Thursday, May 10, 2018

ផ្សងស្នេហ៍ បុប្ជាកំពង់ក្តី

ផ្សងស្នេហ៍ បុប្ជាកំពង់ក្តី 
១ - កំពង់ក្តីអើយ ខ្ញុំផ្សងប្រាថ្នា 
ផ្ចើឆ្អឹងសង្ខារ វាសនាជីវិត 
ផ្សងរួមស្នេហា និងឆោមវរមិត្ត 
សូមពៅអាណិត ដាក់ទានស្នេហា ។
 ២ - សម្រស់ផ្កាស្រស់ ទងផ្កាស្រឡូន 
គន់ទៅភ័ក្រអូន មូលដូចច័ន្ទថ្លា 
សក់វែងអន្លាយ សាយគ្របដល់ស្មា 
រៀមផ្សងស្នេហា រួមរស់មេត្រី ។ 
 R - ឱ! វិទ្យាល័យ កំពង់ក្តីអើយ 
អ្នកកុំព្រងើយ ជួយខាបនិស្ស័យ 
 ឲ្យរៀម មានភ័ព្វ បានជួបចរណៃ 
សារភាពស្នេហ៍ថ្លៃ អាលចូលស្តីអូន ។
៤ - សូមផ្ចើនិស្ស័យ និងព្រហ្មលិខិត 
បើរៀមនេះពិត ជាគូរួមក្បូន 
 រួមដំណើរស្នេហ៍ ជាមួយរូបអូន 
 ទេវតាជួយយោង ជួយរុញនិស្ស័យ ។ 
ថ្ងៃ សៅរ៍ ទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ 
 ពីកម្លោះស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
  និពន្ធដោយ : ផេង វិសុដ្ឋារ៉ាមុនី

ស្រីៗស្រួលម្យ៉ាង

ស្រីៗស្រួលម្យ៉ាង អាងប្តីចិញ្ចឹម 
រៀនល្មមៗ ម៉ែឲ្យមានប្តី 
ជាមេគ្រួសារ នាមជាស្រី 
 សង្ឃឹមលើប្តី បង្អែកជីវិត ។ 
កម្មក្រាស់អ្វីតែលើមនុស្សប្រុស 
បើរៀនមិនខ្ពស់ គ្មានជំនាញពិត 
គ្មានមុខរបរ ច្បាស់ជាអត់លិឍ 
ស្រីមិនហ៊ានជិត យកជាប្តីឡើយ ។ 
 ព្រោះតែបុរស ជាបង្គោលមាំ 
បង្អែកមាំទាំ សម្រាប់ស្រីហើយ 
ជំហរគ្រួសារ ប្រពន្ធកូនកើយ 
បុរស នេះហើយ លំនឹងគ្រួសារ ។ 
 ថ្ងៃ អាទិត្យ ទី ០៦ ខែ ឧសភា ឆ្នាំ ២០១៨ 
និពន្ធដោយ ៖ លោក ផេង វិសុដ្ឋារ៉ាមុនី 
បរិញ្ញាបត្រសង្គមវិទ្យា

បើបានប្រពន្ធ ១ ត្រួយថ្លើមថ្លៃ

បើបានប្រពន្ធ ១ ត្រួយថ្លើមថ្លៃ 
ខ្ញុំលៃអស់ដៃ ច្នៃស្នេហ៍ស្រីឆ្នើម 
ថ្នាក់ថ្នម បីបាច់ យល់ដល់ចិត្តថ្លើម 
តាំងពីចាប់ផ្តើម ដល់វ័យជរា ។ 
បេះដូងតែមួយ ខ្ញុំថែដុសខាត់ 
ឲ្យស្អាត ស ស្រេច ទុកជូនពុំងា 
ថែចិត្ត ថែកាយ បន្ទំវិជ្ជា 
រៀបចំឬកពារ ទុកជូនម្ចាស់ស្នេហ៍ ។ 
គ្មានទេ { ពាក្យក្បត់ } លួចលាក់មានស្រី 
ចិត្តបែកពីរបី បេះដូងប្រួលប្រែ 
មានតែ 《 ចិត្តធម៎ 》បេះដូងស្មោះស្នេហ៍ 
ទុកជូនម្ចាស់ស្នេហ៍ មាសមិត្តបណ្តូល ។ 
ដោយ : ផេង វិសុដ្ឋារ៉ាមុនី

ទឹកភ្នែកប្រវត្តិសាស្រ្តខ្មែរ

ទឹកភ្នែកប្រវត្តិសាស្រ្តខ្មែរ
--------------------------------
- ទឹកភ្នែកប្រវត្តិសាស្រ្ត ដាស់អស់ខ្មែរ
ទូទាំងក្រុងស្រែ ខ្មែរគ្រប់និន្នា
លើ ក្រោម កណ្តាល ដែនកម្ពុជា
ឲ្យរួមសាមគ្គា ឈប់លាបពណ៌គ្នា ។

- ប្រវត្តិសាស្រ្តឈឺចាប់ កុំបំភ្លេច
ខ្មែរចាំជានិច្ច កុំឲ្យឃ្លាតឃ្លា
ជាបទពិសោធន៍ បច្ចុប្បន្នការពារ
ជាតិកម្ពុជា យើងបានគង់វង្ស ។
- បើខ្មែរបែកឃ្លាត វិវាទគ្នាឯង
បរទេសសំញ៉ែង ឬទ្ធិតម្លើងធ្មង់
ឆ្លៀត ឆក់ឱកាស មិនឡើយរារង់
បំបាត់ពូជពង្ស សាវតារខ្មែរហើយ ។
=====================
ថ្ងៃ ព្រហស្បតិ៍ ១៥ កើត ពេញបូរមីណ៍ ខែ ផល្គុន
ឆ្នាំ រការ នព្វស័ក ព.ស. ២៥៦១ ( ថ្ងៃទី ០១ ខែ មិនា
គ.ស. ២០១៨ )
និពន្ធដោយ : ផេង វិសុដ្ឋារ៉ាមុនី
បរិញ្ញាបត្រសង្គមវិទ្យា

វេលាកន្លង ឆ្លងផុតទៅ

- វេលាកន្លង ឆ្លងផុតទៅ
បន្សល់ទុកនៅ ការចងចាំ
អនុស្សាវរីយ៍ រាប់សិបឆ្នាំ
ឲ្យនៅចងចាំ រលឹកគ្នា ។
- ពីរពាន់ដប់ពីរ រៀនជុំគ្នា
ស្វែងរកវិជ្ជា តែងកាព្យា
ទាំងសង្ឃ គ្រហស្ថ គ្រប់អង្គារ
ចាស់ក្មេង គ្រប់គ្នា ស្វែងវិជ្ជា ។
ថ្ងៃ អង្គារ ០៩ រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធស័ក
ព.ស. ២៥៦២ ( ថ្ងៃទី ០៨ ខែ ឧសភា គ.ស. ២០១៨ )
ផេង វិសុដ្ឋារ៉ាមុនី

អំណាចធំឯក

រស់ខ្ពស់យ៉ាងណា គង់នៅក្រោមមេឃ
អំណាចធំឯក គង់នៅក្រោមច្បាប់
មានហូបមិនខ្វះ គង់តែនឹងស្លាប់
ពេទ្រចេះក្បួនស្រាប់ គង់ស្លាប់នឹងរោគ ។
How tall is that living under the sky
The power is governed by law
there is no lack of food , but death
The paramedic is dead and sick.

កំណាព្យ « ភ័ក្រ្តាអូនស្អាត ពេញក្រពុំ »

ភ័ក្រ្តាអូនស្អាត ពេញក្រពុំ
មូលដូចមួយជុំ ព្រះច័ន្ទថ្លា
គន់ភ្លាមរៀមចាប់ចិត្តស្នេហា
រញ្ជួយឱរ៉ា សែនស្រលាញ់ ។
បបូរមាត់ស្អាត ញញឹមស្រស់
សម៉ត់ឥតខ្ចោះ គួរឲ្យក្នាញ់
ថ្ពាល់ពេញរលោង ដូចលាបខ្លាញ់
កែវភ្នែកអូនបាញ់ សម្លឹងបង ។
បេះដូងបងមួយ ត្រួយជីវិត
ទុកជូនវរមិត្ត ពិតកល្យាណ
គ្រងតំណែងស្នេហ៍ យ៉ាងហំហាន
នៅពេលបងបាន ចប់បណ្ឌិត ។
បេះដូងបងស្មោះ អស់ពីប្រាណ
ចិត្តស្អាតដូចចាន ភក្តីពិត
មានតែរូបអូន ពៅវរមិត្ត
ជាម្ចាស់ជីវិត បេះដូងបង ។
--------------------------------
២៤ មិនា ២០១៨
ផេង វិសុដ្ឋារ៉ាមុនី

