អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២មក ប៉ុន្តែនៅតែមានអ្នកយល់ច្រឡំថា ការចុះបញ្ជីបេតិក ភណ្ឌនេះ គឺសំដៅទៅលើប្រាសាទអង្គរវត្ត។ តាមពិតមិនមែន មានតែប្រាសាទអង្គរវត្តមួយទេ ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក គឺអង្គរវត្ត គ្រាន់តែជាប្រាសាទមួយ ក្នុងចំណោមប្រាសាទជិត១០០ ដែលបានចុះបញ្ជី។ បេតិក ភណ្ឌអង្គរដែលបានចុះបញ្ជីនេះគឺរមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។
តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោកនេះ មានផ្ទៃដីសរុប ៤០១គីឡូម៉ែត្រ ក្រឡា ដែលបែងចែកជាបីតំបន់ធំៗគឺ ៖ តំបន់កណ្តាលដែលមានប្រាសាទច្រើន ដូចជាប្រាសាទ អង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ មានផ្ទៃដីសរុប ៣៥១០០ហិកតា។ តំបន់ខាងជើងដែលមានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២០០០ហិកតា។ តំបន់ខាងត្បូង ឬហៅថា តំបន់រលួស ដែល មានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣០០០ហិកតា។ សរុបតំបន់ទាំងបីនេះមក ហៅថា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។
ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិក ភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។
ប្រាសាទ
ក្នុងពេលដែលអង្គរត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក មានប្រាសាទ ស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រសរុប ចំនួន៩១។ ត្រង់ចំណុចនេះ អ្នកបុរាណវិទ្យារបស់អាជ្ញាធរ ជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ចំនួន៩១ ដែលមានក្នុងចុះបញ្ជីកាលណោះ ដោយសារយោងតាមបញ្ជី ចាស់ ដែលធ្លាប់បានស្រាវកន្លងមក និងដោយត្រួសៗប៉ុណ្ណោះ ។ តែក្រោយមកទៀត អ្នកបុរាណវិទ្យាបានរកឃើញប្រាសាទ និងស្ថានីយបុរាណរាប់រយទៀត ដែលស្ថិតនៅក្នុងតំបន់អង្គរ តែមិនទាន់មានឈ្មោះនៅក្នុងបញ្ជីនៅឡើយ។ លោកបានលើកឧទាហរណ៍ថា គ្រាន់តែប្រភេទឧបោសថាគារ នៅអង្គរធំ ជុំវិញប្រាសាទបាយ័ន និងក្នុងព្រៃមានដល់ទៅ ១០០ ហើយគ្រឹះប្រាសាទដែលកប់ក្នុងព្រៃក៏មានដល់ទៅ រាប់រយ ទៀត។
បរិស្ថាន
បរិស្ថានដែលសំខាន់នៅតំបន់អង្គរ គឺព្រៃឈើ និងទឹក។ តាមសិ្ថតិជំរឿនព្រៃឈើក្នុងឆ្នាំ២០១៣ របស់នាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរ ជាតិអប្សរា ព្រៃឈើនៅក្នុងឧទ្យានអង្គរមានប្រមាណជាង ៥៧០០ហិកតា គឺស្មើនឹង១៣%នៃផ្ទៃដីទាំងមូល។ ព្រៃឈើមិនត្រឹមជាប្រភពនៃភ្លៀងប៉ុណ្ណោះទេ តែមានតួនាទី ពិសេសសម្រាប់ប្រាសាទ ធ្វើជារនាំងការពារប្រាសាទ ទប់ទល់ នឹងខ្យល់ព្យុះភ្លៀងខ្លាំងដែលបក់បោកមកលើប្រាសាទ និងជា ម្លប់ការពារប្រាសាទទៀតផង។ ជាពិសេសព្រៃឈើប្រៀបដូចជាសម្លៀកបំពាក់ ឬជាអលង្ការ ដែលធ្វើឲ្យប្រាសាទមានភាពរឹងរឹតតែស្រស់បំព្រងថែមទៀត។ ប្រាសាទតាព្រហ្ម គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបាន ទាក់ទាញទេសចររាប់ពាន់នាក់ចូលទៅទស្សនារៀងរាល់ថ្ងៃ។
ក្រៅពីព្រៃឈើ ទឹកជាបរិស្ថានដ៏សំខាន់មួយទៀតផ្សារភ្ជាប់ខ្លួននឹងអង្គរដែរ។ កាលណាគេនិយាយពីអង្គរ គេតែងនឹកដល់បារាយណ៍ខាង លិច ដែលហៅថា បារាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ ជាពិសេសសម្រាប់ការងារកសិកម្មរហូតដល់សព្វថ្ងៃ។ បារាយណ៍ខាងជើង ដែលបានរីងស្ងួតទឹកជាង៥០០ឆ្នាំកន្លង ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប្រព័ន្ធទឹកបុរាណ បញ្ចូលទឹកពេញ ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាល គួរឲ្យចង់គយគន់ក្រៃលែង។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ ហាក់ ដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សយើងដូច្នោះដែរ។ បណ្តាញធារាសាស្ត្រដ៏ធំនេះ គឺសម្រាប់បញ្ជៀសទឹកជំនន់ មិនឲ្យលិចលង់ដល់ប្រាសាទ និងក្រុងសៀមរាបទាំងមូល។ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹក ផ្ទុកនូវសំណើមជាប្រចាំ ថែរក្សាគ្រឹះប្រាសាទដែលជាខ្សាច់ កុំឲ្យស្ងួត ធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនា សម្ព័ន្ធប្រាសាទ។
ប្រជាជន
តំបន់ជុំវិញប្រាសាទសុទ្ធតែជាភូមិ។ ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ភូមិ ២១ឃុំសង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នារាប់ជំនាន់មកហើយ ដែលបានផ្តល់ឲ្យនូវលក្ខណៈពិសេសដល់ឧទ្យានអង្គរ ឲ្យទៅជាមត៌ករស់។ អ្នកស្រុកទាំងនេះ ត្រូវបានចាត់ទុកថាជា បេតិកភណ្ឌដែរ ដោយសារអ្នកទាំងនោះបានថែរក្សាបេតិក ភណ្ឌអរូបីដែលមាន ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំ ថ្ងៃ តាំងពីយូរលង់មកហើយ។ ភាសានិយាយក៏ជាមត៌កដែរ ដូចជាអ្នកភូមិប្រដាក ភូមិអូរទទឹង ជាដើម មានភាសា និង សំនៀងប្លែកពីគេឯង។
បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្ត ទុកដាក់ នៅតែកំពុងបន្តប្រតិបត្តិដោយអ្នកស្រុកអង្គរនៅ ឡើយ។ ទំនៀមទាំងនោះមានដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង ។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើ ទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឲ្យទំនៀមទាំងនេះ អាចគង់វង្សតកូនតចៅរហូតតទៅ៕
No comments:
Post a Comment