.............................
១. ជាតិខ្មែរមានធម៌បវរគ្រប់
សាសន៍គេសេពគប់ព្រោះខ្មែរត្រង់
មានផ្នត់គំនិតគិតត្រូវប្លង់
ខ្មែរគ្រប់រូបអង្គ ធម៌ជាប់ខ្លួន ។
២. ជាតិខ្មែរមានធម៌មាយាទខ្ពស់
ខ្មែរខ្ពើមពាក្យឈ្លោះ ស្អប់គុំគួន
ចរិតស្លូតបូត តែមំាមួន
គោរពច្បាប់ក្បួន ទម្លាប់ល្អ ។
៣. ជាតិខ្មែរសាមគ្គី មិនលាបពណ៌
ខ្មែរមានឈាមជ័រ ខ្ពស់បវរ
ជាច្រើនសតវត្សរ៍រាប់តំណរ
ខ្មែរពូជពង្សល្អ ពីដូនតា ។
៤. ជាតិខ្មែរមានធម៌ក្រឹតវិន័យ
សីលធម៌ប្រពៃនាមខេមរា
ប្រតិបត្តិខ្ជាប់ខ្ជួនពុទ្ធសាសន
ស្មោះអង្គក្សត្រា ដ៏ជាញជ័យ ។
៥. ជាតិខ្មែរមានធម៌ វប្បធម៌ថ្លៃ
ខ្មែរមាននិស្ស័យល្អប្រពៃ
តែបើមានខ្មែរចរិតព្រៃ
គឺខ្មែរពូជជ្រៃ កាត់ឈាមចោរ ។
៦. ខ្មែរយើងជាជាតិមានធម៌អាថ៌
ប្រវត្តិសាស្រ្តចារ បញ្ជាក់ប្រាប់
ខ្ញុំស្រាវជ្រាវដឹង លើកមកសាស័ព្ទ
ឲ្យកូនខ្មែរស្តាប់ ជាតិយើងមានធម៌ ។
រាជធានីភ្នំពេញ ០៣ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
No comments:
Post a Comment