Friday, April 27, 2018

បុប្ជាទេពអរជូន និពន្ធដោយ : ផេង វិសុដ្ឋារ៉ាមុនី

១- ទំព័រស្នេហា កាលបឋមវ័យ
រៀមលួចស្នេហ៍ស្រី ផ្សងផ្កាព្រែកម៉ែន
ថ្ពាល់ស្រីទាំងសង ក្រពុំពេញណែន
ផ្កាស្នេហ៍ព្រែកម៉ែន ល្អលើសបុប្ជា ។

២- បងជាកវី គ្មានទ្រព្យសក្តិយស
ផ្ទះអូនធំខ្ពស់ ឈរអែបក្រោយផ្សារ
អូនកូនអ្នកមាន សម្បត្តិហ៊ឺហារ
ឯបងនេះណា៎ ក្រសព្វទាំងអស់ ។
R- ជំនោរទន្លេ បាសាក់កោះខែល
ចិញ្ចឹមចិត្តស្នេហ៍ ថែភាពកម្លោះ
រក្សាបេះដូង បរិសុទ្ធស្មោះ
ទុកជូនស្រីស្រស់ បើអូនមេត្តា ។
៤- ឱ !ភូមិទេពអរជូន បងស្គាល់ស្រី
កាលពីនៅរៀន បឋមសិក្សា
ឱ ! វត្តទឹកវិល ជួយចាំផងណា៎
រាល់អនុស្សា រៀមហើយនិងស្រី ។
-------------------------------------------
ថ្ងៃ ព្រហស្បត្តិ៍ ១២ កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធស័ក
ព.ស. ២៥៦១ ( ថ្ងៃទី ២៦ ខែ មេសា គ.ស. ២០១៨ )

Thursday, April 19, 2018

ជ្រុងមួយនៃពេលវេលាជីវិត និយាយអំពីការ < ដេកលក់ > ផេង វិសុដ្ឋារ៉ាមុនី

#ជ្រុងមួយនៃពេលវេលាជីវិត និយាយអំពីការ < ដេកលក់ >
- និពន្ធ និងសរសេរដោយលោក ផេង វិសុដ្ឋារ៉ាមុនី
+ មនុស្សលោកយើងគ្រប់គ្នា រាល់ពេលពេលដែលនាំគ្នាទទួលទានដំណេក ដែលភាសាសាមញ្ញនិយាយថា
< ដេកលក់ > គឺ ៖ មនុស្សយើងគ្រប់គ្នាជាអ្នកដេកលក់ហ្នឹង គឺលក់ឲ្យពេលវេលា ពេលវេលា ជាអ្នកទិញនូវពេលវេលាជីវិតរបស់មនុស្សលោកយើងគ្រប់គ្នា ដោយគ្មានអ្នកណាមួយដែលអាចគេចផុតពីការលក់ពេលវេលាខ្លួន ទៅឲ្យពេលវេលា បាននោះទេ ។ ពេលវេលា ជាមច្ចុរាជដែលទំពារស៊ីនូវពេលវេលាជីវិតរបស់យើងគ្រប់គ្នា ។ នៅលើផែនដីនេះទោះជាមនុស្សលោកយើង ឬអ្នកណាមួយចង់គេចវ៉េស ឬ
មិនចង់លក់ពេលវេលាជីវិតខ្លួនទៅឲ្យ ពេលវេលា ក៏ដោយ
ក៏មិនអាចដែរ ព្រោះគ្មានអ្នកណាមួយដែលថាមិនទទួលទាន
ដំណេក ឬដេកលក់ បានឡើយ ។ ព្រោះបើមិនដូច្នោះទេ នោះនឹងគ្មានកម្លាំងកំហែងក្នុងខ្លួន ឡើយ ។
ការដែលមនុស្សលោកយើង < ដេកលក់ > មានប្រយោជន៍ដ៏សំខាន់មួយគឺ ៖ ចំណេញបាននូវកម្លាំង ឬថាមពលជីវិត
ឲ្យមានកម្លាំងពលំរឹងមាំ និងសុខភាពល្អ នៅពេលដែលយើង
គ្រប់គ្នាបាន < ដេកលក់ > ។ ប៉ុន្តែផ្ទុយទៅវិញការដែលមនុស្សលោកយើង < ដេកលក់ > គឺខូចខាតប្រយោជន៍ដ៏សំខាន់មួយដែលចៀសមិនផុត ទោះជាខំប្រឹងសន្សំសំចៃពេលវេលាយ៉ាងណាក៏ដោយក៏នៅតែខាតបង់ពេលវេលាជីវិត
របស់ខ្លួន រាល់ពេលដែលមនុស្សលោកយើងនាំគ្នា < ដេកលក់ > ផងដែរ ។ បានន័យថា < ការដេកលក់ > គឺជា
ការលក់ផលប្រយោជន៍ជីវិត និងពេលវេលានៃជីវិតរបស់យើងគ្រប់គ្នាទៅឲ្យ ពេលវេលាសកល ។ ល ។

