Wednesday, January 13, 2016

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែលអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ តម្កល់​ទុកនៅអង្គការសហប្រជាជាតិក្នុង​ឆ្នាំ១៩៦៤។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែលអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ តម្កល់​ទុកនៅអង្គការសហប្រជាជាតិក្នុង​ឆ្នាំ១៩៦៤។
នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ា គឹមហុង បានបញ្ជាក់ថាក្រោយការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ​១៩៧៩ រដ្ឋាភិបាលមានផែនទី២៦ផ្ទាំងដែលចាស់រេចរិល ដែលធ្វើឲ្យការកំណត់ព្រំដែនជួបការលំបាកច្រើន។ លោកបន្តថាក្រោយមក រដ្ឋាភិបាលបានទៅចម្លងផែនទីពីអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់សម្រាប់កំណត់ខ្មែរបន្ទាត់ព្រំដែន។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានការប្រើប្រាស់ផែនទីបោះពុម្ពនៅប្រទេសវៀតណាម លោក វ៉ា គឹមហុង អះអាងថាផែនទីទាំងនោះ ជាផែនទីស ដែលមិនមានកំណត់ខ្សែបន្ទាត់ព្រំដែននោះទេ។ លោក​បញ្ជាក់នៅចំពោះ​មុខ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិថា«ឯកឧត្តមខ្លះចោទខ្ញុំថា នៅឆ្នាំ២០០៧ខ្ញុំសុំឲ្យវៀតណាម បោះពុម្ភផែនទី៦ផ្ទាំង ដើម្បីយកមកប្រើកិច្ចការហ្នឹង ខ្ញុំសូមជម្រាបថា ខ្ញុំឲ្យធ្វើហ្នឹងមានចែងក្នុងសន្ធិសញ្ញា​បំពេញបន្ថែមឆ្នាំ២០០៥ រួចហើយថាយើងធ្វើព្រំដែនហ្នឹង គឺយើងត្រូវការផែនទីស ដើម្បីយើងគូសចម្លង ដើម្បីយកផែនទីបោន ១/១០០០០០ អាផែនទីព្រំដែន ដែលយើងសុំឲ្យវៀតណាមគូសចម្លងនេះ ជាផែនទីសឥតមានខ្សែព្រំដែនទេ»
លោក វ៉ា គឹមហុង អះអាងទៀតថាការបោះបង្គោលព្រំដែនដែលកំពុងប្រព្រឹត្តនាពេលបច្ចុប្បន្ននេះ ធ្វើឡើងដោយផ្អែកលើផែនទីខ្នាត១/១០០.០០០ និងមានការសម្របសម្រួលជាមួយប្រទេសវៀតណាម។
ជាមួយគ្នានេះ នៅពេលអ្នកសារព័ត៌មានចោទសួរពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដោយសារការ​បោះបង្គោលព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាលោកមិនត្រូវបកស្រាយនៅពេលនេះទេ ដោយលោកបកស្រាយតែពីភាពត្រឹមត្រូវនៃផែនទីប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលចូលរួមក្នុងសន្និសីទសារព័ត៌​មាននោះ បានច្រានចោលការបកស្រាយរបស់លោកវ៉ា គឹមហុង ដោយលោកអះអាងថាផែនទីដែលលោក វ៉ា គឹមហុង បានដាក់បង្ហាញ គឺជាផែនទីបោះពុម្ពឡើងដោយវៀតណាម ។
លោក អ៊ុំ សំអាន ថ្លែងថា «មិនអាចទទួលយកបានទេ គឺសរុបទូទៅគឺផែនទីហ្នឹងគូសដោយយួនក្នុងទស្សវតទី​៨០ មានន័យថាធ្វើក្នុងឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៥បានយួនធ្វើសន្ធិសញ្ញា ហើយសម័យហ្នឹងយើងអត់មាន​កៅអីនៅអង្គការសហប្រជាជាតិទេ រដ្ឋាភិបាលត្រូវលើកបន្តុបដោយវៀតណាម»
កាលពីថ្ងៃទី២៧ ខែមិថុនា លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថាលោកបានទទួលផែនទីខ្នាត១/១០០.០០០(មួយលើមួយរយពាន់) ដែលគូសវាសដោយអាជ្ញាធរបារាំងក្នុងចន្លោះឆ្នាំ១៩៣៣ដល់ ១៩៥៣។ លោកថាផែនទីទាំងអស់នោះដែលគ្របដណ្តប់ព្រំដែនកម្ពុជា-វៀតណាមប្រវែង១២៥០គីឡូ​ ម៉ែត្រ និងផែនទីខ្នាត១/១០០.០០០ ត្រូវបានបញ្ចូនដលដៃបក្សរបស់លោក កាលពីថ្ងៃទី២៦ ខែមិថុនា ។ លោកបន្តថា ផែនទីទាំងនោះត្រូវបានយកចេញពីបណ្ណាល័យរបស់ប្រទេសបារាំង ដែលជាកន្លែងតម្កល់ទុកផែនទីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ៕
កែតម្រូវ៖ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែល​តម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ មិនមែនផែន​ទីដែល​បោះពុម្ពនៅប្រទេស​វៀតណាមនោះទេ។ 
សូម​សរសេរ​មកលោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com
 ដោយ៖​ ញឹម សុខន​ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 02:40 PM
ដកស្រង់ពីអត្ថបទចេញផ្សាយដោយគេហទំព័រសម្លេង VOD
នៅថ្ងៃ ព្រហស្បត្តិ៍ ទី ០២ ខែ កក្កដា ឆ្នំា ២០១៥ 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks