Friday, December 27, 2013

អ្វីទៅជាកំណាព្យ? សាស្រ្តាចារ្យកវីនិពន្ធ វ៉ែន សុន

អ្វីទៅជាកំណាព្យ?
v  អ្វីទៅជាកំណាព្យ?
១/ ដូចម្តេចដែលហៅថាកំណាព្យ?
ឆ/ កំណាព្យជាកម្រងពាក្យសម្តីដែលជាភាសាដួងចិត្តរបស់កវី ប្រកបដោយពាក្យចួនផ្ទួនរណ្តំ ទៅ​តាមក្រិតក្រមនៃបទនីមួយៗ។
២/ តើធាតុឬលក្ខណៈពិសេសនៅក្នុងកំណាព្យមានអ្វីខ្លះ?
ឆ/ ធាតុឬលក្ខណៈពិសេសក្នុងកំណាព្យមាន «​ ព្យាង/ ពាក្យ/ ឃ្លា និង ល្បះ »
៣/ តើកំណាព្យ និងពាក្យកាព្យដូចគ្នាឬទេ?
ឆ/ មិនដូចគ្នាទាំងស្រុងទេ។ ពីព្រោះ «កំណាព្យជាពាក្យចួនមានក្រិត្យក្រម ដែលជាភាសាដួងចិត្តរបស់កវី»។រីឯពាក្យកាព្យវិញ «ជាពាក្យចួនមានក្រិត្យក្រមដូចគ្នាប៉ុន្តែជាភាសាសំបកក្រៅ»
៤/ តើពាក្យកម្រងកែវ ដូចកំណាព្យឫទេ?
ឆ/ ពាក្យកម្រងកែវមិនដូចជាកំណាព្យទេ។ ពីព្រោះពាក្យកម្រងកែវចួនគ្មានក្រិត្យក្រម។
៥/ តើពាក្យចួនប្រជាប្រិយ ជាកំណាព្យឬក៏ជាកម្រងកែវ?
ឆ/ ពាក្យចួនប្រជាប្រិយ មិនមែនជាកំណាព្យទេ ហើយក៏មិនមែនជាពាក្យកម្រងកែវដែរ។ ពាក្យចួនប្រជាប្រិយមានពីរគឺៈ 1/ ជាពាក្យសុភាសិត។ ឧ.សំណាបយោងដី ស្រីយោងប្រុស។
                                    2/ ជាពាក្យបណ្តៅ។ ឧ. កេះដីវាយពោះ កេះឆ្អឹងជំនីស៊ី បបោស។
៦/ តើពាក្យក្មេងលេងបិទពួន ជាសុភាសិត ឬជាពាក្យបណ្តៅ?
ឆ/ ពាក្យក្មេងលេងបិទពួនមិនមែនជាសុភាសិត និងជាពាក្យបណ្តៅទេ។​ គឺជាពាក្យ « រាល »
ឧ. ត្រាយត្រក ត្រាយត្រេង ប៉ាក់កាអេងណាំនឿក នាងណាចាំទី ក្រឡុកគ្រលី ហូរខ្វាច់។
៧/ តើកំណាព្យខ្មែរកកើតតាំងពីពេលណាមក?
ឆ/ កកើតតាំងពីមុនព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាហូរចូលមកប្រទេសកម្ពុជា មកម្ល៉េះ គឺ  កកើតតាំងពីមុនគ្រឹះសករាជ។
៨/ តើកំណាព្យខ្មែរ កកើតមានប៉ុន្មានដំណាក់កាល?
ឆ/ ការកកើតកំណាព្យខ្មែរមាន៣ដំណាក់កាល គឺ «សម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយ អង្គរ»​
៩/ តើកំណាព្យដែលជាមូលដ្ឋានគ្រឹះ( បទដែលមិនទាន់បំបែក ) ក្នុងដំណាក់កាលនីមួយៗ មាន ប៉ុន្មានបទ?
ឆ/ កំណាព្យជាមូលដ្ឋានគ្រឹះ ទាំង៣ដំណាក់កាលរួមមាន:កំណាព្យមុនសម័យអង្គរមាន២បទគឺ «បទពាក្យ៤កើតក្នុងសម័យនគរភ្នំ និងបទបថ្យាវត្តកើតក្នុងសម័យចេនឡា »​ ។ កំណាព្យសម័យអង្គរមាន៥បទគឺ «បទកាកគតិ, បទព្រហ្មគីតិ, បទពំនោល, បទភុជង្គលីលា និងបទបន្ទោលកាក »។កំណាព្យក្រោយសម័យអង្គរមាន៧បទគឺៈ « បទពាក្យ៦កើតក្នុងសម័យ ឧដ្តុង្គ / លង្វែក។ រីឯបទ​     ពាក្យ៧, បទពាក្យ៨, បទពាក្យ៩, បទពាក្យ១០, បទពាក្យ១១ និងបទពាក្យ១២ កើតក្នុងសម័យ​     ចតុមុខ »។១០/ ហេតុដូចម្តេចបានជាយើងដឹងថាបទពាក្យ៤ កើតក្នុងសម័យនគរភ្នំ?ឆ/ យើងអាចដឹងបាន ដោយកវីរៀមច្បងយើង លោកស្រាវជ្រាវឃើញនៅក្នុងទំនុកចម្រៀងពីបទ​     ភ្លេងអារក្ស និងទំនុកចម្រៀងពីបទភ្លេងប្រពៃណី( ភ្លេងការ)។
១១/ បើដូច្នេះ តើទំនុកចម្រៀងបទ«ហោមរោង»ក្នុងវង់ភ្លេងប្រពៃណីជាកំណាព្យបទអ្វី?
ឆ/  គឺជាកំណាព្យបទពាក្យ៤។
១២/ តើកំណាព្យបទ« ឥន្ទ្រជិត ឬ ឥន្ទជិត » កើតក្នុងសម័យកាលណា?​
ឆ/ បទនេះខ្ញុំទើបនឹងស្រាវជ្រាវឃើញក្នុងឆ្នាំ២០០១ ពុំទាន់បានដឹងពីសម័យកាលទេ។
១៣/ តើការនិពន្ធកំណាព្យអាចយកសំឡេង«ឃោសៈ» ដាក់ឱ្យចួននឹង«អឃោសៈ»បានឬទេ?
ឆ/ មិនអាចដាក់ឱ្យចួនជាមួយគ្នាបានទេ។១៤/ តើកំំណាព្យខ្មែរយើងដែលជាប្រភេទកំណាព្យសម្រាប់និពន្ធទាំង៧៦បទនោះ នៅបាត់ កំណាព្យណាខ្លះ?
ឆ/ កំណាព្យទាំង៧៦បទនោះ យើងស្រាវជ្រាវឃើញ៧៤បទហើយ នៅបាត់២បទទៀតគឺៈ
​    « បទទន្សាយទីសទៀស និងមាន់ទឹកបណ្តើរកូន »
                                                                                                  ដោយ វ៉ែន សុន
                     ​អ្វីទៅដែលហៅថា កម្រងកែវ?
និយមន័យ៖
កម្រងកែវ = កម្រង + កែវ
កម្រង = ការចងក្រង ជាបាច់ ជាសំណុំ ជាសំណៅ ជាគម្ពីរ ជាក្បួនច្បាប់ ជាសៀវភៅ ជាតម្រា
កែវ = រតនវត្ថុ (វត្ថុដែលមាន តម្លៃមហាសាល) រតនរង្សី (ពន្លឺដ៏ មហាសាល) រតនគតិ (គំនិត ដែល មានពន្លឺ ភ្លឺថ្លា ពណ្ណរាយ ដូចពន្លឺ ពេជ្រ ពន្លឺសុរិយា ដ៏មហាសាល ឧត្តង្គឧត្តម វាស់តម្លៃមិនបាន)
កម្រងកែវ គឹជាអត្ថបទ អក្សរសិល្ប៍ ដែលគេសរសេរ ចងក្រង ពូតផ្តុំ នូវ គំនិត សតិប្រាជ្ញា ដ៏មានតម្លៃមហាសាល ទាំងឡាយ អោយទៅជា ក្បួនច្បាប់ ជាគម្ពីរ ជាសៀវភៅ សម្រាប់អោយ អ្នកអាន សិក្សា ពង្រីក គំនិត ពង្រឹងស្មារតី បណ្តុះប្រាជ្ញា អោយកាន់តែ ចាំងចែង ពណ្ណរាយ ប្រសើរ ឡើង ជាងមុន ជាលំដាប់។ នៅក្នុងអក្សរសិល្ប៍ខ្មែរ កម្រងកែវ ចែកចេញ ជាពីរសាខា គឺ កម្រងកែវសម្រាយ និងកម្រងកែវចុងចួន។
អំពីកម្រងកែវសម្រាយ៖
តើកម្រងកែវសម្រាយមានអ្វីខ្លះ?
កម្រងកែវសម្រាយ គឺជា សំណេរទាំងឡាយ ដែលពុំមាន ពាក្យពេចន៍ ចាប់ចុងចួន នឹងគ្នា នៅក្នុងសាច់អត្ថបទ ដូចជា ពាក្យស្លោក កំណត់ហេតុ ផ្សេងៗ សំណេររបាយការណ៍ អត្ថបទសិក្សា និក្ខេបបទ អត្ថបទពត៌មាន ទំនុកពំនោលសុន្ទរកថា ពំនោលសន្ទនា សម្រាប់ការសម្ភាសន៍ សំណេរ សាច់រឿងប្រលោមលោក សំណេរអត្ថបទទូទៅ សំណេរអំពី ប្រវត្តិសាស្រ្ត វប្បធម៌ ក្បួនច្បាប់ ការពន្យល់នានា សំបុត្រទាក់ទងការងារ ជាដើម។ នៅក្នុង កម្រងកែវសម្រាយ សំណេរនិពន្ធន៍ ទាំងឡាយ ពុំមាន ពាក្យ ពេចន៍ ចាប់ចុងចួន នឹងគ្នាអ្វីឡើយ គ្រាន់តែមានការសរសេរ ដែលនាំនូវ ភាពភ្លឺថ្លាពណ្ណរាយ ដល់គំនិត និងអារម្មណ៍ របស់អ្នកអាន ជាទូទៅ ទាំងឡាយ អាយបានទទួល នូវភាពភ្លឺស្វាង មានការចេះដឹង ជាងមុន មានកម្លាំងចិត្ត ជាងមុន មានក្តីសង្ឃឹមឡើងវិញ មានមោទនភាព និងមានទឹកចិត្ត ចងស្ទុះងើប ធ្វើការងារ ធ្វើអំពើល្អ ក្នុងជីវិត សាជាថ្មី លើសពេលណាៗ ទាំងអស់ ក្នុងជីវិត បន្ទាប់ពីគេ បានអាន បានយល់អត្ថន័យ របស់ កម្រងកែវទាំងនោះ។
អំពីកម្រងកែវចុងចួន៖
តើកម្រងកែវចុងចួន មានអ្វីខ្លះ?
១) ប្រស្នា៖ ជាផ្នែកមួយរបស់កម្រងកែវ មានចែកច្រើនសាខា គឺ បរិវារសព្ទ (ពាក្យគ្រលាត់គាស់) ពាក្យពោលដៅ (ពាក្យបណ្តៅ) ភាសិត ជាដើម។
២) កម្រងកែវ ទំនុកច្រៀង ឬ ទំនុកពំនោល ក្នុងចម្រៀង ឬ ល្ខោន ឬ ក្បាច់ពាក្យគ្រលាត់គាស់។ នៅក្នុងនេះ របៀបចាប់ចុងចួន របស់កម្រងកែវ មានច្រើនបែបដូចជា កម្រងកែពំនោល កម្រងកែវមាសមេត្រី កម្រងកែវមិត្តមេត្រី កម្រងគន្ថការមេត្រី ជាដើម។
៣) កាព្យ ទំនុកសូត្រ មានចែកជាច្រើនសាខាដូចជា៖
៣ក) កាព្យ ជា សិល្ប៍វិធីចាប់ចុងចួន ដោយក្បួនបុរាណ ៧៦បែប។
៣ខ) កំណាព្យ ជាលទ្ធផលសម្រចនៃការសរសេរចាប់ចុងចួន (អត្ថបទ) ដោយបង្ហាញគោលគំនិតអ្វីមួយ នៅក្នុងអត្ថបទសំណេរនោះ។
៣គ) ក្បាច់កាព្យ គឺជា រចនាបថផ្សេងៗ នៃសិល្ប៍ចាប់ចុងចួន អោយប្លែកៗ ដោយមានក្បាច់ដើម ៧៦បែប និងក្បាច់បំបែក ផ្គួប ជាច្រើនបន្ថែមទៀត។
៤) សូមកុំច្រឡំ ក្បាច់ កម្រងកែវទំនុកចួន (សម្រាប់ចម្រៀងនិងល្ខោនប្រជាប្រិយ៍) និង ក្បាច់កំណាព្យ (សម្រាប់ស្មូត្រអប់រំ ឬ ស្មូត្រនិទានរឿងបុរាណ) ព្រោះមានសិល្ប៍វិធី ដូចគ្នាខ្លះ ស្រដៀងគ្នាខ្លះ ខុសគ្នាខ្លះ យោងតាមក្បាច់និមួយៗ។ ការសរសេរទាំងឡាយ អាចចាត់ទុកបាន តាមកម្រិតកម្រងកែវ ច្រើនបែប ដូចជា ៖
១) បែបក្មេង (បែបកំប្លែងនិយាយមិនច្បាស់)
២) បែបកំប្លែងមនុស្សចាស់
៣) បែបភាសាគ្រលាស់ (ក្បាច់ញ៉ែងញ៉ង)
៤) បែបសន្ទនាប្រស្រ័យប្រចាំថ្ងៃ
៥) បែបចុងចួន (កំណាព្យ ចម្រៀង ឬពំនោលចួន)
៦) បែបសិក្សាអត្ថបទខ្លីៗ
៧) បែបពត៌មាន
៨) បែបស្រាវជ្រាវ ជាដើម។
កំណត់សំគាល់៖
កម្រងកែវអក្សរសិល្ប៍ទាំងមូល គេច្រើនហៅកាត់ថា កម្រងកែវឆ័ត្រធំ។
ចំណែកកម្រងកែវទំនុកចួនវិញ គេច្រើនហៅថា កម្រងកែវឆ័ត្រតូច។
រីឯកាព្យ និង កំណាព្យ គ្រាន់តែចំណែកភាគ មួយ របស់ កម្រងកែវខ្មែរដ៏ធំទូលាយនោះ តែប៉ុណ្ណោះ។
អំពីក្បាច់សរសេរ សម្រាប់កម្រងកែវ ទំនុកចួន ៖
១-ក្បាច់ឈូករីកកណ្តាលស្រះ ជាសំនៀងស្ទួន កណ្តាលឃ្លាមួយ ដូចជា ជា-នា ទៅ-នៅ ជ្រៅ-ផ្លូវ (ស្ទួនសៀង)។
ឧ. បងនឹកអូនណាស់ម្ចាស់ជីវិត នឹកគ្រានែបនិត្យផ្តិតឱរា អារម្មណ៍ចំបែងរែងខ្លោចផ្សា នឹកអនុស្សាចារជាប់ចិត្ត។
២-ក្បាច់ទទះស្ទួន ជា ពាក្យស្ទួនកណ្តាលឃ្លា ដូចជា ស្តី-ស្តី នៅ-នៅ បុប្ផា-បុប្ផា (ស្ទួនពាក្យ)។
៣- ក្បាច់ទទះស្លាប ជា សំនៀងស្ទួនរណ្តំព្យាង្គ ដូចជា ពាក្យថា រលើប រលោង រលេញ រលក រលាម (សៀងរណ្តំ រ-ល) (ស្ទួនរលកព្យាង្គ)។
៤- ក្បាច់ញ៉ែងញ៉ង ជាក្បាច់ចាប់ចួន បែបភាសាគ្រលាស់។
ក្បាច់បីបែប ខាងលើនេះ សំបូរប្រើ នៅក្នុងក្បាច់ចាប់ចុងចួន មនោសញ្ចេតនា សម្រាប់ការសរសេររឿង ដើម្បីផ្តោះផ្តងប្រយោគ រវាងបុរសស្ត្រី ឬ ដើម្បីបង្ហាញ នូវភាពរណ្តំ ក្នុងអារម្មណ៍ ដូចជា ភាពក្តុកក្តួល រន្ធត់ រំភើប ស្រើបស្រាល ភ័យតក់ស្លុត ជាដើម។
---------------------------------------------------------------------------------------------
យោបល់ចុងក្រោយ៖
កន្លងមក មានស្មេរនិពន្ធខ្លះ ចូលចិត្តសរសេរ តែមិនហ៊ានបង្ហាញស្នាដៃ អោយគេអាន ដោយខ្លាចមានការរិះគន់ថា ស្នាដៃរបស់ខ្លួន មិនចូលទៅក្នុងបែបបថ មូលដ្ឋានកាព្យបុរាណ។ ប៉ុន្តែបើយើងស្គាល់ច្បាស់ នូវមូលដ្ឋានកម្រងកែវ និងកំណាព្យ យើងអាចសរសេរបាន គ្រប់បែបបទ ដោយមិនខ្លាចការរិះគន់អ្វីឡើយ ព្រោះថា មិនថា យើងសរសេរក្បួនក្បាច់អ្វីទេ គឺលក្ខណៈនិមួយៗ របស់យើង អាចមានចំណាត់ចូលទៅក្នុង ក្បួនក្បាច់និពន្ធបុរាណ ណាមួយជានិច្ច។ អ្វីដែលអ្នកអាន យកកំណាព្យ ឬកម្រងកែវ ទៅគិត ទៅរៀនទៅសូត្រ នៅពេលគេអាន ចំណុចទីមួយ អ្នកអានទូទៅរមែង មានទម្លាប់អោយតម្លៃលើអត្ថន័យ អត្ថរសរបស់កាព្យមិនដែលរំលង។ លុះគេអានចប់អត្ថន័យហើយ ចំណុចទីពីរ អ្នកអានមួយចំនួនតូច នឹងពិនិត្យ អក្ខរាវិរុទ្ធ។ ចំណុចចុងក្រោយ អ្នកអានចំនួនតូចបំផុត នឹងពិនិត្យរបៀបចាប់ចួន ជាពិសេស អ្នកដែលបានរៀនក្បាច់កាព្យ។ ថ្វីបើយ៉ាងនេះក៏ដោយ ការសិក្សាត្រឹមក្បាច់កាព្យ តាមសៀវភៅមួយ មិនអាចកំណត់ក្តីបានថា យើងចេះគ្រប់ក្បាច់កាព្យ ឬ កម្រងកែវខ្មែរ គ្រប់សព្វនោះឡើយ។ នៅមានកន្លែងខ្លះ ដែលយើងនៅមានចន្លោះគ្រប់ៗគ្នា។ នៅកន្លែងចន្លោះនោះហើយ ដែលយើងគ្រប់គ្នា ជំនាន់ក្រោយ អាចបំពេញបាន ដោយ យកក្បាច់កម្រងកែវចាប់ចួន របស់ចាស់បុរាណ មកបំពេញ ដោយមិនបាច់មានការទើសទាល់់ក្នុងចិត្ត ឬ ក៏អាចបង្កើតក្បាច់ថ្មី ដាក់ឈ្មោះថ្មី ដើម្បីបង្ហាញនូវការរីកចម្រើន នៃស្នាដៃរបស់យើង ថែមទៀតក៏បាន ដោយពុំមានកំហុសឡើយ។ កត្តានេះ ធ្វើអោយកវីនិពន្ធទាំងឡាយ នឹងបានទទួលនូវភាពទូលំទូលាយ ក្នុងការបញ្ចេញគំនិត ស្មារតី បញ្ញា ឆន្ទ: របស់ខ្លួន ទៅតាមសមត្ថភាពអតិបរមា ក្នុងការសរសេរនិពន្ធ ដោយពុំមានខ្លាចរួញរានឹងបញ្ចេញ តទៅទៀត។ ហើយព្រមជាមួយគ្នានោះដែរ អ្នកអានក៏នឹងបានទទួលអាន នូវអត្ថបទផលគំនិតច្រើនម៉ូដ ច្រើនបែបប្លែកៗមិនលែងឡើយ។ នេះហើយដែលហៅថា ភាពរីកចម្រើនរុងរឿងឥតព្រំដែននៃបញ្ញា!! ចំណែកអ្នកអាន ដែលធ្វើបញ្ច្រាស សម្លឹងរបៀបចាប់ចួន ឬ សម្លឹងកំហុសអក្ខរាវិរុទ្ធ មុន រមែងមើលរំលងផុតគំនិត ដ៏មានតម្លៃ នៅក្នុងអត្ថបទរបស់យើងជានិច្ច ហើយមិនសូវបានស្រង់អត្ថរសគំនិត ពីសំណេរនោះ ពុំមានឡើយ។ ដូច្នេះ អ្នកអានណា ដែលអាចស្រង់គំនិត យកពីអត្ថបទរបស់យើងបានលឿនជាងគេ ជាអ្នកអាន ដែលទទួលនូវកំណើនបញ្ញាមុនគេ។ អ្នកសរសេរដែល ផ្ចង់លើការបង្ហាញគំនិត រមែងកើនបញ្ញាលឿន ដូច្នេះ ដូចគ្នាដែរ។ កាលបើគំនិតរបស់យើង មានជំរឿនរីកចម្រើនហើយ ការសិក្សាបង្កើនអក្ខរាវិរុទ្ធ និង របៀបចាប់ចួនពាក្យ ជាការងាយស្រួល នឹងរៀនសូត្រ ដើម្បីសម្រួលតាមក្រោយ អោយកាន់តែប្រសើរ ត្បិតការសិក្សាជាន់ខ្ពស់ គេសម្លឹងមើលគំនិតបញ្ញា របស់សិក្ខាជន មុននឹងអោយតម្លៃទៅលើ សំបកក្បាច់ចាប់ចួន និង អក្ខរាវិរុទ្ធ ព្រោះថា ក្បាច់ចាប់ចួន និង អក្ខរារិរុទ្ធ ជាសោភ័ណក្របក្រៅ ដែលជួយលំអ អោយគំនិត កាន់តែមានសោភ័ណថែមប៉ុណ្ណោះ។ បើមានគំនិតហើយ ការចាប់ពាក្យ មកសរសេរចួន ជាការងាយ។ ផ្ទុយទៅវិញ បើចេះរបៀបចាប់ចួនហើយ តែពុំមានគំនិត តើយើងនឹងឆ្លាក់សំណេរម្តេចនឹងចេញទៅខ្ញុំផ្ទាល់ ធ្លាប់សរសេរកំណាព្យ និង កម្រងកែវចាប់ចួន រកេតរកូត ពេញមួយជីវិតរបស់ខ្ញុំ ហើយក៏ទទួលការរិះគន់ ពីសំណាក់អ្នកអាន ក្មេងចាស់រាប់មិនអស់ដែរ។ ពេលគេរិះគន់ម្តង ខ្ញុំកែកុនសម្រួលម្តង។ លុះកែកុនយូរទៅ ខ្ញុំកាន់តែភ្លឺស្វាង ថែមគំនិត ថែមអក្ខរាវិរុទ្ធ ថែមការចាប់ចួន ម្តងបន្តិចៗ។ តមក ខ្ញុំនៅតែព្យាយាម ខំសរសេរ ខំបញ្ចេញគំនិត មិនឈប់ឈរ ថ្វីបើកំណាព្យ ទំនុកច្រៀង កម្រងកែវ របស់ខ្ញុំ មិនល្អគ្រប់ទាំងអស់។ ប៉ុន្តែ ច្រើនឆ្នាំកន្លងទៅ នៅក្នុងចំណោមនោះ មានស្នាដៃរកេតរកូតទាំងឡាយនោះជាច្រើន មានគេនិយម យកទៅប្រើប្រាស់ និង បោះពុម្ពសាជាថ្មីឡើងវិញ ដើម្បីចែកចាយទូទៅ តាមរយៈសារពត៌មាន ទស្សនាវត្តី ប្លុកផ្សេងៗ គេហ៌ទំព័រផ្សេង ឬ នៅក្នុងអត្ថបទសិក្សា នៅវិទ្យាល័យ មហាវិទ្យាល័យ ជាដើម ថ្វីបើស្នាដៃរបស់ខ្ញុំ មិនដែលបានទទួលពានមាស ឬ មេដាយមាស ក៏ដោយ។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី ខ្ញុំនៅតែទទួលបាន ពានពណ្ណរាយ ពេញមោទនភាព នៅពេលចុងក្រោយ ដដែល ថ្វីបើពាននោះ ពុំមានរូបរាង សម្រាប់អោយខ្ញុំកាន់បង្ហាញ។ ពានពណ្ណរាយនោះ គឺជា "ពន្លឺបញ្ញា" និង "កម្លាំងចិត្ត"ដែលអ្នកអាន និង ស្មេរ បានទទួលកំណើន គ្រប់ៗគ្នា បន្ទាប់ពីគេបានអាន បានសិក្សា និងបានពិចារណ៍ នូវអត្ថបទទាំងឡាយរបស់ខ្ញុំនោះឯង។ ព្រមជាមួយគ្នានេះដែរ បើសិនយើងក្រលេកបែរថយក្រោយ ទៅមើលស្នាដៃចាស់បុរាណ មានដូចជា ច្បាប់ក្រមង៉ុយ វិធូរបណ្ឌិត ច្បាប់ស្រី ច្បាប់ប្រុស ឬ បទចម្រៀងផ្សេងៗ យើងនឹងបានឃើញ នូវស្នាដៃទាំងនោះ ក្នុងលក្ខណៈប្លែកៗ ហើយពិរោះស្តាប់ មានអត្ថន័យ ធ្វើអោយញាតិប្រុសស្រី ច្រៀងតាមរំពងអឺងកង សប្បាយចិត្ត ថ្លាអារម្មណ៍ កើនបញ្ញាគ្រប់គ្នា ថ្វីបើការចាប់ចុងចួន នៅមានចន្លោះខ្វះខាត មានតាមលក្ខណៈកាព្យ តែនៅអាចរសាត់ចូលចំណាត់បែបផ្សេងៗទៀត នៃកម្រងកែវដដែល មិនមានខុសឆ្គង។ ហើយស្នាដៃទាំងនោះនៅតែមានតម្លៃចេរកាល