ដកស្រង់ចេញពីកម្រងស្នាដៃនិពន្ធ របកគំហើញនៃជីវិត
របស់លោក ផេង វិសុដ្ឋារ៉ាមុនី
ផេង វិសុដ្ឋារ៉ាមុនី

Wednesday, February 21, 2018

សេចក្តីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ នឹង​បើកវគ្គ​បណ្ដុះ​បណ្ដាល​អ្នកនិពន្ធ ជំនាន់​ទី៣២ ដល់សិស្ស និស្សិត សមាជិក សមាជិកា និង​មហាជនទូទៅ ចាប់ពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ខាង​មុខ​នេះ


យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ បានឱ្យដឹងថា សមាគម​នឹង​បើកវគ្គ​បណ្ដុះ​បណ្ដាល​អ្នកនិពន្ធ ជំនាន់​ទី៣២ ដល់សិស្ស និស្សិត សមាជិក សមាជិកា និង​មហាជនទូទៅ ចាប់ពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ខាង​មុខ​នេះ។
ប្រភពដដែល​បានបញ្ជាក់ថា ប្រធានបទ ដែលត្រូវ​បណ្ដុះបណ្ដាល​ដល់សិក្ខាកាមនោះ រួមមានទី១ សិល្ប៍វិធីតែងនិពន្ធ​ប្រលោមលោក រឿងខ្លី កំណាព្យ និង​ទំនុកច្រៀង។ ទី២ សារៈសំខាន់ នៃអក្សរសាស្ត្រខ្មែរ ក្នុង​កិច្ចការ​តែងនិពន្ធ។ ទី៣ ការ​ឈ្វេង​​យល់​ពីពិធី​ការ​ខ្មែរ​សម្រាប់​អ្នក​និពន្ធ​។ ទី៤ ក្រមសីលធម៌​របស់​អ្នកនិពន្ធ និង​អ្នក​បង្កើត​ស្នាដៃ។ ទី៥ ការ​បញ្ជ្រាប​ទស្សនវិជ្ជា​ក្នុងស្នាដៃ។ ទី៦ វិធី​សាស្ត្រ​ក្នុង​ការ​សរសេរ​ណារី​យូភាព​យន្ត រឿងខ្លី ស្ប៉ត និង​ទី៧ វិធីសាស្ត្រ​ក្នុង​ការ​សរសេរ​អត្ថបទវិទ្យា វណ្ណកថា និង​សិក្សា​កថា។
សូមជម្រាបថា ចំពោះវេនសិក្សា ត្រូវបាន​ចែកចេញជាពីរ ពោលវេនទី១ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង​១៧:០០ល្ងាច ដល់​ម៉ោង​១៩:០០​យប់ និង​វេនទី២ គឺ​ថ្ងៃសៅរ៍ ចាប់ពី​ម៉ោង៨:០០ព្រឹក រហូត​ដល់​ម៉ោង១២:០០​ថ្ងៃត្រង់ នៅ​សមាគម​អ្នកនិពន្ធខ្មែរ ក្នុង​បរិវេណ​វត្ត​បទុមវតី​ ហើយ​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នេះ អាច​ចុះឈ្មោះ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះតទៅ នៅ​ទីស្នាក់​ការ​ សមាគម​អ្នក​និពន្ធខ្មែរ ស្ថិត​ក្នុង​បរិវេណ​វត្តបទុមវតី៕​
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks