Wednesday, May 29, 2019




កម្រងឯកសារត្រីវិស័យអ្នកប្រវត្តិសាស្រ្ត

កម្រងឯកសារពិសេស និពន្ធបាន ៤០ ភាគរយហើយ។ នឹងបញ្ចប់នៅឆ្នំា២០២០ ខាងមុខនេះ។ ជាកម្រងឯកសារត្រីវិស័យអ្នកប្រវត្តិសាស្រ្ត ប្រកបដោយគតិយុត្តិធម៌ ពោលពេញដោយមនសិការជាតិ។
និពន្ធដោយសិស្សចៅប្រវត្តិសាស្រ្តរបស់បណ្ឌិតសភាចារ្យ ស៊ន សំណាង
គឺលោក ផេង វិសុដ្ឋារ៉ាមុនី ដែលជាប្រធានក្រុមការងារស្រាវជ្រាវប្រវត្តិអតីតមេគណខេត្តកណ្តាល ពីឆ្នំា១៩៤០ ដល់ឆ្នំា២០២០
ឯកសារនេះគឺ ប្រមូលផ្តុំដោយគំនិតមាស ជាទស្សនៈ និងទ្រឹស្តីប្រវត្តិសាស្រ្ត ដែលប្រសូតចេញពី គតិបណ្ឌិត ប្រាជ្ញាញាណ និងចំណេះដឹងវិជ្ជាប្រវត្តិសង្គម របស់យុវកម្លោះ ផេង វិសុដ្ឋារ៉ាមុនី អតីតនិស្សិតបរិញ្ញាប័ត្រសង្គមវិទ្យា ឯកទេស ប្រវត្តិសាស្រ្តខ្មែរ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ ពីឆ្នំា២០១២ ដល់ឆ្នំា ២០១៦ ។ ល ។
សួស្តី! បងប្អូនរួមជាតិខ្មេរ និងខ្មែរកម្ពុជាក្រោម!!!
យុវកម្លោះ ផេង វិសុដ្ឋារ៉ាមុនី


អតីតមេគណខេត្តកណ្តាល ចំនួន ៦ ព្រះអង្គ ពីឆ្នំា១៩៤០ ដល់ឆ្នំា២០១៩ បច្ចុប្បន្ន

ពីឆ្នំា១៩៤០ ដល់ឆ្នំា២០១៩ បច្ចុប្បន្ន
យើងមានអតីតមេគណខេត្តកណ្តាល ចំនួន ៦ ព្រះអង្គហើយ
I- ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ព្រះមេគណខេត្តកណ្តាល
​​ ពីឆ្នំា១៩៤០ - ១៩៥២ (លាលែងពីតំណែងនៅឆ្នំា១៩៥២)
II- ព្រះមុនីកោសល្យ សោម ឈុន ព្រះមេគណខេត្តកណ្តាល
ពីឆ្នំា១៩៥២ - ១៩៥៩ (ព្រះអនិច្ចធម្មនៅឆ្នំា១៩៥៩)។
III- ព្រះមុនីកោសល្យ សូរ ហាយ ព្រះមេគណខេត្តកណ្តាល
ពីឆ្នំា១៩៥៩ - ១៩៧៥ សម័យប៉ុលពត ប្រមុខឃាតករខ្មែ
IV- ព្រះឃោសធម្ម ឡុង យ៉ុង ព្រះមេគណខេត្តកណ្តាល
អំឡុងទសវត្សរ៍ ១៩៩០ - ២០០១ ។
V- ព្រះវិមលវេទី យឿង យ៉ាត ព្រះមេគណខេត្តកណ្តាល
ពីឆ្នំា២០០១ - ២០១០ ។
VI- សម្តេចព្រះឧត្តមមុនិ ជា សំអាង ព្រះមេគណខេត្តកណ្តាល
ពីឆ្នំា២០១០ - បច្ចុប្បន្នកំពុងបន្ត.................។











ព្រះជីវប្រវត្តិ ព្រះមុនីកោសល សោម ឈុន (គ.ស.១៨៨៥ ដល់ គ.ស.១៩៥៩)

ព្រះជីវប្រវត្តិ
ព្រះមុនីកោសល សោម ឈុន (វិមលប្បញ្ញោ) អធិបតីរង
ក្រុមជំនុំព្រះត្រៃបិដក
ព្រះមេគណខេត្តកណ្តាល ពីឆ្នំា១៩៥២ ដល់ឆ្នំា១៩៥៩
បន្តតំណែងមេគណ បន្ទាប់ពីព្រះអរិយមគ្គញាណ ហាស់ ស៊ុក
អតីតមេគណចាស់ សុំលាលែងពីតំណែង។
(គ.ស.១៨៨៥ ដល់ គ.ស.១៩៥៩)
ព្រះតេជព្រះគុណ ព្រះមុនីកោសល សោម ឈុន វិមលប្ប ញ្ញោ ទីរាជាគណៈថ្នាក់ទោគណៈមហានិកាយ ជាអធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ជាព្រះមេគណខេត្តកណ្តាល និង ជាព្រះចៅអធិការវត្តនិរោធរង្សី កាលសម័យនោះវត្តនិរោធ ស្ថិតនៅក្នុងដែនដីស្រុកកៀនស្វាយ ខែត្រកណ្ដាល។
ប្រសូតនៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរកា សប្តស័ក ព.ស.២៤២៩ គ.ស.១៨៨៥ នៅភូមិវាលស្បូវ ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានបិតានាម សោម មាតានាម ម៉ុម។ បិតា ជាមន្ត្រីហ្លួង ក្នុងរជ្ជកាលនៃព្រះបាទ សម្តេច ព្រះនរោត្តម (ព្រះសុវណ្ណកោដ្ឋ) មានគោរម្យងារជា ឧកញ៉ាពិភក្តិបម្រុងក្សត្រិយ៍ សោម ។ អាយុបាន ១២ឆ្នាំ មាតាបិតាបាននាំកុមារ ឈុន ទៅសិក្សាអក្សរសាស្ត្រ នៅ វត្តនិរោធរង្សី ឃុំច្បារអំពៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងសំណាក់លោកគ្រូ ហាស់ កឹម ជាចៅអធិការ លុះអាយុ បាន១៥ឆ្នាំ កុមារ សោម ឈុន បានលាមាតាបិតាទៅបួស ជាសាមណេរ នៅវត្តនិរោធរង្សី ក្នុងសំណាក់លោកគ្រូចៅ អធិការ ហាស់ កឹម ជាព្រះឧបជ្ឈាយ៍ នៅគ.ស.១៩០០។ ក្រោយដែលបានបួសហើយ ៣វស្សា, សាមណេរអង្គនេះ សំគាល់ឃើញថា មាតាបិតាចាស់ជរាខ្លាំងក៏ដាច់ចិត្តសុំលា ចាកសិក្ខាបទមកបម្រើមាតាបិតាចាស់ជរាវិញ។ សឹកមក បានចំនួន២ឆ្នាំ អាយុគម្រប់ ២១ឆ្នាំ បណ្ឌិត សោម ឈុន ក៏បានចូលទៅសិក្សាអំពីបព្វជិតកិច្ចជាសិក្ខមានកុលបុត្រ គ្រប់៦ខែ ហើយនៅថ្ងៃសុក្រ ៦កើត ខែអាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៤៤៧ គ.ស.១៩០៥ កុលបុត្រ សោម ឈុន ក៏បានទទួលឧបសម្បទាជាភិក្ខុភាវៈក្នុងព័ទ្ធសីមាវត្ត និរោធរង្សី ដែលមានលោកគ្រូ ហាស់កឹម ជាព្រះឧបជ្ឈាយ៍ ព្រះធម្មវង្សា អ៊ុក(ពុទ្ធជោត) វត្តឧណ្ណាលោម ជាកម្មវាចារ្យ លោកគ្រូ កុយ កោះ (សុវណ្ណជោត) វត្តនិរោធរង្សី ជាអនុ ស្សាវនាចារ្យ បានទទួលនាមប្បញ្ញត្តិថា “វិមលប្បញ្ញោ”។
ភិក្ខុវិមលប្បញ្ញោ សោមឈុន បាននៅបម្រើព្រះឧបជ្ឈាយ៍ ចំនួន៣ឆ្នាំ ក៏លោកគ្រូចៅអធិការ ហាស់ កឹម សុគតទៅ លុះដល់ឆ្នាំទី៤ លោកគ្រូ កុយ កោះ ជាចៅអធិការបន្ត ក៏ បានឱ្យភិក្ខុ ឈុន ទៅសិក្សាព្រះបរិយត្តិធម៌នៅឯភ្នំពេញ ក្នុងសំណាក់លោកគ្រូ ព្រះធម្មវង្សា អ៊ុក (ពុទ្ធជោត) នៅ វត្តឧណ្ណាលោម។ កន្លងទៅបាន៣ឆ្នាំប៉ុណ្ណោះ ភិក្ខុវិមលប្ប ញ្ញោ សោម ឈុន ក៏បានចូលប្រឡងដេញមហាប្រយោគ ក្នុងវិហារព្រះកែវមរកត ព្រះរាជវាំង បានជាប់ទីជា មហា
បីប្រយោគ នៅក្នុងឆ្នាំដដែលនោះ គឺឆ្នាំ១៩១៤ ព្រះមហា សោម ឈុន បានទទួលសមណសក្តិ ទីព្រះគ្រូជា ព្រះបា ឡាត់ធម្មវង្សា អមព្រះធម្មវង្សា អ៊ុក ប៉ុន្តែគេច្រើនហៅលោក
ថា លោកគ្រូមហា ឈុន។ ទោះបីប្រឡងជាប់ជាទី មហា ដែលសម័យជាន់នោះចាត់ទុកជាសញ្ញាបត្រកម្រមួយខាង ភាសាបាលីក៏ដោយ ក៏ព្រះមហា សោមឈុន មិនព្រមផ្អាក ការសិក្សារៀនសូត្រទេ ដរាប ទាល់តែមានវិសិដ្ឋភាពជ្រៅ ជ្រះខាងព្រះពុទ្ធសាសនា បានជាពហុស្សូត អាចធ្វើជា សាស្ត្រាចារ្យបង្ហាត់បង្រៀនភាសាបាលីបានគ្រប់គ្រាន់។ សូមរំលឹកថាព្រះអង្គនេះ លោកជាធម្មកថិកជើងឯក១អង្គ ដ៏ល្បីព្រះនាមទូទាំងកម្ពុជរដ្ឋផងដែរ។ តំណក្រោយមក លោកគ្រូ ព្រះធម្មវង្សា អ៊ុក(ពុទ្ធជោត) សុគតទៅ ព្រះមហា ឈុន ក៏ឡើងនាទីជា មេកុដិជំនួសគ្រូរបស់ខ្លួនផ្ទាល់។ លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៣១ ព្រះគ្រូ កុយ កោះ ចៅអធិការវត្តនិរោធរង្សី ជាគ្រូផ្ទាល់ក៏ទទួលអនិច្ចធម្មទៅ ទៀត។ ឱកាសនោះក៏តម្រូវឱ្យលោកទទួលតំណែងនាទី
បន្តជាព្រះចៅអធិការវត្តនិរោធរង្សីដរាបមក។ បើសរុប
រយៈពេល ដែលលោកបានគង់នៅវត្តឧណ្ណាលោម រហូត ដល់ឆ្នាំ ដែលលោកនិមន្តត្រឡប់មកកាន់វត្តនិរោធរង្សីវិញ
អស់ថេរវេលា ៣៧ឆ្នាំ។
អំពីកិច្ចការសាងសង់បន្តរួមមាន
-រុះរើកុដិឈើចាស់ៗ មកស្ថាបនាក្នុងវត្ត ជាបន្ទាន់ឱ្យផុត ពីមាត់ជ្រាំងទន្លេរ នៅទីតាំងវត្តសព្វថ្ងៃនេះ។
-បានកសាងចេតិយធំមួយ (ខាងត្បូងទីនោះ) សម្រាប់ តំកល់ព្រះពុទ្ធរូប។
-សាលាបឋមសិក្សាមួយខ្នង ៣ បន្ទប់ ធ្វើពីស៊ីម៉ង់បេតុង អារម៉េ,...។ល។
អំពីតួនាទី និងសមណស័ក្តិ
គ.ស.១៩១៤ ប្រលងជាប់មហាបីប្រយោគ ជាព្រះមហា
គ.ស.១៩១៤ ឡើងនាទីជា ព្រះបាឡាត់ធម្មវង្សា
ក្នុងគ.ស.១៩៣១ បានទទួលតួនាទីជាសមាជិកក្រុមជំនុំ ព្រះត្រៃបិដក និងជួយផ្ទៀងផ្ទាត់ ធម្មវិន័យពីបាលីភាសា មកជាភាសាខ្មែរ ក្រោមព្រះរាជូបត្ថម្ភ នៃព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ មុនីវង្ស(ព្រះខត្តិយកោដ្ឋ) ព្រះចៅក្រុងកម្ពុជា ធិបតី។
គ.ស.១៩3១ ព្រះគ្រូ សោម ឈុន ឡើងជាព្រះចៅអធិការ វត្តនិរោធរង្សី ។
ពីគ.ស.១៩៣៦ មកដល់ គ.ស.១៩៤២ ជារៀងរាល់ឆ្នាំ
លោកគ្រូចៅអធិការ សោម ឈុន បានទទួលតំណែងជា អធិបតីមេប្រយោគ ក្នុងការប្រឡងចេញនៃសមណសិស្ស សាលាពុទ្ធិកបឋមសិក្សា ក្នុងខេត្តកណ្តាល។
នៅថ្ងៃទី០១ មករា ឆ្នាំ១៩៤០ ដោយព្រះរាជតម្រិះដ៏ជ្រាល
ជ្រៅនិងសេចក្តីប្រោសប្រាណខ្ពង់ខ្ពស់នៃព្រះបាទសម្តេច ព្រះស៊ីសុវត្ថិមុនីវង្ស(ព្រះខត្តិយកោដ្ឋ) ព្រះគ្រូ មហា សោម ឈុន ក៏បានឡើងសមណស័ក្តិទីជា ព្រះពុទ្ធវង្ស ដែលក្នុង ជំនាន់នោះជា ទីរាជាគណៈថ្នាក់ទោ តែម្តង។
គ.ស.១៩៤២ ព្រះពុទ្ធវង្ស សោម ឈុន បានទទួលមេដាយ មុនីសារាភរណៈក្រុងកម្ពុជា ពីព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះចៅក្រុមកម្ពុជាធិបតី។
គ.ស.១៩៥២ ព្រះពុទ្ធវង្ស សោម ឈុន បានទទួលតំណែង
ជាព្រះវិមលវេទី ព្រះមេគណខេត្តកណ្តាល។
គ.ស.១៩៥៣ ព្រះពុទ្ធវង្ស សោម ឈុន បានទទួលនូវ សមណស័ក្តិជា ព្រះមុនីកោសល ទីរាជាគណៈថ្នាក់ទោ។
គ.ស.១៩៥៣ ដដែល ដោយកិត្យានុភាពរបស់លោក ព្រះមុនីកោសល សោម ឈុន បានទទួលតំណែងនាទីជា អធិបតីរងក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
គ.ស.១៩៥៤ ព្រះមុនីកោសល សោម ឈុន បានទទួល បេសកកម្មទៅរួបរួមធ្វើឆដ្ឋ-សង្គាយនា នៅទីក្រុងរ៉ង្គួន សហភាពភូមា។
ស្នាព្រះហស្តដែលបាននិពន្ធ
១-កែវិញ្ញាសាព្រះត្រៃបិដក ក្នុងមុខងារជាក្រុមសង្គីតិកាចារ្យ
២-អរិយសច្ចកថា
៣-ពុទ្ធរតនកថា
៤-ហេតុដែលនាំឱ្យកើតមាឃបូជា ៘
៥-ស្នាដៃនិពន្ធជាច្រើនទៀត ចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជសុរិយា, ពន្លឺពុទ្ធចក្រ, មិត្តសាលាបាលី, ពុទ្ធិកសិក្សា ជាដើម។
អំពីអនិច្ចធម្ម
ព្រះតេជព្រះគុណ ព្រះមុនីកោសល សោម ឈុន (វិមល ប្បញ្ញោ) អធិបតីរងក្រុមជំនុំ ព្រះត្រៃបិដក ព្រះមេគណ ខេត្តកណ្តាល និងជាព្រះចៅអធិការវត្តនិរោធរង្សី បាន ទទួលអនិច្ចធម្ម នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ១៩៥៩ វេលាម៉ោង១០ និង៤៥ នាទីព្រឹក ក្នុងជន្មាយុគម្រប់៧៥ឆ្នាំ នៅវត្តនិរោធរង្សី សង្កាត់ច្បារអំពៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕
ក្រោយពីព្រះមុនីកោសល សោម ឈុន អនិច្ចធម្មទៅ ព្រះមុនីកោសល សូរ ហាយ ដែល ក្រោយមកឡើងជា ព្រះពោធិវ័ង្ស ដែលត្រូវជាសិស្សគណនៃព្រះមុនីកោសល សោម ឈុន ដែរនោះ ក៏បាននិមន្តពីវត្តឧណ្ណាលោម ឲ្យ
មកគង់ធ្វើជាចៅអធិការវត្តនិរោធរង្សី ដឹកនាំបន្តពីលោកគ្រូ តទៅរហូតដល់១៧ មេសា ១៩៧៥ ប្រទេសកើតសង្រ្គាម ឆាបឆេះ លោកក៏សុគត់បាត់បង់ ក្នុងសម័យខ្មៅ ងងឹត នោះទៅ។

ព្រះជីវប្រវត្តិ ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ( ១៨៨១ - ១៩៦៧?)




ព្រះជីវប្រវត្តិ ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ( ១៨៨១ - ១៩៦៧?)
អតីត ព្រះមេគណខេត្តខេត្តកណ្តាល ពីឆ្នំា១៩៤០ - ១៩៥២
អតីតព្រះរាជាគណៈថ្នាក់ចត្វា នៃប្រទេសកម្ពុជា ទសវត្សរ៍ ១៩៤០
- កុមារ ហាស់ ស៊ុក ប្រសូតនៅឆ្នំាមមីរ ព.ស.២៤២៥ គ.ស.១៨៨១ នៅភូមិព្រែកតាប្រាក់(តាលន់) ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល
(ចំពោះប្រវត្តិការសិក្សារៀនសូត្ររបស់ព្រះភិក្ខុ ហាស់ ស៊ុក អង្គនេះ គេមិនបានដឹងច្បាស់លាស់ឡើយ ព្រោះគ្មានឯកសារណាមួយមកបញ្ជាក់សរសេរពីរឿងនេះ។ ប៉ុន្តែគេគ្រាន់តែបានដឹងថា ព្រះភិក្ខុ ហាស់ ស៊ុក អង្គនេះគឺជា សហការីដ៏ជិតស្និទ្នមួយព្រះអង្គ ជាមួយនិង សម្តេចព្រះសង្ឃរាជថ្នាក់ទី ១ ជោត្តញាណោ ជួន ណាត ។
- លក្ខណៈសម្បត្តិរបស់ព្រះគ្រូ ហាស់ ស៊ុក (ពត៌មានដឹងពីចាស់ទុំក្នុងភូមិ ពិសេសឧបាសិកា សែ កិចប៉ាវ តែម្តង និងគណកម្មការវត្តទឹកវិល) បានបញ្ជាក់ថា « លោកតា ហាស់ ស៊ុក មានមាឌធំល្មម និងមានប្រាជ្ញាឈ្លាសវៃណាស់ក្នុងការដឹកនំា និងគ្រប់គ្រងវត្ត ប៉ុន្តែលោកមានចរិតកាចបន្តិច ឲ្យតែក្មេងៗណាមកលេងក្បែរមហាកុដិនំាឲ្យរំខាន់ដល់ព្រះអង្គ លោកតាក៏យករំពាត់ដេញវាយក្មេងទំាងនោះ ខ្លះត្រូវ ខ្លះខុស) តែលោកតាកាច ក្នុងលក្ខណៈចង់តម្រែតម្រង់ អប់រំ។
- នៅក្នុងឆ្នំា១៩២៣ ព្រះភិក្ខុ ហាស់ ស៊ុក ព្រះអង្គបានទទួលតំណែងព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី និងមានការឯកភាពពី សម្តេចព្រះធម្មលិខិតសិរីសង្ឃកិច្ច កែ អ៊ុក ព្រះសង្ឃនាយក ជា « ព្រះគ្រូចៅអធិការវត្តទឹកវិល (ហៅវត្តចុងកោះ) ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង​ ខេត្តកណ្តាល បន្តពីព្រះចៅអធិការវត្តទឹកវិល ព្រះនាម ជុំ សំ ដែលព្រះអង្គបាននិមន្តទទួលអនិច្ចធម្មទៅនៅឆ្នំា១៩២៣ នេះឯង។
- នៅអំឡុងទសវត្សរ៍ ១៩៣០ (ប្រហែល) ព្រះគ្រូចៅអធិការវត្តទឹកវិល ព្រះនាម ហាស់​ស៊ុក ព្រះអង្គបានទទួលការសព្វព្រះទ័យពី 
ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ជាមួយនិងសម្តេចព្រះមហាសុមេធាធិបតី ប្រាក់ ហ៊ិន ព្រះសង្ឃនាយកគណៈមហានិកាយជំនាន់នោះ តែងតំាងសមណស័ក្តិជា « ព្រះគ្រូសិរីវង្សា ហាស់ ស៊ុក » (ឯកសារប្រវត្តិសាស្រ្តខ្មែរ ឆ្នំា១៩៧៣ របស់លោកសាស្រ្តាចារ្យ ត្រឹង ងា )។
- នៅអំឡុងឆ្នំា១៩៣៨ ព្រះគ្រូសិរីវង្សា ហាស់ ស៊ុក ព្រះចៅអធិការវត្តទឹកវិល ព្រះអង្គត្រូវបានតែងតំាងក្នុងតំណែងជា « ព្រះមេគណខេត្តកណ្តាល ទទួលបន្ទុកគ្រប់គ្រង និងដឹកនំា មើលការខុសត្រូវ វត្ត និងព្រះសង្ឃខាងគណៈមហានិកាយទូទំាងខេត្តកណ្តាលទំាងមូល។ ចំពោះសាលាគណខេត្តកណ្តាល គឺស្ថិតនៅក្នុងបរិវេណ មហាកុដិ ផ្ទាល់របស់ព្រះចៅអធិការ ព្រះនាម ហាស់ ស៊ុក តែម្តង ដែលស្ថិតនៅក្នុងវត្តទឹកវិល (ចុងកោះ) ។(តាមការបញ្ជាក់ពីគណកម្មការ និងអាចារ្យវត្តទឹកវិល និងចាស់ទុំ ក្នុងភូមិស្វាយជួរបានប្រាប់ថា ៖ អតីតមហាកុដិ និងជាសាលាគណខេត្តកណ្តាល របស់ព្រះគ្រូសិរីវង្សា ហាស់ ស៊ុក គឺស្ថិតនៅជាប់និងរបងវត្តខាងត្បូង ត្រង់កន្លែងចេតិយមួយជួរ ខាងត្បូងក្លោងទ្វារចូលវត្តពីខាងត្បូងនិងបច្ចុប្បន្ន។
- នៅឆ្នំា១៩៤១ (ឯកសារបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ) បានសរសេរថា « ព្រះគ្រូសិរីវង្សា ហាស់ ស៊ុក បាននិពន្ធ(ចារ) កំណត់ត្រាព្រះរាជពង្សាវតារប្រទេសកម្ពុជា ឬព្រះរាជពង្សាវតារនគរក្រុងកម្ពុជាធិបតី ជាច្បាប់សត្រាស្លឹករឹត មានចំនួនសរុបទំាងអស់ ៣២ ខ្សែ ដែលបានរៀបរាប់អំពី « ការតំណាលប្រវត្តិសាស្រ្តខ្មែរតាមព្រេងនិទាន បន្តមកប្រវត្តិសាស្រ្តខ្មែរ តាមសិលាចារឹក​ ដលសតវត្សរ៍ទី ១៧ »។ 
ចំណែកឯសៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់សាស្រ្តាចារ្យ ត្រឹង ងា បោះពុម្ពនៅឆ្នំា១៩៧៣ វិញបានបញ្ជាក់ថា « ព្រះរាជពង្សាវតារប្រទេសកម្ពុជា សត្រាស្លឹករឹត ដែលមានចំនួន ៣២ ខ្សែ បានចារ ដោយ ព្រះគ្រូសិរីវង្សាមេគណ ហាស់ ស៊ុក ចាប់ពីផ្នែកតំណាលប្រវត្តិសាស្រ្ត(ភាគរឿងនិទាន) រហូតដល់ចុងរជ្ជកាលព្រះបាទអង្គច័ន្ទអ៊ីប្រាហ៊ីម នាសតវត្សរ៍ទី១៧ ។(ចំពោះឯកសារត្រឹង ងា ដែលបានសរសេរថា ព្រះគ្រូសិរីវង្សាមេគណ ហាស់ ស៊ុក យើងបានចាប់អារម្មណ៍ និងអាចសន្និដ្ឋានបញ្ជាក់ថា « ក្នុងតំណែងជា ព្រះមេគណខេត្តកណ្តាល នោះព្រះអង្គ ហាស់ ស៊ុក ប្រហែលជាគង់ក្នុងឋានៈជា ព្រះគ្រូសិរីវង្សា នៅឡើយដោយមិនទាន់បានតែងតំាងជា ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ព្រះរាជាគណៈថ្នាក់ចត្វា នៅឡើយទេមើលទៅ។
- នៅអំឡុងពាក់កណ្តាលទសវត្សរ៍១៩៤០(ការសន្និដ្ឋានអ្នកនិពន្ធ) ព្រះគ្រូសិរីវង្សា ហាស់ ស៊ុក ព្រះមេគណខេត្តកណ្តាល ព្រះអង្គត្រូវបានទទួលការតែងតំាងសមណស័ក្តិទី « ព្រះរាជាគណៈថ្នាក់ចត្វា នៃប្រទេសកម្ពុជា » មានគោរម្យងារថា « ព្រះអរិយមគ្គញាណ ហាស់ ស៊ុក » ដែលគង់ក្នុងតំណែងមុខនាទីជា « ព្រះមេគណខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តទឹកវិល ហៅវត្តចុងកោះ ដដែល » ។
- នៅឆ្នំា១៩៥២ ដោយមានការមមាញឹកក្នុងកិច្ចការងារផង ព្រះអង្គក៏សម្រេចចិត្តសុំលាលែងពីតំណែងជា«ព្រះមេគណខេត្តកណ្តាល»។ ដោយពេលនោះគណៈសង្ឃនាយកជំនាន់នោះក៏បានសម្រេចផ្តល់សេចក្តីទុកចិត្តប្រគេនចំពោះ « ព្រះមុនីកោសល្យ សោម ឈុន » ដែលគង់ជាព្រះចៅអធិការវត្តនិរោរង្សី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាព្រះអធិបតី រង នៃក្រុមជំនុំបកប្រែព្រះត្រៃបិតក ផងនោះ ឲ្យទទួលមុខនាទីជា « ព្រះមេគណខេត្តកណ្តាល » បន្តពីអតីតព្រះមេគណ ហាស់ ស៊ុក ដែលបានសុំលាលែងឈប់ពីមុខនាទី។ 
(ចំពោះជីវប្រវត្តិព្រះមុនីកោសល្យ សោម ឈុន សុំរកអានសៀវភៅ ប្រវត្តិក្រុមជំនុំបកប្រែព្រះត្រៃបិតក ស្រាវជ្រាវដោយលោក ស៊ិន សុវណ្ណនិ បោះពុម្ពផ្សាយនៅឆ្នំា២០១២)។
- បន្ទាប់ពីលាលែងសុំឈប់ពីតំណែងជា « មេគណខេត្តកណ្តាល » ពេលនោះ ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ព្រះអង្គបានកំពុងបន្តដឹកនំា និងគ្រប់គ្រងមើលការខុសត្រូវវត្តទឹកវិល ក្នុងតួនាទីជា ព្រះគ្រូចៅអធិការវត្ត ដដែល រហូតមកដល់ឆ្នំា១៩៦០ទើបព្រះអង្គ បានសម្រេចចិត្តចាកចេញ(សុំលាលែងពីនាទីចៅអធិការ) ពីវត្តទឹកវិលចុងកោះ ហើយបាននិមន្តទៅគង់នៅខេត្តបាត់ដំបង(ខេត្តបន្ទាយមានជ័យ ? ) ហើយព្រះអង្គបានដឹកនំាកសាងវត្តអារាម មួយទៀតនៅទោះ ហើយបានគង់ជាចៅអធិការវត្ត នៅវត្ត ដែលលោកបានកសាងនៅទីនោះរហូតដល់ព្រះអង្គបាននិមន្តទទួលអនិច្ចធម្មក្នុងឆ្នំា១៩៦៧(ប្រហែល) នៅទីនោះ។ (កិច្ចសម្ភាសន៍ពីលោក ងួន សឿន ប្រធានការិយាល័យធម្មការ និងសាសនាស្រុកស្អាង ដែលលោកជាប់ជាសាច់ញាត់ខាងប្រពន្ធ ជាមួយនិងព្រះអរិយមគ្គញាណ ហាស់ ស៊ុក )។
- ចំពោះវត្តទឹកវិលចុងកោះ បន្ទាប់ពីអវត្តមានរបស់ព្រះគ្រូចៅអធិការ ហាស់ ស៊ុក ពេលនោះគណកម្មការ អាចារ្យវត្ត បានរួបរួមមតិគ្នាជាមួយប្រជាខេមរៈពុទ្ធបរិស័ទចំណុះវត្តទឹកវិល នំាគ្នាទៅសុំនិមន្តព្រះសង្ឃមួយអង្គពីស្រុកស្រែ (ប្រហែលជាខេត្តតាកែវ) ឲ្យមកបំពេញតួនាទីជា « ព្រះចៅអធិការវត្ត ទឹកវិល ចុងកោះ » បន្តវេនពីអតីតចៅអធិការវត្ត ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ដែលបាននិមន្តចេញពីវត្ត។
- កំណត់សម្គាល់ ៖ ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ព្រះអង្គគឺជាអ្នកប្រាជ្ញខាងប្រវត្តិសាស្រ្តខ្មែរមួយព្រះអង្គដែលមានព្រះកិត្តិនាមល្បីល្បាញខ្លំាង លើស្នាដៃតាក់តែងសត្រាស្លឹករឹតជា ច្បាប់ព្រះរាជពង្សាវតារប្រទេសកម្ពុជា ឬព្រះរាជពង្សាវតារនគរក្រុងកម្ពុជាធិបតី ដែលមានចំនួន ៣២ ខ្សែ ដែលលោកចារ (និពន្ធ) ឡើងនៅក្នុងឆ្នំា១៩៤១ ដែលក្រោយមកនៅឆ្នំា១៩៦៩ លោក អេង សុត បានទៅចម្លងព្រះរាជពង្សាវតារ វត្តទឹកវិល ពីវត្តកំពង់ត្រឡាចក្រោម យកមកបោះពុម្ពផ្សាយ ក្រោមចំណងជើងថា​« ឯកសារមហាបុរសខ្មែរ » ដោយលោកអេង សុត មិនបានដឹងថា សត្រាស្លឹករឹត ដែលបានចម្លងបន្តទៅថែរក្សាទុកនៅវត្តកំពង់ត្រឡាចក្រោម នោះ គឺជាច្បាប់ព្រះរាជពង្សាវតារ ប្រទេសកម្ពុជា របស់វត្តទឹកវិល នោះទេ។ តាមឯកសាររបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានសរសេរថា ៖
« ព្រះរាជពង្សាវតារ វត្តទឹកវិល ត្រូវបានគេចម្លងចេញជា ពីរ ច្បាប់ ដោយមួយច្បាប់យកទៅថែរក្សាទុកនៅបណ្ណំាល័យឯវត្តកំពង់ត្រឡាចក្រោម ក្នុងទឹកដីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នំាង ។ ចំណែកមួយច្បាប់ទៀត ត្រូវបានគេយកមកថែរក្សាទុកនៅក្នុងបណ្ណាល័យ នៃព្រះបរមរាជវំាង នៃក្រុងភ្នំពេញ។ សូមអរព្រះគុណ និងអរគុណ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ 
ប្រភព ៖ ឯកសារ ប្រវត្តិវិទូ ត្រឹង ងា ឆ្នំា១៩៧៣ 
ឯកសារ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ
ឯកសារ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង
ឯកសារ បណ្ឌិតសភាចារ្យ ម៉ក់ ភឺន (ប្រវត្តិវិទូកម្ពុជា)
ឯកសារ បណ្ឌិតសភាចារ្យ ឃីង ហុកឌី (អក្សរសិល្ប៍វិទូ ខ្មែរ)

ស្រាវជ្រាវ និងរៀបរៀងដោយ « ផេង វិសុដ្ឋារ៉ាមុនី » 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks