ប្រវត្តិផ្លូវកម្ពុជាក្រោមនៅរាជធានីភ្នំពេញ
ដោយ យាង សុជាមេត្តា | RFA
ផ្លូវកម្ពុជាក្រោម គឺជាផ្លូវសំខាន់មួយសម្រាប់បម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋនៅ ក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះមានចម្ងាយ ៣,៣គីឡូម៉ែត្រ ចាប់ពីផ្សារធំថ្មី រហូតដល់ស្ពានអាកាស ៧មករា ដែលឋិតនៅក្បែរសាកលវិទ្យាល័យភ្នំពេញ។ ហេតុអ្វីបានជាមេដឹកនាំខ្មែរជំនាន់មុន ដាក់ឈ្មោះផ្លូវនេះថាជាផ្លូវកម្ពុជាក្រោម?
នៅពេលនិយាយដល់កម្ពុជាក្រោម ធ្វើឲ្យគេនឹកទៅដល់ដែនដីខ្មែរមួយភាគធំ ឋិតនៅប៉ែកខាងត្បូងឆៀងខាងកើតនៃអតីតអាណាចក្រខ្មែរ ដែលត្រូវបានជនជាតិវៀតណាម លេបត្របាក់យកបន្តិចម្តងៗតាំងពីដើមសតវត្សរ៍ទី១៧ ហើយគ្រប់គ្រងរហូតមកទល់សព្វថ្ងៃ។
បើទោះជាដែនដីនេះ បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសជិតខាងក្តី ប៉ុន្តែអ្នកដឹកនាំជំនាន់មុនមួយចំនួន នៅតែខិតខំថែរក្សាឈ្មោះរបស់ដែនដីមួយនេះ ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ឬទាញការចាប់អារម្មណ៍របស់មនុស្សជំនាន់ក្រោយ ឲ្យនឹកទៅដល់ដែនដីដែលបានបាត់បង់ទៅហើយនោះ។ ជាក់ស្តែង ការដាក់ឈ្មោះមហាវិថីមួយនៅកណ្ដាលរាជធានីភ្នំពេញ ថាជាមហាវិថីកម្ពុជាក្រោម អាចមិនមែនជារឿងចៃដន្យរបស់អ្នកដឹកនាំជំនាន់មុននោះទេ។
បើទោះជាអាជ្ញាធរបច្ចុប្បន្ន ពិសេសសាលារាជធានីភ្នំពេញ មិនបានចងក្រងជាឯកសារផ្លូវការនូវប្រវត្តិរបស់ផ្លូវនានានៅក្នុង រាជធានីភ្នំពេញក្តី ប៉ុន្តែជាការកត់សម្គាល់ ការដាក់ឈ្មោះផ្លូវដោយប្រើឈ្មោះបុគ្គល ឈ្មោះទីតាំង ឬឈ្មោះប្រទេសណាមួយ គឺដើម្បីធ្វើឲ្យអ្នកជំនាន់ក្រោយនឹកដល់បុគ្គល ឬទីតាំងនោះ ឬនឹកទៅដល់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា ជាមួយប្រទេសទាំងនោះ។
ជាក់ស្តែង នៅក្នុងរាជធានីភ្នំពេញមានផ្លូវជាច្រើន ដែលមានឈ្មោះខ្សែលោហិតរាជវង្ស ដូចជាផ្លូវនរោត្តម ស៊ីសុវត្ថិ សុធារស សុរាម្រិត មុនីវង្ស មុនីរ៉េត និងសីហនុ។ ក្រៅពីនោះ ឈ្មោះផ្លូវមួយចំនួន គឺជាឈ្មោះរបស់មេដឹកនាំបរទេស ឬឈ្មោះប្រទេសដទៃតែម្តង ក្នុងនោះដូចជាផ្លូវហ្សាលឌឺហ្គោល (Charles De Gaulle) ផ្លូវនេរុ (Nehru) ផ្លូវម៉ៅសេទុង (Mao Tse Tung) ផ្លូវឆេកូស្លូវ៉ាគី (Czechoslovakia) ឬ ផ្លូវសហព័ន្ធរុស្ស៊ី ជាដើម។ ឈ្មោះផ្លូវទាំងអស់នេះ ភាគច្រើនត្រូវបានដាក់តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ។
ទាក់ទងនឹងឈ្មោះផ្លូវកម្ពុជាក្រោម វិញ សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា លោកមិនដែលបានឃើញឯកសារពាក់ព័ន្ធនឹងប្រវត្តិផ្លូវនេះទេ ប៉ុន្តែលោកអះអាងថា ផ្លូវកម្ពុជាក្រោមនេះមានតាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ មកម្ល៉េះ។ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា កត់សម្គាល់ថា ការដែលអតីតព្រះមហាក្សត្រខ្មែរប្រទានឈ្មោះផ្លូវដូចនេះ គឺព្រះអង្គមានរាជបំណងឲ្យកូនចៅរបស់ព្រះអង្គជំនាន់ក្រោយ នៅចងចាំជានិច្ចអំពីអតីតទឹកដីរបស់ខ្មែរ បើទោះជាទឹកដីនោះស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដទៃក្តី។ លើសពីនេះ វាក៏ជាការទាញអារម្មណ៍កូនចៅខ្មែរជំនាន់ក្រោយ ឲ្យយកចិត្តទុកដាក់ស្វែងយល់ពីប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួន។
លោក សំបូរ មាណ្ណារ៉ា កោតសរសើរចំពោះស្មារតីដាស់តឿនកូនខ្មែរតាមរយៈការដាក់ឈ្មោះផ្លូវ បែបនេះ។ លោកក៏ជំរុញឲ្យកូនខ្មែរជំនាន់ក្រោយ ស្វែងយល់ពីប្រវត្តិសាស្ត្រប្រទេសជាតិរបស់ខ្លួន និងក៏ស្នើឲ្យអ្នកពាក់ព័ន្ធ ពិសេសសាលារាជធានីភ្នំពេញ ចងក្រងនូវប្រវត្តិផ្លូវ ឬទីតាំងនានាក្នុងរាជធានីភ្នំពេញ សម្រាប់ឲ្យអ្នកជំនាន់ក្រោយបានស្វែងយល់ ព្រោះលោកថា ក្នុងពេលបច្ចុប្បន្ន កន្លែងខ្លះមានតែឈ្មោះ តែស្លាកស្នាមចាស់សម្រាប់សម្គាល់ទីតាំងចាស់នោះមិនមានឡើយ៖ «ត្រូវ តែរួមចំណែកគ្នាចងក្រង បានប៉ុណ្ណាយកប៉ុណ្ណឹង ដើម្បីឲ្យកូនចៅខ្មែរយើងចងចាំ។ ឧទាហរណ៍មើលពេទ្យចិន ឥឡូវពេទ្យចិន នៅកន្លែងណា?អត់មានពេទ្យចិន ទេ។ អ៊ីចឹងយើងត្រូវដឹងថា កន្លែងណាមានពេទ្យចិន ឥឡូវឈ្មោះថាបឹងកេងកង ឥឡូវបាត់បឹងហើយហ្នឹង។ អ៊ីចឹងយើងគួរតែស្វែងយល់ ហើយចងក្រងតាមផ្នែកនីមួយៗ ដើម្បីឲ្យកូនខ្មែរដឹង វាគ្រាន់តែជាប្រវត្តិសាស្ត្រ»។
បើទោះជារាជធានីភ្នំពេញ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទ ពញាយ៉ាត តាំងឆ្នាំ១៤៣៤ ក្តី ប៉ុន្តែដោយសារប្រទេសមានសង្គ្រាមមិនឈប់ឈរ ព្រះមហាក្សត្រខ្មែរជំនាន់ក្រោយៗបានផ្លាស់ទីក្រុងពីកន្លែងមួយទៅ កន្លែងមួយ។ រហូតមកដល់ឆ្នាំ១៨៦៥ ក្នុងរាជ្យព្រះបាទនរោត្តម ទើបព្រះអង្គយាងមកតាំងរាជធានីនៅភ្នំពេញវិញ។ រាជធានីភ្នំពេញ ក៏បានវិវឌ្ឍន៍ចាប់តាំងពីពេលនោះមករហូតមកទល់សព្វថ្ងៃ។
ក្រោយពីកម្ពុជា ទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅឆ្នាំ១៩៥៣ អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ បានកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន មានផ្លូវថ្នល់ ស្ពាន សាលារៀន អគាររស់នៅរបស់ពលរដ្ឋ មន្ទីរពេទ្យ ក្រសួង សាកលវិទ្យាល័យ វិមានឯករាជ្យ រោងមហោស្រព និងពហុកីឡដ្ឋានជាតិ ជាដើម។ ដោយឡែកឈ្មោះផ្លូវភាគច្រើនដែលមានសព្វថ្ងៃ គឺបន្សល់ទុកតាំងពីសម័យនោះមក។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនបានដឹងពីប្រវត្តិផ្លូវកម្ពុជាក្រោម នេះទេ។ លោកថា សាលារាជធានីភ្នំពេញ ក៏ពុំមានកម្រងឯកសារស្ដីពីប្រវត្តិផ្លូវនានានៅក្នុងរាជធានី ភ្នំពេញនៅឡើយដែរ។
ចំណែកតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា លោក តាំង សារៈ ក៏មិនបានដឹងពីប្រវត្តិផ្លូវកម្ពុជាក្រោម នេះដែរ តែលោកគ្រាន់តែដឹងថា ផ្លូវនេះមានតាំងពីសម័យសម្ដេចព្រះនរោត្តម សីហនុ គ្រប់គ្រងប្រទេស ដែលនេះលោកចាត់ទុកថា ជាការយកចិត្តទុកដាក់របស់អតីតព្រះមហាក្សត្រខ្មែរចំពោះទឹកដី កម្ពុជាក្រោម៖ «ខ្ញុំសូមកោតសរសើរយ៉ាងក្រៃលែង ចំពោះព្រះករុណាជីវិតតម្កល់លើត្បូង ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គមានព្រះរាជតម្រិះខ្ពង់ខ្ពស់ និងត្រឹមត្រូវជាទីបំផុត ដែលបានយកឈ្មោះកម្ពុជាក្រោមមួយទាំងមូល យកមកប្រសិទ្ធិនាមវិថីមួយក្នុងរាជធានីភ្នំពេញ ហើយនិងផ្លូវមួយចំនួនទៀត ពិតមែនផ្លូវខ្លះមានទំហំតូច ហើយមានប្រវែងខ្លី ក៏ប៉ុន្តែជាភស្តុតាងមួយ ដើម្បីរំឭកនូវភូមិសាស្ត្រនៃខេត្តនានានៅក្នុងដែនដីកម្ពុជាក្រោម»។
កាលពីពេលសម្ដេចព្រះនរោត្តម សីហនុ ដឹកនាំប្រទេសកម្ពុជា ក្រៅពីប្រសិទ្ធិនាមឈ្មោះផ្លូវកម្ពុជាក្រោម នេះ ព្រះអង្គបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីពលរដ្ឋខ្មែរក្រោម ទាំងខ្មែរក្រោមឡើងមករស់នៅកម្ពុជា និងខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម។ ព្រះអង្គក៏ធ្លាប់យាងទៅកាន់ខេត្តឃ្លាំង នៅដែនដីកម្ពុជាក្រោម ដើម្បីធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ពុទ្ធសាសនបណ្ឌិត្យរងនៅទីនោះទៀតផង។
ក្រៅពីផ្លូវកម្ពុជាក្រោម ក៏មានផ្លូវក្នុងរាជធានីភ្នំពេញមួយចំនួនទៀតមានឈ្មោះដូចគ្នាទៅ នឹងឈ្មោះខេត្តមួយចំនួននៅដែនដីកម្ពុជាក្រោម ដូចជាផ្លូវក្រមួនស និងផ្លូវផ្សារដែក ជាដើម ប៉ុន្តែឈ្មោះខេត្តក្រមួនស និងខេត្តផ្សារដែក របស់ខ្មែរនៅដែនដីកម្ពុជាក្រោម នេះ ត្រូវបានរដ្ឋាភិបាលវៀតណាម ប្ដូរទៅជាខេត្តកៀង យ៉ាង (Kieng Giang) និងខេត្តសាដែក (Sa Dec) បាត់ ទៅហើយ។ ស្របពេលដែលរដ្ឋាភិបាលវៀតណាម កំពុងព្យាយាមលុបបំបាត់ឈ្មោះខេត្តខ្មែរនៅដែនដីកម្ពុជាក្រោម នៅក្នុងរាជធានីភ្នំពេញឯណេះវិញ គេឃើញមានផ្លូវថ្មីមួយឈ្មោះថា ផ្លូវហាណូយ (Hanoi) ដែលជាឈ្មោះរដ្ឋធានីរបស់ប្រទេស វៀតណាម បែរជាត្រូវបានមេដឹកនាំខ្មែរបច្ចុប្បន្ន យកមកដាក់ជំនួសឈ្មោះផ្លូវរបស់ខ្មែរទៅវិញ៕Author: សារព័ត៌មាន ព្រៃនគរ
No comments:
Post a Comment