១_ ទំនួញតាព្រហ្ម អាណិតខ្មែរពេក
ឈឺចាប់សង្វេគ ព្រោះខ្មែរបាក់បែក
សាមគ្គីប្រេះឆា ផ្ទៃក្នុងរហែក
កូនខ្មែរបែកខ្ញែក និរាសតាមកម្ម ។
២_ រាប់រយសតវត្ស កូនខ្មែររងទុក្ខ
ស្រុកជួបកលយុគ ព្រោះមេដឹកនាំ
ខ្វះទសពិធរាជធម៌ មិនមុតមាំ
ជាហេតុដឹកនាំ ឲ្យខ្មែរទឹកភ្នែក ។
៣_ មួយសតវត្សរ៍ហើយ មួយសតវត្សរ៍ទៀត
កម្មតាមឥតឃ្លាត គួរឲ្យសង្វេគ
សង្រ្គាមឆាបឆេះ បរទេសជ្រៀតជ្រែក
ខ្មែររងទឹកភ្នែក ស្ទើរតែខ្សោះខ្លួន ។
៤_ សម័យអង្គរ ខ្មែរជោរព្រិលភ្នែក
សម័យលង្វែក ខ្មែរត្រេកប្រាក់ដួង
សម័យឧដុង្គ ខ្មែរលង់ព្រោះហ្លួង
ត្រូវសៀមយួនល្បួង លក់ដីដូរម្កុដិ ។
៥_ សម័យបារាំង ខ្មែរសុខមួយភ្លែត
តែក្រោមអំរែក នឹមបារាំងសុទ្ធ
ផុតពីបារាំង ខ្មែរអរស្ទើរផុត
មោទនៈបំផុត រាជ្យសម្តេចតា ។
៦_ តែវេលាខ្លីពេក កម្មតាមទាន់
យៀកកុង វាគ្រាន់ ឈ្លានពានរដ្ឋា
ចិនយួន ឆ្កឹះឆ្កៀល បំបែកខេមរា
ឲ្យបែកប្រេះឆា ខ្មែរលោតតាមវា ។
៧_ ទឹកភ្នែកខេមរា ចារដោយលោហិត
បី ឆ្នាំឧក្រិដ្ឋ ជាប់សាវតារជាតិ
បរទេសបានលេស មិនបង្អង់ទៀត
ចូលសង្រ្គប់ជាតិ លេបខ្មែរបង្ហើយ ។
--------------------------------------------
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment