ព្រះសង្ហារ
ឬ សញ្ញាជាតិ គឺជាត្រាប្រពៃណី និង ផ្លូវការសម្រាប់ព្រះចៅ ក្រុង
កម្ពុជាធិបតីគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ
និង អត្ថន័យដូចតទៅ៖
· ពន្លឺឆពណ្ណរង្សី
នៅពីលើ តំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ
ដែលទ្រង់គ្រប់គ្រងប្រជានុរាស្ត្រប្រកបដោយទសពិធរាជធម៌ និង
តំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។
· មកុដរាជ្យ តំណាងឲ្យមន្រ្តីរាជការ និង ប្រជារាស្រ្តទាំងអស់គាំទ្រ និង លើកស្ទួយព្រះមហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា។
· ព្រះខ័នរាជ្យ នៅក្រោមមកុដរាជ្យ តំណាងឲ្យអំណាចនៃអាវុធ ដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។
· សញ្ញា នៅពីលើព្រះខ័នរាជ្យ តំណាងឲ្យភាពនៃជោគជ័យ និង ការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។
· ជើងពាន
ទ្រព្រះខ័នរាជ្យ តំណាងឲ្យបល្ល័ងរាជ្យដែលជាអាសនៈ កិត្តិយស
និងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រ
ទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។
· រាជបល្ល័ង
តំណាងឲ្យព្រះមហាក្សត្រដែលជាទីសក្ការៈ
ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទាំងអស់នៅក្នុងព្រះនគរ
ពីព្រោះព្រះមហាក្សត្រទ្រង់បានគ្រប់គ្រងប្រទេសប្រកបដោយទសពិធរាជធម៌
ដែលជាប្រភពផ្តល់នូវថាមពលខាងស្មារតី និង
សម្ភារៈសម្រាប់ប្រទេសជាតិក្នុងការអភិវឌ្ឍន៍ និង និរន្តរភាព។
· ក្សេតឆ័ត្រទាំងពីរ (ឆ័ត្ររួត)
ដែលបានបាំងគ្របជាកិត្តិយសពីលើបល្ល័ង តំណាងឲ្យអំណាចព្រះមហាក្សត្រ
ព្រះមហាក្សត្រីយានី
និងការគ្រប់គ្រងរបស់ព្រះមហាក្សត្រក្នុងព្រះរាជវង្សនៃមហានគរខ្មែរ
ដែលព្រះអង្គជាអ្នកថែរក្សាប្រជារាស្ត្រ ហើយក៏តំណាងឲ្យភពទេវៈទាំងប្រាំបួន
ដែលមានទេវតាប្រកបដោយបារមី និង
ឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។
· រាជសីហ៍និងគុជសីហ៍ ឈរកាន់ក្សត្រឆ័ត្រទាំងពីរ
តំណាងឲ្យអំណាច និង មហិទ្ធឫទ្ធិនៅក្នុងរបបរាជាធិបតេយ្យកម្ពុជា និង
តំណាងឲ្យព្រះសុពណ៌បាទុកា (ទ្រនាប់ជើងមាស)
ទាំងពីរក្នុងចំនែកមួយនៃកេតនភណ្ឌទាំងប្រាំយ៉ាងសម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ
និង តំណាងឲ្យកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង។
· ពាក្យ “ព្រះចៅ ក្រុង កម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
រួមមកសញ្ញាជាតិ
មានអត្ថន័យបង្ហាញពីអំណាច និង
យុត្តិធម៌នៃអរិយធម៌ខ្មែរដែលមានការចូលរួមការពារពីកម្លាំងប្រជារាស្ត្រ
នៅជុំវិញរាជបល្ល័ងព្រះមហាក្សត្រ ព្រមទាំងបង្ហាញពីជំនឿ
និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ
ក្នុងការគោរពចំពោះព្រះមហាក្សត្រ។ លើសពីនេះទៅទៀតសញ្ញាជាតិ
មានសារៈសំខាន់ខ្លាំងណាស់ព្រោះបានបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា
ជាប្រទេសឬជាតិសាសន៍មួយ មានអត្តសញ្ញាណជាតិរបស់ខ្លួន និង មានអធិបតីយភាព
មិនចំនុះជាតិសាសន៍ណាមួយឡើយ៕
No comments:
Post a Comment