ជានិរន្តន៍ ព្រោះមូលហេតុអត្ថន័យជ្រាលជ្រៅវាស់មិនបាននោះឯង។ ដូច្នេះ សូមកុំខ្លាចនឹងសរសេរ បញ្ចេញគំនិត បញ្ចេញបញ្ញា របស់យើង ដោយខ្លាចមានការរិះគន់ ពីសំណាក់អ្នកអាន ចំពោះខ្លួន។ ពិតមែនតែថ្ងៃនេះ យើងមិនបានទទួលពានរង្វាន់ មិនមែនបានន័យថា ស្នាដៃរបស់យើង គំនិតរបស់យើង ពុំមានតម្លៃ ហើយត្រូវចប់នៅថ្ងៃនេះទេ។ អោយតែមានការព្យាយាម ខិតខំសរសេរមិនឈប់ឈរ នៅក្នុងថ្ងៃណាមួយខាងមុខ យើងនឹងបានទទួលនូវ ការគាំទ្រជ្រោមជ្រែងពីអ្នកអានខ្លះៗ ទៅតាមនោះជាមិនខាន មិនថា ការសរសេរនោះ ខុសត្រូវអក្ខរាវិរុទ្ធខ្លះៗ ឬ ខុសប្លែករបៀបចាប់ចួន ក្បួនបែបណា ព្រោះនៅពេលនោះ គេនឹងអានគំនិត ហើយគេនឹងស្រង់គំនិត យកទៅពិចារណ៍ ដើម្បីបង្កើន ប្រយោជន៍សម្រាប់ជីវិតរបស់គេ យ៉ាងទូលំទូលាយ មិនខុសអ្វីឡើយ ពីតម្លៃប្រសើររបស់ផ្លែខ្នុរ ថ្វីបើសំបកមិនសូវស្អាត តែអ្នកស្រុកក៏នៅតែ កត់សំគាល់រសជាតិសាច់ខ្នុរនៅខាងក្នុង ហើយក៏ទទួលស្គាល់នូវ ទម្រង់សំបកខ្នុរ ទៅតាមលក្ខណៈរបស់ផ្លែ ទៅតាមនោះដែ        ​                                  អ្នកស្រី កែវច័ន្ទបូរណ៍

សិល្បៈប្រើវោហារបង្ហូរគំនិត
v ធម្មជាតិជាកវីនិពន្ធ
អ្នកប្រាជ្ញមិនមែនជាប្រាជ្ញ ដោយការនិយាយច្រើន តែប្រាជ្ញដោយសារគំនិតនិងការប្រព្រឹត្ត ប្រកប ដោយ សីលធម៌ គុណធម៌ និងការនាំនូវគតិបណ្តុះនូវគុណប្រយោជន៍ សម្រាប់មនុស្សផង ជាទូទៅ ដោយការប្រើពាក្យពេចន៍ ប្រពៃថ្លៃថ្នូរ មានន័យខ្លឹមសារ មានគំនិតនិងឆន្ទៈ ឧត្តុង្គឧត្តម មានសច្ចៈភាព សមរម្យតាមកាលៈទេសៈ មានន័យថា អ្នកប្រាជ្ញទាំងឡាយរមែងត្រិះរិះ គិតវែកញែក វិភាគល្អិតល្អន់ ច្បាស់លាស់ អំពីគុណសម្បត្តិនិងគុណវិបត្តិ ដែលជាផលនៃ ពាក្យពោលស្ដីរបស់ខ្លួន ទាំងឡាយ។ ដូច្នេះ យើងគប្បីជ្រើសរើស គំរូល្អរបស់លោកបែបខាងលើនេះ យកមកប្រើប្រាស់ ដើម្បីបង្កើន ថ្វីដៃនិពន្ធរបស់យើង អោយឈានចូល កម្រិតមួយ យ៉ាងខ្ពស់ត្រដែត គង់វង្សយូរអង្វែង។
ពូជពង្សសាវតារខ្មែរជាអ្នកសិល្បៈកាព្យឃ្លោង
បើសិនយើងនាំគ្នាសង្កេត អោយជាក់លាក់ទៅ យើងនឹងបានឃើញថា ស្មេរខ្មែរដ៏ល្បីល្បាញ ទាំងឡាយ ច្រើននិយមជ្រើសរើស ចងក្រងអក្សរសិល្ប៍ លក្ខណៈកម្រងកែវ បែប កំណាព្យ (ដូចជានៅក្នុងរឿង រាមកេរ្តិ៍ ក្រុងសុភមិត្រ ទុំទាវ ច្បាប់អប់រំ ច្បាប់ផ្សេងៗ) ចម្រៀង(ទំនុកច្រៀងមហោរី ប្រពៃណី ប្រជាប្រិយ និងសម័យ) និង ភាសិតផ្សេងៗ ជាដើម។ មូលហេតុចំបងដែលខ្មែរយើងមាន ទម្លាប់សរសេរ បែបកាព្យឃ្លោង គឺមកពីឥទ្ធិពលនៃ តន្ត្រីនិងសិល្បៈ បានដោតដាំ ក្នុងសន្ដាន របស់យើងតាំងពី បុរេកាលមក ដោយសារការយល់ឃើញ ជាប់ជានិច្ចថា ‍‌ជីវិតខ្មែរគឺជាសិល្បៈ សិល្បៈគឺជាជីវិតខ្មែរ។ ទស្សនៈនេះ បានញ៉ាំងអោយប្រទេសជាតិខ្មែរ ទទួលនូវការរីកដុះដាល ចម្រុងចម្រើន ច្រើនសម័យ កាល រាប់មិនអស់ រហូតធ្លាប់ត្រូវបានគេទទួលស្គាល់ ទូទាំងសកលលោកថា ជាអាណាចក្រមួយ ដែលប្រកបដោយវប្បធម៌ និង អរិយធម៌យ៉ាងខ្ពង់ខ្ពស់ ត្រកុំត្រកាល ទៀតផង។ ទន្ទឹមនឹងការរីក ចម្រើននេះ កម្រងកែវ ផ្នែកកំណាព្យកាព្យឃ្លោង ក៏បានក្លាយជា គោលចំបង នៃការនិពន្ធ អក្សរសិល្ប៍ ខ្មែរ ដែលអ្នកប្រាជ្ញបញ្ញវ័ន្ដ និងកវីរបស់យើង ជាច្រើនជំនាន់តមក និយម ជ្រើសយកមកធ្វើជាគោល ក្នុងការសរសេរ ផ្តិតគំនិតនិងឆន្ទៈរបស់ខ្លួន នៅក្នុងការណែនាំអ្នកអាន អោយបានទទួល នូវការ កំសាន្តផង ទទួលចំណេះចេះដឹងផង និងបណ្តុះស្មារតីជាតិនិយមផង ព្រមជាមួយគ្នាយ៉ាងពេញទំហឹង តែម្តង។ ដោយមូលហេតុនេះ ទើបយើងឃើញ សិល្បៈកំណាព្យ បានធ្វើដំណើរវិវដ្ត ជ្រួតជ្រាប ក្នុងជីវិតរបស់ខ្មែរ គ្រប់ស្រទាប់វណ្ណៈ រហូតមានជាប់ជាទំនៀមទម្លាប់ តរៀងដល់សព្វថ្ងៃនេះ ដូចជា ប្រភេទ សំនៀងតូរ្យតន្ត្រី ដែលគេច្រៀងប្រគំឡើង នៅពេល មានបុណ្យទាន ឬពិធីសំខាន់ៗ ដូចជា ពីធីមង្គលការ ពីធីឡើងផ្ទះ ពិធីបង្កក់កូនចៅ ពិធីឈាបនកិច្ច ជាដើម។
កវី ការគិត និង ការបង្ហូរគំនិត
កវីទាំងឡាយ ច្រើនផ្តល់ការវិភាគលំអិត ទៅលើអ្វីៗទាំងពួង ដែលទាក់ទិនទៅនឹងរឿងរ៉ាវក្នុងជីវិត របស់ខ្លួន ឬក្នុងសង្គម ត្បិតអី កវីជាប្រភេទអ្នកនិពន្ធដែលចូលចិត្តធ្វើការសង្កេត ពិនិត្យ ល្អិតល្អន់ ជាទីបំផុត។ មិនថានៅទីណា កន្លែងណា កវីតែងសម្លឹងរក លក្ខណៈប្លែកៗ ពិសេសៗ អស្ចារ្យ នៃអ្វីៗ ជុំវិញខ្លួនជានិច្ច ហើយចងក្រងនូវគំហើញផ្សេងៗរបស់គេ ទុកជាបទចម្រៀង ឬ ជាកំណាព្យផ្សេងៗ ដែលមានចុងចួនពិរោះរណ្ដំ តាមក្បួនខ្នាតនៃសិល្បៈកំណាព្យខ្មែរ។ កវីឆ្នើម ច្រើនមានទេពកោសល្យ ខ្ពស់ ក្នុងការប្រើប្រាស់ពាក្យពេចន៍ ពិរោះរណ្ដំ តាមលក្ខណៈអក្សរសិល្ប៍ ដើម្បីបង្ហាញនូវគំនិត និង អារម្មណ៍ផ្សេងៗ ដែលទាក់ទងទៅនឹងសោភ័ណជីវិត និងប្រយោជន៍ទាំងឡាយ ដែលនាំជីវិត អោយ កាន់តែថ្កុំថ្កើងរុងរឿង។ លក្ខណៈពិសេសនៃសំណេរកវី គឺផ្តោតទៅលើ គោលការណ៍ច្បាស់លាស់ មាន ចេតនាអ្វីមួយពិត ប្រាកដ ដែលធ្វើអោយអារម្មណ៍ អ្នកអានរំភើបរីករាយសប្បាយ និងទទួលភាព រមនានៅក្នុងចិត្ត ទើបស្នាដៃនិពន្ធនិមួយៗនោះ មានអត្ថន័យ រសខ្លឹមសារ ពណ្ណរាយ សម្រាប់កវី ខ្លួនឯងផង សម្រាប់អ្នកអានទាំងឡាយផង។ ស្នាដៃចងក្រងនិមួយៗ ជាប្រភពបែងចែកកវីនិពន្ធ អោយ មាន លក្ខណៈពិសេសៗ រៀងៗខ្លួន យោងទៅតាមគំនិត ប្រាជ្ញា និង ការបណ្ដុះ ភាពរីករាយ របស់កវី ចំពោះអ្នកអាន។ជាធម្មតា កវីច្រើនមានគោលបំណងក្នុងការចងក្រងអត្ថបទអក្សរសិល្ប៍ ដូចជា៖
១. និពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ ២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ ៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត ៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម

១. ការនិពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ
កវីដែលនិពន្ធសម្រាប់កំសាន្ដ ច្រើនរៀបរាប់ពីសម្ព័ន្ធចំណងដួងចិត្ត រវាងអ្នកនិពន្ធ និង ធម្មជាតិស្រស់ត្រកាល ពីសេចក្ដីស្រឡាញ់ ប្រតិព័ទ្ធភក្ដីភាព ឬ ពីអារម្មណ៍រំជើបរំជួល ជ្រួលក្នុងបេះដូង ដូចជា នៅក្នុងបទចម្រៀង ឬ កំណាព្យកាព្យឃ្លោងពិរោះរណ្ដំ ដើម្បីខាបអារម្មណ៍អ្នកស្ដាប់ អោយអណ្ដែត អណ្ដូង តាមរយៈសំនួនវោហារដ៏ផ្អែមល្ហែម របស់អ្នកនិពន្ធ។ កវីយើង និយមចងក្រងពីសោភ័ណ ធម្មជាតិ មានដូចជា ទឹកជ្រោះ ព្រឹក្សាលតាវល្លិ៍ ព្រៃភ្នំក្រំថ្ម ទឹករលកសមុទ្រ ជើងមេឃ ពពកខ្យល់ ម្រឹគីម្រឹគា បក្សីបក្សា មច្ឆា និង ភូមិករ។ល។ ទាំងនេះជាលក្ខណៈពិសេស ដែលកវីបញ្ចេញ ទឹកដមស្នាដៃបង្កអារម្មណ៍អ្នកអាន អោយយល់នូវភាពរមនា សប្បាយរីករាយ ក្សេមក្សាន្ដ នៅក្នុង ក្រអៅបេះដូង យ៉ាងជ្រាលជ្រៅបំផុត។
២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ
នៅក្នុងរឿងជីវិតជាទូទៅ មនុស្សយើងម្នាក់ៗ រមែងឆ្លងកាត់ហេតុការណ៍ច្រើនរាប់មិនអស់ ដែលជាបទពិសោធន៍ផ្ទាល់ខ្លួន ប្លែកៗ ផ្សេងៗគ្នា។ ជួនកាលកវីយើងខ្លះ មានត្រឹមតែបទពិសោធន៍ ផ្ទាល់ខ្លួននេះ សម្រាប់់បន្ធូរបន្ថយភាពតានតឹង ដែលមានក្នុងចិត្តរបស់ខ្លួន អោយបានធូស្រាល នៅពេល ដែលខ្លួនគេ កំពុងប្រឈមមុខនឹងអារម្មណ៍ណែនណាន់ តានតឹង ពិបាកអ្វីមួយ។ បទពិសោធន៍មិនល្អ បង្កអោយមានអារម្មណ៍មិនល្អ។ នេះជាហេតុនាំអោយកវីយើង មួយចំនួន និយមលើកយកតែ អារម្មណ៍ ហ្មួហ្មងរបស់ខ្លួន មកបញ្ចេញតាមរយៈទឹកខ្មៅចុងប៉ាកា ដែលជាហេតុបង្ក និង ជម្រុញអោយអ្នកអាន មានអារម្មណ៍ធុញថប់ តប់ប្រមល់ តាមអត្ថរសសំណេរអវិជ្ជមានរបស់កវី ដូចជា ការសរសេរ អំពីគំនុំសងសឹក លាយឡំនិង កំហឹងទោសៈស្អប់ខ្ពើម និន្ទារិះគន់ ច្រណែន ប្រទុស្តឫស្យា ការបន្ទាប បន្ថោកតម្លៃមនុស្សភាពរបស់ខ្លួន ឬ អ្នកដទៃ ជាដើម។ ប្រការនេះ ជាបញ្ហាដ៏ធំមួយនៅក្នុង សង្គមខ្មែរ បច្ចុប្បន្ននេះ ព្រោះថាការចងក្រងតាមលក្ខណៈអវិជ្ជមានបានបាក់ក្លាយជាផ្នត់គំនិត ចាក់ស្រែះ ក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ ហើយនៅមិនទាន់ឃើញមានការកែប្រែ អោយប្រសើរវិជ្ជមានច្រើន នៅ ឡើយទេ។ ដើម្បីកែប្រែទម្លាប់មិនល្អនេះ ស្មេរទាំងឡាយ គប្បីរក្សាសតិស្មារតីរបស់ខ្លួន អោយ មានលំនឹង និង រក្សាទឹកដមស្នាដៃ អោយឋិតនៅក្នុងភាពវិជ្ជមានជានិច្ច ជាពិសេសនៅពេលដែល ចងក្រងអត្ថបទ ដែលនឹងមានប្រិយភាពយូរលង់ចេរកាល នៅក្នុងប្រវត្តិអក្សរសិល្ប៍ខ្មែរ។ ស្មេរ ទាំងឡាយ គប្បីសិក្សា សម្រាំងយកក្បួនល្អៗ ពីកវីបណ្ឌិត និង អ្នកប្រាជ្ញខ្មែរ ដូចដែលយើងបាន រៀបរាប់ពីខាងដើម។ នៅពេលណាដែលស្មេរ ចងក្រងអត្ថបទ ដែលនាំមកនូវភាពរុងរឿង ថ្កុំថ្កើង ក្សេមក្សាន្ដ នោះសង្គមខ្មែរយើងនឹងបរិបូរណ៍ទៅដោយភាពវិជ្ជមាន មានវឌ្ឈនៈភាព និងសុខមាលភាព ក្នុងដួងចិត្តយ៉ាងពិតប្រាកដ។
៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត
សិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល់ មានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចំរើន របស់ សង្គមយើង ព្រោះថា គំនិតនិមួយៗ មិនដូចគ្នា ហើយអាចនាំប្រយោជន៍ដល់សង្គមយើង ប្រសើរៗ ផ្សេងៗគ្នាដែរ។ កវីនិពន្ធយើងមួយចំនួន បានស្គាល់ច្បាស់នូវតម្លៃនេះហើយ ក៏បានខំប្រឹងព្យាយាម យកក្បួនតែងកំណាព្យផ្សេងៗ មកប្រើប្រាស់ជាទបង្ហូរគំនិត ឆន្ទៈ និង ការពិសោធន៍ផ្ទាល់ខ្លួន ដើម្បី ដុះខាត់ នូវទេពកោសល្យរបស់ខ្លួន ដើម្បីពង្រីកនិងពង្រឹង ភាពរីកចម្រើនក្នុងផ្នែកអក្សរសិល្ប៍ខ្មែរផង ក្នុងការបណ្ដុះបណ្ដាល គំនិតពណ្ណរាយ របស់មនុស្សក្នុងសង្គមជាតិផង។ មតិយោបល់ ដែលមានតម្លៃបំផុត គឺជាមតិដែលនាំនូវសារៈប្រយោជន៍ប្លែកៗ យ៉ាងបរិបូណ៌ ដល់សង្គម ក្នុងគោល បំណង កែលំអអោយបានប្រសើរជាងមុន អោយមានភាពរីកចំរើន អោយមានការដុះដាល ទាំងប្រភព ធនធានមនុស្ស និង សង្គម ជាទូទៅ។ រីឯគំនិតល្អៗទាំងនោះវិញសោត ក៏អាស្រ័យទៅលើការ ដែលយើងអាចយកគំនិតនោះ ទៅអនុវត្តន៍ ប្រើប្រាស់បាន ដោយមានប្រសិទ្ធភាពជាក់ស្ដែង។ កវី ដែលមានគោលដៅបែបនេះ ច្រើនសរសេររៀបរាប់លើកយកហេតុផល គុណសម្បត្តិ មកបង្ហាញ ដើម្បី ជាឯកសារយោង គាំទ្រគំនិតយោបល់របស់ខ្លួន។ កាលបើអ្នកអានណាមួយ ប្រទះស្នាដៃ និង គំនិតជ្រៅជ្រះ បែបលក្ខណៈខាងលើនេះ គួរឆ្លៀតឱកាស ស្រង់គំនិតនិងមតិយោបល់ល្អៗ ទាំងឡាយ នោះ មកវិភាគពិចារណា អោយបានហ្មត់ចត់ មុននឹងយកទៅអនុវត្តន៍ ពិសោធន៍ អោយបាន ឃើញជាក់ច្បាស់។
៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម
ភ័ព្វសំណាងមួយរបស់ខ្មែរគឺ ប្រទេសយើងបរិបូណ៌ ទៅដោយអ្នកប្រាជ្ញ សឹងតែគ្រប់សម័យកាល គ្រប់ជំនាន់ ជាពិសេស អ្នកប្រាជ្ញដែលមានឆន្ទៈមុតមាំក្នុងការអប់រំ ណែនាំ កូនចៅ អោយទទួលនូវគំនិត និង ការទូន្មានល្អៗ ទៅអនុវត្តន៍បណ្ដុះបណ្ដាលភាពរីកចម្រើន និង សុភមង្គលក្នុងជីវិត។ ជាតិជាអ្នកប្រាជ្ញ រមែងប៉ិនប្រសប់ ក្នុងការស្វែងរកវិធីសាស្ដ្រផ្សេងៗ ដើម្បីអប់រំ ណែនាំ បង្ហាញផ្លូវ ក្នុងចំណោមនោះ មានការសរសេរចងក្រងគំនិតអប់រំ ជាកំណាព្យ ជាកម្រងកែវទំនុកចម្រៀង ជាភាសិតពិរោះៗ ជាពាក្យស្លោក ជាច្បាប់ទូន្មាន ជារឿងព្រេងនិទាន ជារឿងប្រលោមលោក ជាអត្ថបទសិក្សា ផ្សេងៗ។ល។កវីអ្នកប្រាជ្ញរបស់យើង និយមលើកយកសេចក្ដីល្អ ក្នុងសីលធម៌ និង គុណធម៌ ចាំបាច់សម្រាប់ការរស់នៅ ដោយសុខសន្តិភាព និង វឌ្ឍនៈភាព ដូចជា៖
- កំណត់សម្គាល់នូវសេចក្ដីល្អ និង វិន័យប្រចាំខ្លួន គឺ សីលធម៌
- កំណត់សម្គាល់នូវអំពើល្អ របស់មនុស្ស គឺ គុណធម៌
- ការសម្ដែងកតញ្ញូតា ចំពោះអំពើល្អ របស់បុគ្គល ដូចជាអ្នកមានគុណ គ្រូបាអាចារ្យ ជាដើម។
- កំណត់សម្គាល់នូវសេចក្ដីព្យាយាមរបស់មនុស្ស ដើម្បីជម្រុញ ពង្រឹងចិត្តកូនចៅ អោយខិតខំតស៊ូ បំពេញកិច្ចការ តាមមុខនាទី។
- ពង្រឹងស្មារតីទទួលខុសត្រូវ របស់កូនចៅ ដូចជាការផ្ដល់ឳវាទ អប់រំ រំលឹកដាស់តឿន កូនចៅ ឬ មនុស្សទាំងឡាយក្នុងសង្គម អោយប្រព្រឹត្តខ្លួនសមរម្យ ក្នុងការចិញ្ជឹមជីវិតដោយសុចរិត ដោយកម្លាំងសតិប្រាជ្ញា កម្លាំងកាយចិត្ត និងមានស្មារតី មនសិការ រក្សាការពារ ផ្ទះសម្បែង ទីលំនៅ បរិដ្ឋាន ញាតិមិត្រ ទ្រព្យសម្បត្តិ។ល។
- ពង្រីកសាមគ្គីភាព ដោយក្រើនរំលឹក អោយមនុស្សចេះសម្របសម្រួលខ្លួន ចិត្ត គំនិត រួម សហការ រវាងគ្នានឹងគ្នា ដើម្បីសម្រេចគោលការណ៍អ្វីមួយ ព្រមទាំងបង្ហាញ អោយមនុស្ស គ្រប់រូប បានឃើញបានយល់នូវសារៈប្រយោជន៍ និង កម្លាំងដ៏មុតមាំអស្ចារ្យនៃសាមគ្គីភាព។
- បណ្ដុះសុខមាលភាព គឺ ភាពកក់ក្ដៅក្នុងគ្រួសារ និង ពន្លាតឥទ្ធិពលនៃសុភមង្គលរបស់មនុស្ស ទៅលើសង្គមញាតិមិត្តជុំវិញខ្លួន និង សង្គមជាតិទាំងមូល។
- កំណត់សម្គាល់នូវសប្បុរសធម៌ យោគយល់ អធ្យាស្រ័យ របស់មនុស្សចំពោះមនុស្សដូចគ្នា គឺ ការលើកបង្ហាញនូវភាពប្រសើរ របស់បុគ្គលដែលមានទង្វើល្អ មានអនុគ្រោះ និង ការអត់ អោន រវាងគ្នានឹងគ្នា។
ក្នុងចំណោមចំនុចសំខាន់ៗខាងលើ យើងគប្បីផ្ដល់តម្លៃ និង ចំណាប់អារម្មណ៍ ខ្ពស់បំផុតទៅលើ ការនិពន្ធដើម្បីអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង ស្មារតីទទួលខុសត្រូវ។ សូមបញ្ជាក់ថា ការអប់រំដែលប្រសើរ ពុំមានការបង្គាប់បញ្ជា អោយអ្នកអានធ្វើអ្វីៗ តាមពាក្យបញ្ជា ដោយមិនទុកឱកាស អោយគេបានពិចារណា គ្រប់ជ្រុងជ្រោយនោះឡើយ។ ផ្ទុយទៅវិញ ការអប់រំល្អប្រសើរ រមែងជួយអោយអ្នក ទទួលនូវពន្លឺប្រាជ្ញា និង ភាពស្រស់ត្រកាលក្នុងជីវិត ប្រកបដោយក្ដីសង្ឃឹមក្នុងដួងចិត្ត និង ភាពវិជ្ជមាន នៅក្នុងគំនិតជានិច្ច ជាកាល។ ស្មេរអាចសម្រេចគោលបំណងធំនេះ ដោយប្រសិទ្ធបាន អាស្រ័យទៅលើទេពកោសល្យប្រើវោហារ បែបអ្នកប្រាជ្ញប៉ិនប្រសប់ ដើម្បីបញ្ចេញនូវគំនិតល្អៗ រាប់មិនអស់ សាបព្រោះក្នុងសង្គមខ្មែរ អោយរីកចម្រើនរុងរឿងនិរន្តន៍។សច្ចៈភាពជាជំហរ សីលធម៌បរិបូណ៌ នាំអភិរម្យ គុណធម៌ប្រពៃជាគោលធំ យុត្តិធម៌មុតមាំជាកំពូល វិន័យជាគន្លឺះ ភាពថ្លៃថ្នូរជាគ្រឹះ ខន្តីជាជំហរ អភ័យជាគ្រឿងលំអ ចិត្តបវរជាសរសរគំនិតអ្នកប្រាជ្ញ› ‍‍។ ដោយអ្នកនិពន្ធខ្មែរលោក នភ ហង្សផលា











No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks