហាបងតែម្នាក់គត់ ។ គ្រប់វិនាទីនៃជីវិតស្នេហា
យើង បងនឹងព្យាយាមធ្វើជាមហាវិរៈបុរសក្នុងបេះដូងរបស់អូនជានិច្ច ។ គ្រប់វិនាទីនៃសំដីស្នេហា ដែលបងបានវាចាទៅកាន់អូន នោះគឺសុទ្ធតែជាភាសាបេះដូងផ្អែមល្ហែម ពិរោះៗ ដែលបងបានសម្រាំងយ៉ាងពិចិត្រ ពីក្នុងបេះដូងបង មុននឹងគ្រលាស់អណ្តាតពោលពាក្យវាចាទៅកាន់អូន ។ 
សូមអូនចងចាំថា : រាល់សំដីអពមង្គលទាំងអស់ដែលនឹងនាំ
ទឹកភ្នែកឲ្យអូន នោះបងនឹងមិនប្រើវាចំពោះអូនឡើយ ។ 
ចំពោះស្រីញីខាងក្រៅ តាំងតែពីបងនៅជាកម្លោះរហូតដល់
បងបើកបេះដូងសារភាពស្នេហ៍ជាមួយអូន គឹបងមិនមាន
និងមិនចូលចិត្តឡើយ ព្រោះបេះដូងដ៏បរិសុទ្ធ និងភាពកម្លោះ
Original បងបានត្រៀមទុក និងថែរក្សាទាំងកាយទាំងចិត្ត
ទុកសម្រាប់តែ ពៅមាសបណ្តូលចិត្តម្ចាស់ស្នេហ៍ របស់បងតែ
ម្នាក់គត់ ។ បងនឹងនៅក្បែរអូនគ្រប់វិនាទីនៃដង្ហើមចេញចូលប្រចាំថ្ងៃរបស់បង បងនឹងឱបបណ្តូលស្នេហ៍បងក្នុងរង្វង់ដៃ ចាំលួងលោមអូន ចាំផ្តល់កម្លាំងចិត្តឲ្យអូន ធ្វើឲ្យអូនមិនមានអារម្មណ៍លំបាក ឈឺចាប់ កង្វល់ ព្រួយចិត្ត វេទនា ធុញថប់ តានតឹងក្នុងចិត្តអ្វីឡើយ ។ បងនឹងតែងតាំងអូនគឺជាទេពធីតាគ្រងតំណែងម្ចាស់ក្សត្រីនៅក្នុងបេះដូងដ៏បរិសុទ្ធរបស់បង តែម្នាក់គត់ ។ 
ហត្ថលេខា 
ពីអនាគតស្វាមីសម្លាញ់របស់អូន
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks